• សមត្ថកិច្ច​ខេត្តសៀមរាប រារាំង​ការជួបជុំ​របស់​យុវជន​មិន​ឲ្យ​ធ្វើ​ពិធី​កាន់ទុក្ខ​បាត់​ដី​កម្ពុជា​ក្រោម​

    • ថ្ងៃចេញផ្សាយ ៦-មិថុនា-២០១៤

    សមត្ថកិច្ច​ខេត្តសៀមរាប រារាំង​យុវជន​មិន​ឲ្យ​ធ្វើ​ពិធី​កាន់ទុក្ខ​រំឭក​ខួប​ទី​៦៥ នៃ​ថ្ងៃ​ដែល​បារាំង​កាត់​ដី​កម្ពុជា​ក្រោម​ឲ្យ​ទៅ​វៀតណាម​កាន់កាប់​នៅមុខ​បរិវេណ​ប្រាសាទអង្គរវត្ត​នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។​ ​ក្រុមយុវជន​ប្រមាណ​៥០​នាក់ ដែល​ស្លៀកពាក់​ឯកសណ្ឋាន រំលេច​ឲ្យ​ឃើញ​ពី​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម រយៈពេល​៦៥​ឆ្នាំ​មកហើយ បាន​ទៅ​ប្រមូល​ផ្ដុំគ្នា​នៅមុខ​ប្រាសាទអង្គរវត្ត ប៉ុន្តែ​ត្រូវបាន​កងសន្ដិសុខ ដែលមាន​ឯកសណ្ឋាន​ពណ៌​ខ្មៅ​បំបែក​ការជួប​ជុំនោះ​។​​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១ ខែមិថុនា នេះ គេ​ឃើញ​មាន​កម្លាំង​សន្តិសុខ​ស្លៀកពាក់​ឯកសណ្ឋាន​ពណ៌​ខ្មៅ និង​នគរបាល​ចរាចរ​ផង បានដាក់​ពង្រាយ​នៅ​ទីតាំង​ជាច្រើន​កន្លែង ដូចជា​នៅ​ផ្លូវ​៦០​ម៉ែត្រ នៅ​រង្វង់​មូល​ជិត​ប្រាសាទអង្គរវត្ត និង​ជាពិសេស​នៅមុខ​ប្រាសាទអង្គរវត្ត​តែម្ដង​។​​ក្រុមយុវជន​ឲ្យ​ដឹងថា កម្លាំង​សន្តិសុខ​បាន​បំបែក​ការជួបជុំ​របស់​ពួកគេ ហើយ​ការពង្រាយ​កម្លាំង​នៅមុខ​ប្រាសាទអង្គរវត្ត និង​តាម​ដងផ្លូវ​នានា គឺជា​ចេតនា​រារាំង​ពួកគេ​មិន​ឲ្យ​ធ្វើការ​ដង្ហែ​កាន់ទុក្ខ​ថ្ងៃ​បាត់បង់​ដី​កម្ពុជា​ក្រោម​ខួប​ទី​៦៥​ឆ្នាំ​។​VOD មិនអាច​ទាក់ទង​អាជ្ញាធរ​ខេត្តសៀមរាប ដើម្បី​បំភ្លឺ​ករណី​រារាំង​ការជួបជុំ​របស់​យុវជន​មិន​ឲ្យ​ធ្វើ​ពិធី​កាន់ទុក្ខ​ថ្ងៃ​បាត់បង់​ដី​កម្ពុជា​ក្រោម​នេះ​បាន​នៅឡើយ​ទេ​។​​ទឹកដី​កម្ពុជា​ក្រោម ត្រូវបាន​អាណានិគមនិយម​បារាំង​សម្រេច​កាត់​ឲ្យ​ទៅ​វៀតណាម​កាន់កាប់​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩៕​ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិតេយ្យ (VOD) ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤។