• សមត្ថកិច្ច ខេត្ដ​សៀមរាប ឃាត់ខ្លួន​យុវជន​៤​នាក់ ខណៈ​ជិះ​ម៉ូតូ​រំឭក​ថ្ងៃ​បាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​

    • ថ្ងៃចេញផ្សាយ ៦-មិថុនា-២០១៤

    ​ក្រុមយុវជន​ចំនួន​បួន​នាក់ នៅ​សៀមរាប​ត្រូវ​សមត្ថកិច្ច​ខេត្ដ​នេះ ឃាត់ខ្លួន​សួរនាំ​កាលពី​ល្ងាច​ថ្ងៃទី​០៤​ខែមិថុនា​ម្សិលមិញ ដោយ​ចោទថា បង្ក​ភាពចលាចល​ដល់​សង្គម ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​តំបន់​ទេសចរ​។​ក្រុមនិស្សិត​ទាំងនោះ រួមមាន លោក សឿ សេរីរដ្ឋលោក រ៉ា​ន់ ខេមរៈ លោក ហេង សុភា និង​លោក ថុល ធិ​ង ពួកគេ​បាន​ជិះ​ម៉ូតូ​តាម​បណ្ដា​ផ្លូវ​សំខាន់ៗ​មួយចំនួន​ក្នុង​ក្រុង​ទេសចរណ៍ ដោយមាន​ឯកសណ្ឋាន អាវយឺត​ពណ៌​ស រំលេច​ទង់ជាតិ​ខ្មែរ​ក​ម្ពុ​ជា​ក្រោម ដែលជា​សញ្ញា​កាន់ទុក្ខ ថ្ងៃ​បាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​។ ក្រោម​សម្រែក​៖​ខ្មែរក្រោម​ជា​អ្នកណា​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា ការឃាត់ខ្លួន​នេះ ត្រូវបាន​សមត្ថកិច្ច ដោះលែង​វិញ បន្ទាប់ពី​សាកសួរ រយៈពេល​ជិត​មួយ​ម៉ោង​។​​លោក សឿ សេរីរដ្ឋជា​និស្សិត​ឆ្នាំ​ទី​៣​នៅ​សាកលវិទ្យាល័យ​មួយ ក្នុង​ខេត្ដ​សៀមរាប ដែល​ត្រូវបាន​ឃាត់ខ្លួន ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃនេះ​ថា កម្លាំង​ប៉ូលីស​ប្រមាណ​ជាង​១០​នាក់ បាន​ឃាត់ខ្លួន​ពួកគាត់​បួន​នាក់ ដើម្បី​សួរនាំ ខណៈដែល​ពួកគេ​ជិះ​ម៉ូតូ​កាន់ទុក្ខ​ថ្ងៃ​បាត់​ទឹកដី​កម្ពុជា​ក្រោម ដោយ​ចោទថា បង្ក​ភាពអនាធិបតេយ បង្កចលាចល​ក្នុងសង្គម ប៉ៈ​ពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​។ លោក​បន្ដថា ក្រុម​លោក​មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ឡើយ ដោយ​គ្រាន់តែ​ជិះ​ម៉ូតូ និង​ស្រែកថា ខ្មែរ​កម្ពុជា​ក្រោម​ជាន​ណា​? ប៉ុណ្ណោះ «​និយាយ​រួម​គេ​មាន​បណ្តាញ​គេ​នៅក្នុង​ក្រុង ប៉ុន្តែ​គេ​មិន​ហ៊ាន​ចាប់​យើង​ដោយសារ​យើង​នៅ​ទីប្រជុំជន​ទៅ​គេ​អត់​ហ៊ាន​ធ្វើ ដល់​យើង​ដល់​កន្លែង​ស្ងាត់ គេ​ស្កាត់​យើង​បណ្តោយ កន្លែង​ស្ងាត់​នោះ ប្រហែលជា​១០​ម៉ូ​ត៉ូ ដូចជា​ឥតមាន​អាវុធ​ទេ ស្កាត់​នៅខាងមុខ​ប្រហែលជា ៦ ទៅ ៧​ម៉ូ​ត៉ូ យើង​បាន​ស្រែក​ដែ តែ​យើង​មិនបាន​ស្រែក ប៉ះពាល់​ខ្លាំង គ្រាន់តែ​យើង​ស្រែក ខ្មែរក្រោម​ជាន​ណា​? ហើយ​យើង​មាន​អ្ន​បន្ទរ​ថា ជា​ជនជាតិខ្មែរ គ្រាន់តែ​យើង​ស្រែក​តែ​ប៉ុនឹង តើ​យើង​ខុស​អី​? ឬ​ស្រែក​ទាល់តែ យើង​ស្រលាញ់​ជនជាតិ​យួន​បាន​វា​មិន​ខុស »​។​​និស្សិត​ដែល​ត្រូវបាន​ឃាត់ខ្លួន​មួយរូប​ទៀត លោក ថុល ធិ​ង ឲ្យ​ដឹងថា ក្រុមនិស្សិត​ជិះ​ម៉ូតូ​ប្រមាណ​ជិត​២០​គ្រឿង​នៅតាម​ដងផ្លូវ​នេះ ចង់​ឲ្យ​យុវជន​ខ្មែរ​ចងចាំ​ថា ថ្ងៃទី​៤​នេះ​ខែមិថុនា​នេះ ជា​ថ្ងៃ​ដែល​អាណានិគម​បារាំង​សេស បាន​កាត់ទឹក​ខ្មែរ​កម្ពុជា​ក្រោម ប្រគល់​ឲ្យ​ប្រទេស​វៀតណាម​ប៉ុណ្ណោះ មិន​ពាក់ព័ន្ធ នឹង​នយោបាយ​ឡើយ​។ លោក​បន្ថែមថា ការឃាត់ខ្លួន​សួរនាំ​នេះ ជា​ការបិទ​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​សេរីភាព​ក្នុងការ​ផ្ដល់ព័ត៌មាន​។លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ បញ្ឈប់​ការរារាំង​ពិធី​នេះ​ទៀត ផ្ទុយទៅវិញ ត្រូវធ្វើ​យ៉ាងណា​ឲ្យ​យុវជន​ជំនាន់​ក្រោយ ស្វែងយល់​ពី​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម ដើម្បី​ជា​មេរៀន​ការពារ​ទឹកដី​បច្ចុប្បន្ន​ឲ្យ​បាន​គង់​វង់ «​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់គ្នា​ក៏​គួរតែ​ដឹង​ដែរ ព្រោះ​ថ្ងៃ ៤ មិថុនា 1949 គឺ​ថ្ងៃ​ដែល​បារាំង​បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ឲ្យ​ជនជាតិ​វៀតណាម ហើយ​ណាមួយ​ព្រោះ​យុវជន​ភាគច្រើន ក៏​គាត់​ឥត​ស្គាល់​កម្ពុជា​ក្រោម​គឺជា​ន​ណា ពេលខ្លះ​ខ្ញុំ​គិតថា​មានកា​បិទ​សេរីភាព​ខ្លះ​ដែរ​ក្នុងការ​បញ្ចេញមតិ ព្រោះ​យើង​កាល​នៅ​ថ្ងៃទី​មួយ​យើង​ធ្វើ​នៅ អង្គរវត្ត​ទទួលស្គាល់ថា​យើង​មិនបាន​ជូនដំណឹង​ដែរ​ដល់​គេ ប៉ុន្តែ​យើង​មិនបាន​ទៅធ្វើជា​លក្ខណៈ​អា​ឡូ​អា​ឡា​ផង​នឹង​»​។​VOD​មិនអាច​ទាក់ទង ស្នងការ​នគរបាល ខេត្ដ​សៀមរាប លោក សត ណា​ឌី ដើម្បី​បំភ្លឺ​ជុំវិញ ពី​ករណីនេះ បានទេ ដោយ​លោក មិន​លើក​ទូរស័ព្ទ​។​​កាលពី​ថ្ងៃទី​០១​ខែមិថុនា​នេះ ក្រុមនិស្សិត​ប្រមាណ​៥០​នាក់ ដែលមាន​ឯកសណ្ឋាន អាវយឺត​សមាន​រួប​សញ្ញា​ទង់ជាតិ​ខ្មែរក្រោម ដូចគ្នានេះដែរ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រាប់រយ​ដាក់ពង្រាយ​តាម​ដងផ្លូវ ដើម្បី​រារាំង​ពួកគេ មិន​ឲ្យ​ធ្វើ​ពិធី​កាន់ទុក្ខ រំឭក​ប្រ​វ​ត្ដិ​បាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម នៅខាងមុខ​អង្គរវត្ដ ក្រោម​ហេតុផល​ប៉ះពាល់​សណ្ដាប់ធ្នាប់​តំបន់​ទេសចរណ៍​។​​អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​អង្គការ អាដហុក ប្រចាំ​ខេត្ដ​សៀមរាប ច័ន្ទ ចំរើន មានប្រសាសន៍ថា ករណីនេះ បង្ហាញ​ឲ្យ​ឃើញ​ពី​អាជ្ញាធរ កំពុង​រឹតត្បិត​សេរីភាព​បញ្ចេញមតិ ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​។ លោក​ថា រដ្ឋាភិបាល​គួរតែ​បើកទូលាយ​ដល់​យុវវ័យ​ដែលជា​សរសរ​ទ្រូង​នៃ​ប្រទេសជាតិ​៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិតេយ្យ​ (VOD) ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤។