• សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​ជនរងគ្រោះ​ដាក់​ភ័ស្តុតាង​បន្ថែម ករណី​បាញ់ប្រហារ​សកម្មជន​ដីធ្លី​

    • ថ្ងៃចេញផ្សាយ ២០-ឧសភា-២០១៤

    សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បង្គាប់​ឲ្យ​សកម្មជន​ដីធ្លី​បឹងកក់ និង​បុរី​កីឡា ពីរ​នាក់​ដែល​ដាក់ពាក្យ បណ្តឹង ដាក់​ភ័ស្តុតាង​បន្ថែម ករណី​ជន​មិន​ស្គាល់មុខ បាន​បាញ់ប្រហារ​ទៅលើ​រថយន្តក្រុង ដែល​ដឹក​ក្រុមមន្ត្រី​អង្គការ​សង្គម​ស៊ីវិល ព្រះសង្ឃ សហគមន៍​ដីធ្លី ពី​ខេត្តសៀមរាប មកដល់​គល់ស្ពាន​ជ្រោយ​ចង្វាយ​។​​កាលពី​ថ្ងៃទី​២២​ខែមីនា នៅ​ម៉ោង ៨​យប់ រថយន្ត​ដែល​ដឹក​សកម្មជន​ទាំងនោះ ចេញពី​ធ្វើបុណ្យ រំឭក​ខួប​ជម្លោះដីធ្លី​ស្រុក​ជីក្រែង ខេត្តសៀមរាប រង​ការបាញ់ប្រហារ​ពី​ជន​មិន​ស្គាល់មុខ នៅពេល​មកដល់​គល់ស្ពាន​ជ្រោយ​ចង្វាយ រាជធានី​ភ្នំពេញ​។​​សកម្មជន​ដីធ្លី​នៅ​បឹងកក់​អ្នកស្រី បូ ឆវី រៀបរាប់​នៅមុខ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា តុលាការ​បាន​ង្គា​ប់​ឲ្យ​ក្រុម អ្នកស្រី ស្វែងរក​ភ័ស្តុតាង​បន្ថែមទៀត ដើម្បី​ស្វែងរក​ចាប់​ជនល្មើស​។ ទោះជា​យ៉ាងណា​អ្នកស្រី មិនមាន​ជំនឿ​លើ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​ទេ ខណៈ​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ បានដាក់​ទៅជិត​៣​ខែ​ហើយ នៅតែ​មិនទាន់​ចាប់​ជនល្មើស​បាន «​តុលាការ​អត់​មាន​ឆន្ទៈ​នឹង​រក​យុត្តិធម៌ ចាប់​ជនដៃដល់ ជនល្មើស យកមក​ផ្តន្ទាទោស​តាមច្បាប់ គឺ​អត់​មាន​ឆន្ទៈ​តែម្តង​។ កន្លងមក មិនដែល​តុលាការ ឬ​កម្លាំង​សមត្ថកិច្ច​ណា​ចាប់​ជន​ល្មើ​ល ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់​ទេ ដូច​បឹងកក់​ខ្ញុំ​អ៊ីចឹង តវ៉ា ៧​ឆ្នាំ​ហើយ បែកក្បាល រលូត​កូន វ៉ៃ​បាក់ដៃ បាក់ជើង​គ្រប់សព្វ​បែបយ៉ាង ប៉ុន្តែ​ដាក់​បណ្តឹង បើ​នៅលើ​តុលាការ​ឡើងគរ​ដូច​ភ្នំ​ហើយ មាន​តុលាការ​ដោះស្រាយ​ឲ្យ​យើង​បាន​មួយ​ករណី​ណា​អត់​ទេ ខ្ញុំ​អត់​ជឿ​លើ​ប្រព័ន្ធតុលាការ​ហ្នឹង​ទេ​សព្វថ្ងៃនេះ​»​។​​ស្ត្រី​រងគ្រោះ​នៅ​បុរី​កីឡា អ្នកស្រី ឆាយ គឹម​ហ៊​ន ដែលជា​ដើមបណ្តឹង​ដែរនោះ និយាយថា​ចំពោះ​ពាក្យបណ្តឹង​របស់ខ្លួន មាន​ភស្តុតាង​គ្រប់គ្រាន់​ហើយ សម្រាប់​ដាក់​ទៅ​តុលាការ​ធ្វើការ​ស៊ើបអង្កេត និង​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់ «​ចំពោះ​ពួក​ខ្ញុំ​ទាំងអស់គ្នា គឺ​គិតថា ភស្តុតាង​ដែល​ពួកនាង​ខ្ញុំ​មាន គឺ​គ្រប់គ្រាន់​ហើយ​។ ដោយសារ​អ្វី​? ព្រោះ​នៅពេល​ជនដៃដល់ បាន​លើក​កាំភ្លើង​មក​បាញ់​ឡាន​ពួកនាង​ខ្ញុំ​ទាំងអស់ គឺមាន​ជ្រុះ​ស្រោម​កាំភ្លើង ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ បាន​បាញ់​ទៅលើ​កញ្ចក់​ឡាន ឡើង​ស្រាំ​ខ្លាំង​ទៀតផង ហើយ​នៅ​ក្នុងនោះ មាន​ពួកនាង​ខ្ញុំ​ដែលជា​សកម្មជន​ដីធ្លី​នោះ គឺមាន​បី​សហគមន៍ មិន​ត្រឹមតែ​ប៉ុណ្ណោះ មាន​ទាំង​សារព័ត៌មាន​ទាំង​ជាតិ និង​អន្តរជាតិ នៅក្នុង​ហ្នឹង​ទៀត​»​។​​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​តាមដាន​ករណីនេះ​មាន ប្រសាសន៍ថា ការដែល​តុលាការ​បង្គាប់​ឲ្យ​រក​ភ័ស្តុតាង​បន្ថែម​គ្រាន់តែ​ជា​លេស​ពន្យារពេល ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ ដែលជា​ពលរដ្ឋ​ក្រីក្រ​។ លោក​បន្តថា នេះ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ ហើយ​ដើមបណ្តឹង​បានដាក់​ភ័ស្តុតាង​រួចរាល់​ហើយ ដូច​ច្នេះ​កិច្ចការ​ក្រៅពីនោះ​គឺជា​តួនាទី​របស់​តុលាការ «​ជនរងគ្រោះ​ដែល​ជាដើម​បណ្តឹងរដ្ឋប្បវេនី ក្នុង​រឿង​ព្រហ្មទណ្ឌ គាត់​មាន​ប៉ុនណា គាត់​ដាក់​ទៅ​ប៉ុ​ណ្ណឺង ហើយ​សិទ្ធិ​នៃ​ការស្រាវជ្រាវ ជា​បន្ត ជា​កាតព្វកិច្ច របស់​ព្រះរាជអាជ្ញា ហើយ​និង​ប៉ូលីស មន្ត្រីនគរបាល​យុត្តិធម៌ ហើយ​អ្វីដែល​សំខាន់ តែ​បទល្មើស​កើតឡើង​ហើយ តួនាទី​របស់​ព្រះរាជអាជ្ញា គាត់​ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត​បឋម ដោយមាន​ប៉ូលីស មន្ត្រីនគរបាល​យុត្តិធម៌ ជា​សេនាធិការ ដើម្បី​ស្វែងរក​យុត្តិធម៌​ទៅដល់​ជនរងគ្រោះ​»​។​​ករណីនេះ ប្រជា​សហគមន៍​បឹងកក់ ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​ខណ្ឌដូនពេញ នៅ​ម៉ោង​ជិត​៩​យប់​នេះ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់ យកទៅ​ផ្តន្ទាទោស​តាមច្បាប់​។​​មុនពេល​មាន​ករណី​បាញ់ប្រហារ​នេះ សហគមន៍​ដែលមាន​ជម្លោះដីធ្លី បានចេញ​សេចក្តីថ្លែងការណ៍​រួម ដោយ​អំពាវនាវ​រួមគ្នា ឲ្យ​រដ្ឋាភិបាល ឈប់​យក​អាវុធ ជា​វិធានការ​ដោះស្រាយ​បញ្ហា ដើម្បី​ធានា​សិទ្ធិ​ពលរដ្ឋ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD)​ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤។