• CCHR ស្វាគមន៍​ការដោះលែង​អ្នក​ទាំង​២៥ តែ​ថោ្ក​ល​ទោស​ចំពោះ​ការផ្តន្ទាទោស​

    • ថ្ងៃចេញផ្សាយ ៣-មិថុនា-២០១៤

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) នៅ​ថ្ងៃ​សុក្រ​នេះ​ថ្កោលទោស​ចំពោះ​ការផ្តន្ទាទោស​លើ​លោក វន់ ពៅ និង​មនុស្ស​២៤​នាក់​ផ្សេងទៀត ដោយ​លើកឡើងថា​តុលាការ​កង្វះ​ភ័ស្តុតាង​ក្នុងការ​ដាក់ទោស​អ្នក​ទាំង​២៥​។​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ សម្រេច​ដោះលែង​លោក វន់ ពៅ និង​អ្នក​ទាំង​២២​ផ្សេងទៀត​ដែល​បាន​ជាប់ពន្ធនាគារ​ជិត​៥​ខែ​មកហើយ តាមរយៈ​ការ​កាត់​តម្រឹម​ទោស​ត្រឹម​ថ្ងៃទី​៣០​ខែឧសភា​នេះ​។ តុលាការ ក៏​ប្រកាស​ព្យួរទោស​យុវជន​ពីរ​នាក់​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​។​​សេចក្តីប្រកាស​របស់ CCHR ឲ្យ​ដឹងថា មជ្ឈមណ្ឌល​ស្វាគមន៍​ចំពោះ​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ដោះលែង​អ្នក​ទាំង​២៥ តាមរយៈ​ការព្យួរទោស តែ​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​សេចក្តីសម្រេច​របស់​ចៅក្រម ដែល​ផ្តន្ទាទោស​អ្នក​ទាំងនោះ បើទោះជា​មិនមាន​ភ័ស្តុតាង​គ្រប់គ្រាន់​។​​សេចក្តីប្រកាស​បន្តថា តាម​ការប្រកាស​សាលក្រម លោក វន់ ពៅ (​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​) លោក ច័ន្ទ ពុទ្ធិ​ស័​ក្ត (​អ្នកដឹកនាំ​សហគមន៍​បឹងកក់​) និង​លោក សុគន្ធ សម្បត្តិ​ពិសិដ្ឋ​(​បុគ្គលិក​មណ្ឌល​សម្រាប់​សិ​ទិ្ធ​កម្មករ​កម្ពុជា​) ត្រូវបាន​ផ្តន្ទាទោស​ចំនួន​៤​ឆ្នាំកន្លះ​។ ចំណែក​ លោក ថេ​ង សាវឿន (​អ្នកសម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​) ត្រូវបាន​ផ្តន្ទាទោស​ចំនួន​៤​ឆ្នាំ​។ចំណែក​ជនជាប់ចោទ​៦​នាក់​ទៀត ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២​ខែមករា​នៅមុខ​រោងចក្រ​យ៉ាក​ជី​ង ត្រូវ​ផ្តន្ទាទោស​ចន្លោះ​ពី​២​ទៅ​៣​ឆ្នាំ​។ ចំណែក​១៣​នាក់​ទៀត​ដែល​ចាប់ខ្លួន​នៅ​ផ្លូវ​វ៉េងស្រេង កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤ ត្រូវ​ផ្តន្ទាទោស​៤​ឆ្នាំ​។​CCHR អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល បញ្ឈប់​រាល់​ការបំពាន ពិសេស​ការបំពាន​តាម​ផ្លូវ​តុលាការ​ប្រឆាំង​អ្នកការពារ​សិទ្ធិមនុស្ស និង​សំឡេង​ជំទាស់​នៅ​កម្ពុជា ដោយ​ចាត់ទុក​សាលក្រម​បង្ហាញ​ពី​ការ​ង្វះ​ភាព​ឯករាជ្យ​របស់​តុលាការ​នៅ​កម្ពុជា ដែល​នឹង​អាច​ទទួលរ​ការគំរាមកំហែង​ទៅ​ថ្ងៃ​ខាងមុខ​ទៀត​។​​ជនជាប់ចោទ​ទាំង​២៣​នាក់ ក្នុងនោះ​មាន​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក​ចាន់ ពុទ្ធិ​ស័ក្ក សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​លោក​ថេ​ង សា​វឿ​ង អ្នកសម្របសម្រួល​អង្គ​ការ​បណ្តាញ​កសិករ បាន​រង​នូវ​ការ​ចោទ​ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ ពួកគេ​ត្រូវបាន​ចាប់ខ្លួន​នៅមុខ​រោងចក្រ​យ៉ាក​ជី​ង និង​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វេ​ង​ស្រេង កាលពី​ថ្ងៃទី​០២ និង​ទី​០៣ ខែមករា នៅពេលដែល​ចូលរួម​ការតវ៉ា​របស់​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ​ក្នុង​មួយខែ​៕​ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០១៤។