• អ្នកភូមិ​បំពាន​នឹង​បម្រាម​មិន​ឲ្យ​ដង្ហែ​ក្បួន​របស់​សាលា​រាជធានី​ភ្នំពេញ​

    • ថ្ងៃចេញផ្សាយ ៤-មិថុនា-២០១៤

    អ្នកភូមិ​ជាង​១.៥០០​នាក់​មាន​គម្រោង​ដើរ​ក្បួន​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​រដ្ឋសភា ក្នុង​រាជធានី​ភ្នំពេញ​នៅថ្ងៃនេះ ជាការ​ផ្គើន​នឹង​បម្រាម​ថ្មី​មួយ​ចេញ​ដោយ​សាលា​រាជធានី​ភ្នំពេញ មិន​ឲ្យ​ពួកគេ​ធ្វើ​ការដើរ​ក្បួន​។​​អ្នកភូមិ​ទាំងនេះ​បង្កើត​ក្រុម​មួយ​មាន​ឈ្មោះថា សហគមន៍​ដីធ្លី​សម្រាប់​សន្ដិភាព និង​និយាយថា ពួកគាត់​ចង់​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ទាំងពីរ​នេះ ដើម្បី​ឲ្យ​មានការ​យកចិត្តទុកដាក់​ចំពោះ​ការកាប់បំផ្លាញ​ព្រៃឈើ​កាន់តែខ្លាំង​ឡើង ជម្លោះដីធ្លី និង​បញ្ហា​ទាក់ទង​នឹង​ការផ្ដល់​សម្បទាន​ដី​សង្គមកិច្ច​។​ក្រុម​អ្នកតំណាង​បាន​ជួប​ជាមួយ​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ច័ន្ទ នៅក្នុង​រាជធានី ភ្នំពេញ ដើម្បី​ជូនដំណឹង​ប្រាប់​លោក​អំពី​គម្រោង​របស់​ពួកគាត់​។ បន្ទាប់​នោះ លោក ឃួ​ង ស្រេង បានចេញ​សេចក្ដីជូនដំណឹង​មួយ​មាន​ខ្លឹមសារ​ថា សាលា​រាជធានី “​មិនអាច​អនុញ្ញាត​ឲ្យ​មានការ​ប្រមូល​ផ្ដុំគ្នា​នៅឯ​ទីលាន​ប្រជាធិបតេយ្យ និង​ការដើរ​ក្បួន​ទៅកាន់​រដ្ឋសភា និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឡើយ ដើម្បី​ចៀសវាង​ការប៉ះពាល់​ដល់​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ជាពិសេស​ការកកស្ទះ​ចរាចរណ៍​តាម​ដងផ្លូវ​”​។​ក៏ប៉ុន្តែ​លោក ឃួ​ង ស្រេង បាន​ប្រាប់​ឲ្យ​អ្នកភូមិ​ទាំងនេះ​បញ្ជូន​តំណាង​ចំនួន​ប្រាំ​ពីររូប​ទៅកាន់​សាលា​រាជធានី ដើម្បី​ឲ្យ​ក្រុមមន្ត្រី​សាលា​រាជធានី​អាចជួយ​ពួកគាត់​ក្នុង​ការដាក់​ញត្តិ​។ ក៏ប៉ុន្តែ​អ្នកភូមិ​ម្នាក់​ឈ្មោះ សេង សុខ​ហេង ដែល​រស់នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា ការដើរ​ក្បួន​នេះ​នឹង​បន្ត​ដូច​បាន​គ្រោងទុក​។​​លោក សុខ​ហេង បាន​មានប្រសាសន៍ថា “​យើង​ចាំបាច់​ត្រូវ​ប្រើ​សិទ្ធិសេរីភាព​របស់​យើង​ក្នុង​ការប្រមូល​ផ្ដុំគ្នា និង​ការបញ្ចេញមតិ​។ យើង​ត្រូវការ​ឲ្យ​មេដឹកនាំ​រដ្ឋាភិបាល​ឮ​អំពី​ការលើកឡើង​របស់​យើង ពីព្រោះ​មាន​មន្ត្រី​មានអំណាច​និង​អ្នកមាន​ជាច្រើន ពាក់ព័ន្ធ​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​ការកាប់បំផ្លាញ​ព្រៃឈើ ការរំលោភបំពាន​សិទ្ធិ​លំនៅដ្ឋាន​ព្រមទាំង​ការទន្ទ្រាន​យក​ដី​”​។​​លោក សុខ​ហេង បាន​បន្ថែមថា ពេលនេះ​មានការ​ព្រួយបារម្ភ​ថា ការដើរ​ក្បួន​នឹង​ជួប​ការប្រើ​អំពើហិង្សា​ពី​សំណាក់​អាជ្ញាធរ​ដែល​កើតឡើង​ជាទូទៅ​ទៅហើយ ចាប់តាំងពី​រដ្ឋាភិបាល​បាន​ហាមប្រាម​មិន​ឲ្យ​មានការ​ប្រមូល​ផ្ដុំគ្នា​ជា​សាធារណៈ​កាលពី​ក្នុង​ខែមករា​មក​។ លោក​បាន​មានប្រសាសន៍ថា “​យើង​ដឹងថា យើង​នឹង​ត្រូវគេ​វាយប្រហារ ពីព្រោះ​សាលា​រាជធានី​បាន​ហាមប្រាម​យើង​ហើយ​។ ប៉ុន្តែ​យើង​ទ្រាំ​នឹង​ការឈឺចាប់ ការបាត់បង់​លំនៅដ្ឋាន ដីធ្លី ព្រៃ និង​ធនធានធម្មជាតិ​របស់​យើង​លែង​បាន​ទៀតឡើយ​”​។​លោក ចាន់ សុ​វ៉េ​ត ប្រធាន​ផ្នែកស៊ើប​អង្កេត​របស់​អង្គការសិទ្ធិមនុស្ស​អាដ​ហុក​បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​មិនដែល​គោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទេ​។ លោក​បាន​មាន​ប្រសា​ស ន៍​ថា “​ប្រជាពលរដ្ឋ​ដែលជា​ជនរងគ្រោះ​ដោយសារ​ការរំលោភបំពាន​តាមបែប​ណាមួយ ចង់​ឲ្យ​គេ​ស្ដាប់​ការលើកឡើង​របស់​ពួកគាត់ ហើយ​ពួកគាត់​ចង់បង្ហាញ​មេដឹកនាំ​ទាំងឡាយ តាមរយៈ​ធ្វើការ​តវ៉ា​ដោយ​សន្ដិវិធី ដើម្បី​ទាមទារ​អ្វីមួយ​។ ក៏ប៉ុន្តែ​ពួកគេ​មិនអាច​ធ្វើបាន ដូច្នេះ​វា​មិនមែនជា​ការអនុវត្ត​ល​ទ្ធិ​ប្រជាធិបតេយ្យ​នោះទេ​។​​វា​ជា​ភាព​ផ្ដាច់ការ​”៕​ ដកស្រង់ចេញពីការសែតខេមបូ ឌាដេលី (The Cambodia Daily News) ចុះថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០១៤។