• សកម្មជន​សហជីព​ត្រូវ​តុលាការខេត្ត​សួរនាំ​នៅ​ថ្ងៃអាទិត្យ​នេះ​បន្ទាប់ពី​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​

    • ថ្ងៃចេញផ្សាយ ២៨-ឧសភា-២០១៤

    ចៅក្រម​សាលាដំបូង​ខេត្តតាកែវ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ បានចាប់ផ្តើម​សួរនាំ​សកម្មជន សហ ជីព​ចំនួន​៨​នាក់ មកពី​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​កាត់​ថា​ស៊ី​ខៅ​ឌូ ហើយ​។ ការសាកសួរ​នេះ​គឺ​អនុវត្ត​ទៅតាម​នីតិវិធីតុលាការ​បន្ទាប់ពី​សកម្មជន​ស​ហ​ជីព​ទាំងនេះ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២៣​ឧសភា កន្លងទៅនេះ​នៅតាម​កំណាត់​ផ្លូវ​មកពី​ខេត្តតាកែវ​។​ការចាប់ខ្លួន​សហជីព​ទាំងនេះ​បានធ្វើ​ឡើង​បន្ទាប់ពី​ពួកគេ​បាន​ចុះទៅ​ជួយ​តវ៉ា​កម្មករ​នៅ​រោងចក្រ ជេ​.​អេស​.​ឌី ស្ថិតនៅក្នុង​ខេត្តតាកែវ​ដើម្បី​ទទួលបាន​លក្ខខណ្ឌ​ការងារ​សមរម្យ​។​​បន្ទាប់ពី​ចាប់ខ្លួនបាន​ពីរ​ថ្ងៃ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តតាកែវ បានចាប់ផ្តើម​នីតិវីធី​របស់ខ្លួន​យ៉ាង​រួសរាន់​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៥​ឧសភា​នេះ ដោយ​រយៈ​ពេញ​មួយ​ព្រឹក​តុលាការ​បាន​សួរនាំ​សកម្មជន​សហជីព​បាន​ប្រមាណ​ជា​បីនាក់​ហើយ ក្នុងចំណោម​អ្នក​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ចំនួន​៨​នាក់​។​ពួកគេ​ត្រូវបាន​ចោទប្រកាន់​ចំនួន​៤​បទល្មើស​ទាក់ទង​ទៅនឹង​ការគាំទ្រ​ការតវ៉ា​របស់​កម្មករ​។​​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​(​ស៊ី​ខៅ​ឌូ​)​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរា​តិ RFI នៅ​ថ្ងៃអាទិត្យ​នេះ​ថា លោក​កំពុង​យកចិត្តទុកដាក់​តាមដាន​​នូវ​ការអនុវត្ត​នីតិវិធីរ​បស់​តុលាការ​ខេត្តតាកែវ និង​ស្នើសុំ​ដល់​ថៅកែ​រោងចក្រ ជេ​.​អេស​.​ឌី ឲ្យ​ដក​ពាក្យបណ្តឹង​ប្រឆាំង​សកម្មជន​សហជីព​ដោយ​ឥត​លក្ខខណ្ឌ​។​​សូមបញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ម្សិលមិញ មេដឹកនាំ​សហជីព​រូបនេះ​បាន​ស្នើសុំ​អន្តរាគមន៍​ពី​អ្នកបញ្ជា​រទិញ​ផលិតផល​កាត់ដេរ​ពី​ប្រទេស​កម្ពុជា​ឈ្មោះ Indertex ឲ្យ​ធ្វើការ​គាបសង្កត់​ទៅលើ​ថៅកែ​រោងចក្រ ជេ​.​អេស​.​ឌី ទាក់ទង​ទៅនឹង​ការ​ប្តឹងផ្តល់​អ្នក​សហជីព​ដែលមាន​តួនាទី​អនុវត្ត​ការងារ​របស់​ពួកគេ​តាមផ្លូវ​ច្បាប់​។​ក៏ប៉ុន្តែ​តាម លោក អាត់ ធន់​, ថៅកែ​រោងចក្រ​បាន​បដិសេធ​ជាមួយ​អ្នកបញ្ជា​ទិញ​ថា​មិនបាន​ប្តឹង​សកម្មជន​សហជីព​។​​ក៏ប៉ុន្តែ​បន្ទាប់ពី​បាន​តាមដាន​ការសាកសួរ​រយៈពេល​មួយ​ព្រឹក​មក លោក គឹម សុជាតិ មេធាវី​តំណាង​ឲ្យ​ជនសង្ស័យ​ទាំង​៨​នាក់ បាន​ស្រង់ពាក្យ​កូនក្តី​របស់លោក​ថា ពួកគេ​មិនបាន​ប្រព្រឹត្តិ​​ដូច​អ្វីដែល​តំណាង​អយ្យការ​ចោទប្រកាន់​នោះទេ ដោយហេតុថា​ពាក្យបណ្តឹង​របស់​ថៅកែ​រោងចក្រ​បានចេញ​កាលពី​ថ្ងៃទី​២២​ឧសភា ហើយ​សកម្មជន​ទាំង​៨​នាក់​ដែល​ទៅ​ពី​ភ្នំពេញ​មាន​វត្តមាន​នៅមុខ​រោង​ចក្រ​ខេត្តតាកែវ​នៅ​ថ្ងៃទី​២៣ ដែល​នោះ​ត្រូវ​លោក​ពិ​ព័ណ៌នា​ថា​ជាការ​គ្រោងទុក​មុន​របស់​ថៅកែ​រោងចក្រ ជេ​.​អេស​.​ឌី​។មន្ត្រី​សាលាដំបូង​ខេត្តតាកែវ មិនអាច​សុំ​ការពន្យល់​បានទេ​នៅថ្ងៃនេះ​។​​សូម​រំលឹក​ដែរ​ថា កម្មករ​កាត់ដេរ​រោងចក្រ ជេ​.​អេស​.​ឌី បាននាំគ្នា​ធ្វើ​កូដកម្ម​អស់​រយៈពេល​មួយខែ​មកហើយ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ប្រសើរឡើង​។ ក៏ប៉ុន្តែ​ការតវ៉ា​នោះ​មិន​ត្រូវបាន​ដោះស្រាយ​ឡើយ​។ ដោយមាន​សំណូមពរ​ពី​ក្រុមកម្មករ សកម្មជន​សហជីព ស៊ី​ខៅ​ឌូ បាន​ចុះទៅ​ជួយ​ទាមទារ​ជូន​កម្មករ ក៏ប៉ុន្តែ​ពួកគេ​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ ហើយ​បញ្ជូនទៅ​ឃុំឃាំង​នៅ​ស្នងការ​ប៉ូលីស​ខេត្ត​៕ ដកស្រង់ចេញពីវិទ្យុបារាំង (RFI) ចុះថ្ងៃទី២៥​ ខែឧសភា ឆ្នាំ២០១៤។