• អាដហុក​៖ មនុស្ស​៦០​នាក់ រង​ការចោទប្រកាន់ ចាប់ខ្លួន និង​ឃុំខ្លួន​ដោយសារ​វិវាទ​ដីធ្លី​នៅ​ដើមឆ្នាំ​២០១៤

    • ថ្ងៃចេញផ្សាយ ២៧-ឧសភា-២០១៤

    សមាគម​អាដហុក បង្ហាញថា ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៤​នេះ សកម្មជន​ដីធ្លី​ចំនួន ៦០​នាក់ រង​នូវ​ចោទប្រកាន់ និង​ចាប់ខ្លួន ក្នុងនោះ​សកម្មជន ១២​នាក់ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។​​របាយការណ៍ ស្តីពី ស្ថានភាព​ដីធ្លី​ក្នុងប្រទេស​កម្ពុជា​ឆ្នាំ​២០១៣ របស់​សមាគម​អាដហុក ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លើកឡើងថា ក្នុង​ត្រីមាស​ដើមឆ្នាំ​២០១៤​នេះ យ៉ាងហោចណាស់​មនុស្ស ៤៨​នាក់ ត្រូវបាន​គេ​ចោទប្រកាន់​និង​ចាប់ខ្លួន និង ១២​នាក់​ទៀត ត្រូវបាន​គេ​ដាក់​ក្នុង​ពន្ធនាគារ ទាក់ទង​នឹង​ជម្លោះដីធ្លី​។​​របាយការណ៍​ដដែល​ប​ន្ត​ថា ជនរងគ្រោះ​ដែល​ស្វែងរក​ដំណោះស្រាយ​តាមផ្លូវ​ច្បាប់ និង​តវ៉ា​ជំទាស់​នោះ ច្រើន​រង​នូវ​ការគំរាមកំហែង ធ្វើទុក្ខបុកម្នេញ ឬ​បង្ខំ​ឲ្យ​ទទួលយក​សំណង​មិនត្រូវ​តាម​ស្តង់ដារ ឬ​ត្រូវ​កាត់ទោស​តាមរយៈ​បទ​ព្រហ្មទណ្ឌ​មិន​សម​ហេតុផល ដែលជា​ទូទៅ​ភាគច្រើន រង​នូវ​ការចោទប្រកាន់ ពីបទ​ញុះញង់ បរិហារកេរ្តិ៍ ការបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ និង​ការផ្សាយ​ពត៌មាន​មិន​ពិតជា​ដើម​។​​សមាគម​អាដហុក បាន​រកឃើញ​ដែរ​ថា ក្នុង​ឆ្នាំ​២០១៣ ចំនួន​មនុស្ស​ដែល​ត្រូវបាន​រង​នូវ​ការចោទប្រកាន់ ចាប់ខ្លួន និង​ឃុំខ្លួន​ទាក់ទង​នឹង​ជម្លោះដីធ្លី​មាន​ចំនួន ១៧១​នាក់ ក្នុងនោះ មនុស្ស​ចំនួន ១០៩​នាក់ រង​នូវ​ការចោទប្រកាន់ ៤៣​នាក់​ត្រូវបាន​ចាប់ខ្លួន​និង​១៩​នាក់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​។ចំណែក​នៅ​ឆ្នាំ​២០១២​វិញ មនុស្ស​ដែល​ត្រូវបាន​ចាប់ខ្លួន​មាន​ចំនួន ២៣២​នាក់​៕ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD)​ចុះ​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤។