• អាជ្ញាធរ​រារាំង​ពលរដ្ឋ​ដែលមាន​បញ្ហាដីធ្លី មិន​ឲ្យ​ទៅ​ក្បួន​រថយន្ត​របស់​នាយក​រដ្ឋមន្ត្រី​

    • ថ្ងៃចេញផ្សាយ ១១-មិថុនា-២០១៤

    កងសន្តិសុខ និង​កម្លាំង​សមត្ថកិច្ច​ប្រមាណ​១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ រារាំង​ប្រជាពលរដ្ឋ​ដែល​តវ៉ា​រឿង​ដីធ្លី​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី មិន​ឲ្យ​ទៅជិត​ក្បួន​រថយន្ត​របស់ នាយករដ្ឋមន្ត្រី ខណៈ​លោក ហ៊ុន សែន ជិះ​រថយន្ត​ឆ្លងកាត់​តំបន់​នោះ​។​​នៅវេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្បួន​រថយន្ត​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វើដំណើរ​មកពី​ខេត្តកំពត បាន​ឆ្លងកាត់​តាមផ្លូវ​សហព័ន្ធរុស្ស៊ី ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ចំនួន​៥៨​គ្រួសារ នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ កំពុង​តវ៉ា​ទាមទារ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​។ ប្រជាពលរដ្ឋ​ទាំងនោះ បាន​ព្យាយាម​លើក​បដា ដើម្បី​ស្វែងរ​កិច្ច​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ប៉ុន្តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រារាំង មិន​ឲ្យ​ទៅ​ក្បែរ​ក្បួន​រថយន្ត​នោះឡើយ​។ បើទោះជា​យ៉ាងណា ការរារាំង​នោះ​ពុំមាន​កើត​ហិង្សា​ណាមួយ​ទេ​។​​តំណាង​ពលរដ្ឋ អ្នកស្រី សែន វ​លក្ខណ៍ ប្រាប់​VOD​ថា ពួកគេ​តវ៉ា​នៅថ្ងៃនេះ គឺ​ដើម្បី​ស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី និង​ភរិយា លុបចោល សជណ ចុះ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១១ និង​ស្នើ​ឲ្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​ពួកគាត់ ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​រារាំង​។ អ្នកស្រី​បន្តថា ពួកគាត់​នឹង​បន្ត​ការទាមទារ​នេះ លុះត្រា​តែមាន​ដំណោះស្រាយ «​ពួក​ខ្ញុំ​ឈឺចាប់ ពួក​ខ្ញុំ​ក៏មាន​កិត្តិយស​ដែរ ទោះបី​ក្រ​ក៏​យើង​ស្រលាញ់​កិត្តិយស មិន​ចង់​ឈរ​ហាលថ្ងៃ​ស្រែក ខ្មាស​គេ​ណាស់​អូន ឈឺចាប់​ណាស់​។ចុងក្រោយ​ខ្ញុំ​សំនូមពរ មានតែ​ម្រាម​ដែ​១០ សំនូមពរ​ឲ្យ​សម្តេច​ហ៊ុន សែន និង​លោកជំទាវ​ទេ ដែល​ជួយ​ប្រជាពលរដ្ឋ​បាន សូម​ដក សជណ លេខ​៧១៤ ហ្នឹង​ចេញទៅ អាណិត​ប្រជាពលរដ្ឋ​ក្រីក្រ​ផង សំនូមព​រហើយ សំនូមពរ​ទៀត សម្តេច​មេត្តាជួយ​ប្រជាជន​ផង ហើយ​ជំហ​ប្រជាជន ដាច់ខាត​គឺ​មិន​ចាក​ចេញពី​ភូមិ​២​នេះដែរ​»​។​​តំណាង​ពលរដ្ឋ​ម្នាក់ទៀត អ្នកស្រី លី សៀវ​មី​យ បន្ថែមថា នៅ​ព្រឹក​មិញ​នេះដែរ មន្ត្រី សាលា​រាជធានី​ភ្នំពេញ បាន​ចុះមក​ស្នើ​ឲ្យ​ពួកគាត់​បញ្ឈប់​ការតវ៉ា និង​ឲ្យ​តំណាង​ពួកគាត់​ចំនួន​៦​នាក់ ទៅ​ជួបចរចា​នៅ​សាលា​រាជធានី​។ អ្នកស្រី​បន្តថា ពួកគាត់​មិន​ព្រមទៅ​ជួបចរចា​នៅ​សាលា​រាជធានី​ទេ ព្រោះ​កន្លងមក ពួកគាត់​ធ្លាប់បាន​ជួប​ជាមួយ​អាជ្ញាធរ​ហើយ ប៉ុន្តែ​នៅតែ​គ្មាន​ដំណោះស្រាយ​។​​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង មានប្រសាសន៍​យ៉ាងខ្លី​ថា សាលា​រាជធានី​កំពុង​ចុះទៅ​ដោះស្រាយ​លើ​ករណី​នេះហើយ «​ខ្ញុំ​ឃើញ​គេ​កំពុង​ចុះទៅ​ចាត់ចែង សួរនាំ​គាត់​ហើយ ចាំមើល​ប​ន្តិ​ត​ទៀត​សិន​ទៅ​»​។​​នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន លោក សៀ ភារ​ម្យ ធ្លាប់មាន​ប្រសាសន៍ថា សាលា​រាជធានី​ភ្នំពេញ គួរតែ​ចេញ​ប្លង់​កម្ម​សិទ្ធ​ឲ្យ​ប្រជាពលរដ្ឋ បើសិនជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ដោយ​ស្របច្បាប់ និង​គួរ​បើក​ការ​ស៊ើប​អ​ង្គេ​ត​ឲ្យ​បានច្បាស់លាស់ «​យើង​សូម​ឲ្យ​សាលា​រាជធានី ធ្វើការ​ស៊ើបអង្កេត ពីព្រោះថា កាលណា​មានការ​ស្រាវជ្រាវ​ច្បាស់លាស់ ហើយ​ប្រជាពលរដ្ឋ​គាត់​ពិតជា​មកកាន់​កាប់​ដោយ​ខុសច្បាប់ មិន​ស្របតាម​ច្បាប់​ភូមិបាល​គឺ​រដ្ឋ​មិនមាន​សិទ្ធិ​បញ្ចេញ​ប្លង់ កម្មសិទ្ធិ​ឲ្យ​ទេ តែ​ប្រសិន​រកឃើញថា គាត់​ពិតជា​រស់នៅ​ស្របច្បាប់ ស្របតាម​ច្បាប់​ភូមិបាល គឺ​រដ្ឋ​ត្រូវតែមាន​កាតព្វកិច្ច​ត្រូវ​ចេញ​ប្លង់​ជូន​ពួកគាត់ ដើម្បី​ការពារ​នូវ​សុវត្ថិភាព​ពួកគាត់​»​។​​ប្រជាពលរដ្ឋ​ទាំង​៥៨​គ្រួសារ​មក​រស់នៅ​តំបន់​នេះ​តាំងពី​ឆ្នាំ​១៩៧៩​មកម្ល៉េះ ហើយក៏​ធ្លាប់បាន​ស្នើសុំ​ប្លង់​កម្ម​សិទ្ធ​ដីធ្លី​ពី​សាលា​រាជធានី​ភ្នំពេញ​អស់​រយៈពេល​៣​ឆ្នាំ​ហើយ តែ​សាលា​រាជធានី​ភ្នំពេញ​ថា ដី​ដែល​ពួកគាត់​កំពុង​រស់នៅ​ជា​ដី​របស់​រដ្ឋ​។ ពលរដ្ឋ​ទាំងនោះ បាន​ចោទ​ជា​សំណួរ​ថា ប្រសិនបើជា​ដី​របស់​រដ្ឋ ហេតុអ្វី​បានជា​សាលា​រាជធានី ព្រម​ប្រគល់​ប្លង់ដី​កម្ម​សិទ្ធ​ទៅ​ឲ្យ​១០​គ្រួសារ ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិត​ក្នុងភូមិ​៣​ដូចគ្នា​៕​ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤។