• អាជ្ញាធរ​រារាំង​កម្មករ​រោងចក្រ​អូ​សេ​អង់ មិន​ឲ្យ​ហែ​ក្បួន​ទៅ​ក្រសួង​ការងារ រង់ចាំ​ដំណោះស្រាយ​

    • ថ្ងៃចេញផ្សាយ ៣-មិថុនា-២០១៤

    ​អាជ្ញាធរ​រាជធានី​ភ្នំពេញ រារាំង​កម្មករ​រោងចក្រ​កាត់ដេរ​អូ​សេ​អង់ ដែល​គ្រោង​ហែ​ក្បួន​ទៅ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ស្វែងរក​អន្ដរាគមន៍ ករណី​ដែល​រោងចក្រ ព្យួរការងារ​កម្មករ​ដោយ​មិន​ជូនដំណឹង​ជាមុន​។​​នៅ​ម៉ោង​ជិត​៨​ព្រឹក ថ្ងៃ​អង្គារ​នេះ កម្មករ​រោងចក្រ​អូ​សេ​អង់​ជាង​១០០០​នាក់ បាននាំគ្នា​ហែ​ក្បួន​ពី​រោងចក្រ​របស់​ពួកគេ​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ ឆ្ពោះទៅកាន់​ក្រសួង​ការងារ ប៉ុន្តែ​ក្បួន​នោះ ត្រូវបាន​អាជ្ញាធរ និង​ក្រុម​សន្តិសុខ​ខណ្ឌ​ប្រមាណ​៦០​នាក់ រារាំង​ត្រង់​ផ្លូវបំបែក​ក្បែរ​រោងចក្រ និង​ប្រាប់​ឲ្យ​កម្មករ​ត្រឡប់​ទៅកាន់​រោងចក្រ​វិញ រង់ចាំ​កិច្ចចរចា​រក​ដំណោះស្រាយ ដែល​នឹង​ធ្វើឡើង​នៅថ្ងៃនេះ​។​​តំណាង​កម្មករ និង​ជា​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​អូ​សេ​អង់ លោក ឆេង ឈាន់ ឲ្យ​ដឹងថា កូដកម្ម​នេះ​បាន​ធ្វើឡើង​ជិត​១០​ថ្ងៃ​មកហើយ បន្ទាប់ពី​ភាគី​រោងចក្រ​ព្យួរការងារ​របស់​កម្ម​ករ​ដោយ​មិនបាន​ជូនដំណឹង មុន​នោះ​។ លោក​បន្តថា ការដែល​កម្មករ​សម្រេច​ហែ​ក្បួន​ទៅ​ក្រសួង​ការងារ​នេះ គឺ​ដោយសារតែ​កិច្ចចរចា​រវាង​កម្មក​រ និង​រោងចក្រ ពាក់ព័ន្ធ​នឹង​ប្រាប់​ឈ្នួល កំឡុងពេល​ព្យួរការងារ​រយៈពេល​១​ខែ ចំនួន​ពីរលើក​មកហើយ មិនមាន​ដំណោះស្រាយ​សមស្រប​តាម​កា​រ​ទាមទារ​របស់​កម្ម​ករ «​តាមពិត ជាក់ស្តែង យើង​អត់​បានដឹងថា​ជា មូលហេតុ​បិទ​នោះ​ដោយសារ​អ្វី​ទេ ជានិច្ច​ជា​កាល​រោងចក្រ​នោះ តែងតែ​សំបូរ​ការងារ​ធ្វើ ប៉ុន្តែ​រហូតមកទល់​ពេល​យើង​អត់​ដឹង​មកពី​មូលហេតុ​ច្បាស់​ទេ រឿង​ផ្ទៃក្នុង​របស់គេ បើសិនជា​ធ្វើការ​ចរចា​ថ្ងៃនេះ អត់​ទាន់​បានទទួល​លទ្ធផល​ជូន​កម្មករ ដូច​អ្វីដែល​កម្មករ​ចង់​បានទេ គាត់​នៅតែ​បន្តធ្វើ​កូដកម្ម​។​»​ខណៈដែល​មានការ​រារាំង​នេះ កម្មករ​បាន​ប្រមូលផ្តុំ​នៅមុខ​រោងចក្រ និង​បន្ត​ឈរ​តវ៉ា ដោយ​កាន់​បដា​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​ពីរ​ចំណុច គឺ​ទី​១-​ផ្តល់ប្រាក់​ឈ្នួល​១០០% ក្នុងកំឡុងពេល​ក្រុមហ៊ុន​ព្យួរការងារ​រយ​:​ពេល​១​ខែ ចាប់ពី​ថ្ងៃទី​២៦ ខែឧសភា ដល់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៤ និង​ទី​២- ក្រុមហ៊ុន​ត្រូវ​សងលុយ​ដល់​កម្មករ​វិញ ចំពោះ​កម្មករ​ដែល​ក្រុមហ៊ុន​បើក​ជូន​មិនបាន​ត្រឹមត្រូវ​។​​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ដែល​ចូលរួម​សម្របសម្រួល​បញ្ហា​នេះ ឲ្យ​ដឹង​ដែរ​ថា ការផ្ទុះ​ការតវ៉ា​ហែ​ក្បួន​នេះ គឺ​ដោយសារតែ​កម្មករ ទ្រាំ​មិនបាន ចំពោះ​ដំណោះស្រាយ​របស់​ភាគី​រោងចក្រ ដែល​ព្រម​ផ្តល់ប្រាក់​ត្រឹម​១៥​ដុល្លារ​ប៉ុណ្ណោះ ដល់​កម្មករ​គ្រប់គ្នា​ដែល​ត្រូវ​ព្យួរការងារ រយៈពេល​មួយខែ នាំ​ឲ្យ​ពួកគេ​ប្រឈម​នឹង​បញ្ហា​ចំណាយ​ប្រចាំថ្ងៃ​។ លោក​យល់ថា ការដែល​ក្រុមហ៊ុន​មិនបាន​ជូនដំណឹង​ជាមុន​នេះ គឺ​ខុស​នឹង​ច្បាប់​ការងារ​ទាំងស្រុង «​ជាក់ស្តែង ដូចជា​រឿង Ocean នេះ​យើង​ឃើញថា អ្វីដែល​បងប្អូន​កម្មក​រ​ធ្វើការ​ទាមទារ គឺ​មិនមាន​អ្វី​ផ្ទុយ​ពី​ច្បាប់ គឺ​ស្របទៅតាម​ផ្លូវច្បាប់ អញ្ចឹង​មានន័យ កាតព្វកិច្ច​របស់គាត់ (​ខាង​រោងចក្រ​) ត្រូវ​បង់ប្រាក់​ឈ្នួល​ជូន​កម្មករ​ទាំងស្រុង ក្នុងអំឡុង​ពេលដែល​គាត់ ព្យួរការងារ​ដោយ​ផ្ទុយ​ពី​ច្បាប់ ដូច្នេះហើយ ប្រសិនបើ​គាត់​រត់ មានន័យថា គាត់​បោះបង់​កាតព្វកិច្ច​របស់​គាត់ បោះបង់​ការទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ ដូច្នេះ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ការងារ ត្រូវមាន​វិធានការ​ចំពោះ​រោងចក្រ អ្នកឯង​រត់​ទៅណា រត់​មិន​សំខាន់ សំខាន់​ទូទាត់​សំណង​ជូន​កម្មករ ១០០​ភាគរយ​សិន​។​»VOD នៅ​មិនទាន់​អាចទាក់ទង​ខាង​ភាគី​រោងចក្រ Ocean Garment ដើម្បី​បំភ្លឺ​បាន​នៅឡើយ​ទេ​យ៉ាងណាក៏ដោយ នៅ​ព្រឹក​នេះ គណៈកម្មការ​ដោះស្រាយ​បាតុកម្ម និង​កូដកម្ម​របស់​ក្រសួង​ការងារ ដឹកនាំ​ដោយ​លោក វង្ស សុវណ្ណបាន​បើក​កិច្ចចរចា​ជាមួយ​តំណាង​សហជីព​កម្មករ និង​ភាគី​រោងចក្រ លើ​ចំណុច​មិនទាន់​សះជា​នេះ តែ​មិនទាន់មាន​លទ្ធផល​នៅឡើយ​ទេ​រហូតដល់​ម៉ោង​ជិត ១២​ថ្ងៃ​ត្រង់នេះ​។​​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​អូ​សេ​អង់ (Ocean Garment) ដែល​ស្ថិតនៅ​ភូម​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រមាណ​១៥០០​នាក់ បានធ្វើ​កូដកម្ម​នៅមុខ​រោងចក្រ តាំងពី​ថ្ងៃទី​២៣ ខែឧសភា​មក ក្រោយ​ពេលដែល​ភាគី​រោងចក្រ​បានប្រកាស​ព្យួរការងារ ដោយសារ​គ្មាន​អ្នកបញ្ជា​ទិញ​៕ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤។