• កម្មករ​រោងចក្រ​អូ​សេ​អង់ ហែ​ក្បួន​ទៅកាន់​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​រារាំង​

    • ថ្ងៃចេញផ្សាយ ១២-មិថុនា-២០១៤

    កម្មករ​រោងចក្រ​កាត់ដេរ​អូ​សេ​អង់​ប្រមាណ​ជាង​១០០០​នាក់ នាំគ្នា​ហែ​ក្បួន​ដោយ​ថ្មើរជើង​ទៅកាន់​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍ ករណី​ដែល​រោងចក្រ​ព្យួរការងារ​កម្មករ​ដោយ​មិន​ជូនដំណឹង​ជាមុន ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រារាំង​។​​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​ជិត​៩​ព្រឹក​នេះ កម្មករ​រោងចក្រ​អូ​សេ​អង់​ជាង​១០០០​នាក់ បាននាំគ្នា​ហែ​ក្បួន​ដោយ​ថ្មើរជើង​ចេញពី​រោងចក្រ​នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅកាន់​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​។ នៅពេលដែល​ហែ​ក្បួន​នោះ ក្រុម​សន្តិសុខ​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សមត្ថកិច្ច ប្រមាណ​១០០​នាក់ បាន​ព្យាយាម​រារាំង​ការហែក្បួន​នោះ និង​បាន​ឲ្យ​តំណាង​កម្មករ​ចូលជួប​រក​ដំណោះស្រាយ​នៅ​សាលាខណ្ឌ​ពោធិ៍​សែន​។ ការរារាំង​នោះ ពុំមាន​ហិង្សា​កើតឡើង​នោះទេ​។​លោក ឆេង ឈាន់ តំណាង​កម្មករ​រោងចក្រ​អូ​សេ​អង់ បាន​ឲ្យ​ដឹងថា កន្លងមក ពួកគាត់​បានដាក់​ញត្តិ និង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ស្ថាប័ន​ពាក់ព័ន្ធ លើ​ការទាមទារ​លក្ខខណ្ឌ​ការងារ​ពីរ​ចំណុច ប៉ុន្តែ​ពុំមាន​ដំណោះស្រាយ​ទេ រហូតមកដល់​ពេលនេះ ទើប​ពួកគាត់​សម្រេចចិត្ត​ហែ​ក្បួន​ទៅកាន់​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ដើម្បី​សុំ​អន្តរាគមន៍​។​​លក្ខខណ្ឌ​ការងារ​ទាំងពីរ​ចំណុច​ដែល​កម្មករ​រោងចក្រ​អូ​សេ​អង់​ទាមទារ​នោះ រួមមាន ទី​១-​ផ្តល់ប្រាក់​ឈ្នួល​១០០% ក្នុងកំឡុងពេល​ក្រុមហ៊ុន​ព្យួរការងារ​រយ​:​ពេល​១​ខែ ចាប់ពី​ថ្ងៃទី​២៦ ខែឧសភា ដល់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៤ និង​ទី​២- ក្រុមហ៊ុន​ត្រូវ​សងលុយ​ដល់​កម្មករ​វិញ ចំពោះ​កម្មករ​ដែល​ក្រុមហ៊ុន​បើក​ជូន​មិនបាន​ត្រឹមត្រូវ​។VOD នៅ​ពុំទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ករណីនេះ ពី​ភាគី​រោងចក្រ​អូ​សេ​អង់ និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​នៅឡើយ​ទេ​។​​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​អូ​សេ​អង់​ហ្គា​មិន (Ocean Garment) ប្រមាណ​១៥០០​នាក់ បាន​ផ្តើមធ្វើ​កូដកម្ម​នៅមុខ​រោងចក្រ កាលពី​ថ្ងៃទី​២៣ ខែឧសភា បន្ទាប់​ភាគី​រោងចក្រ ប្រកាស​ព្យួរការងារ​របស់​កម្ម​ករ ចាប់ពី​ថ្ងៃទី​២៦ ខែឧសភា ដល់​ថ្ងៃទី​២៦ ខែមិថុនា ដោយ​មិនបាន​ជូនដំណឹង​ក្នុងពេល​កំណត់​ត្រឹមត្រូវ​តាមច្បាប់ គ្រាន់តែ​អះអាង គ្មាន​អ្នកបញ្ជា​ទិញ និង​ផ្តល់ប្រាក់​១៥​ដុល្លារ​ម្នាក់ សម្រាប់​រយៈពេល​ព្យួរការងារ​នេះ​៕​ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី១២​ ខែមិថុនា ឆ្នាំ២០១៤។