• លោកស្រី​មូរ សុខ​ហួរ ត្រូវ​សន្តិសុខ​ចាប់​អូស​ចេញពី​បរិវេណ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​

    • ថ្ងៃចេញផ្សាយ ១១-មិថុនា-២០១៤

    ក្រុម​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ​ជាង​១០​នាក់ ចាប់​អូស​បេក្ខភាព​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ស្ត្រី ចេញពី​បរិវេណ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ខណៈ​លោកស្រី និង​ក្រុម​ស្ត្រី​មួយចំនួន ឈរ​កាន់​បដា​ទាមទារ​ឲ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ​។​​សេចក្តីរាយការណ៍ ឲ្យ​ដឹងថា នៅ​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ពុធ​នេះ លោកស្រី មូរ សុខ​ហួរ បេក្ខភាព​ជាប់ ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​ចលនា​ស្ត្រី​គាំទ្រ​គណបក្ស​នេះ​ប្រមាណ​២០​នាក់ បាននាំគ្នា​ប្រមូលផ្តុំ​លើក​បដា​នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​បើក​ទីលាន​ប្រជាធិបតេយ្យ សម្រាប់​ឲ្យ​សាធារណជន​អាច​សម្តែង​មតិ​បាន​ឡើងវិញ​។​ខណៈដែល​លោកស្រី មូរ សុខ​ហួរ កំពុង​លើក​បដា ដែល​សរសេរថា “​ដោះលែង​ទីលាន​ប្រជាធិបតេយ្យ​” នោះ​ក្រុម​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ ប្រមាណ​ជាង ១០​នាក់ បាន​ចាប់​គ្រៀក​អូស​លោកស្រី​ចេញពី​កន្លែង​ប្រមូលផ្តុំ​នោះ ប៉ុន្តែ​ត្រូវបាន​ក្រុម​ចលនា​ស្ត្រី​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជួយ​ឃាត់​ទាន់ពេល​។​​តែ​ទោះយ៉ាងណា លោកស្រី​មូរ សុខ​ហួរ និង​ក្រុម​ស្ត្រី​ទាំងនោះ បាននាំគ្នា​យក​បូរ​ពណ៌​ទឹកក្រូច និង​ផ្កាឈូក​ពណ៌​ស ទៅ​ចង និង​ដោត​លើ​បន្លា​លួស ដែល​អាជ្ញាធរ​ព័ទ្ធ​បិទ​ទីលាន​ប្រជាធិបតេយ្យ​នោះ​។ ​បន្ទាប់ពី​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ​ហើយ នៅ​ម៉ោង​១០​ព្រឹក​នេះ លោកស្រី មូរ សុខ​ហួរ ក៏​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ទាក់ទង​នឹង​ការផ្តល់​មូលនិធិ​ដល់​អ្នក​ទាំង​២៥​នាក់ និង​មូលនិធិ​លោក ជា វិជ្ជានៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចក្រ​អង្រែ​លើ រាជធានី​ភ្នំពេញ​៕​ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី១១​ ខែមិថុនា ឆ្នាំ២០១៤។