• CCIM នឹងដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​នៅ​សប្តាហ៍​ក្រោយ​ករណី​សន្តិសុខ​វាយ​អ្នកព័ត៌មាន​VOD

    • ថ្ងៃចេញផ្សាយ ២៧-ឧសភា-២០១៤

    ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា លោក នឹងដាក់​ពាក្យ​ប្តឹងទៅ តុលាការ​នៅ សប្តាហ៍​ក្រោយនេះ ពី​ករណី​កងសន្តិសុខ​វាយ​អ្នកយកព័ត៌មាន​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​(VOD) ម្នាក់​រងរបួស​ធ្ងន់​។​​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​លោក ណុប វី ឲ្យ​ដឹងថា ករណី​សន្តិសុខ​ខណ្ឌដូនពេញ វាយ​លើ​អ្នកយកព័ត៌មាន​VOD លោក ឡាយ សា​មាន ឲ្យ​រងរបួស កាលពី​ថ្ងៃទី​២ ខែឧសភា​នោះ មេធាវី​បានរៀបចំ​ភស្តុតាង​រួចរាល់ ហើយ​ពាក្យបណ្តឹង​នោះ នឹងដាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​សប្តាហ៍​ក្រោយ​។​​អ្នកយកព័ត៌មាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD លោក ឡាយ សា​មាន កំពុង​រង់ចាំ​ការវះកាត់ ឆ្អឹង​បាក់​នៅលើ​ថ្ពាល់​ក្រោម​ភ្នែក​ខាងស្តាំ​នៅក្រៅ​ប្រទេស ដែល​អាកា​រៈ​របស់លោក​បច្ចុប្បន្ន ស្ថិត​គឺ​នៅក្រោម​ការត្រួតពិនិត្យ ពី​សំណាក់​លោកគ្រូ​ពេទ្យ​ជំនាញ​។​​លោក ឡាយ សា​មាន ត្រូវបាន​ក្រុម​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ វាយ​ឲ្យ​របួស ខណៈ​លោក កំពុង​យក​ព័ត៌មាន​ពី​ហេតុការណ៍​បង្ក្រាប​របស់​អាជ្ញាធរ ទៅលើ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជួបជុំ​នៅក្បែរ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​២​ខែឧសភា​កន្លងទៅនេះ​៕