• ស្ត្រី​បឹងកក់​ម្នាក់​រងរបួស​ពេល​រារាំង​អាជ្ញាធរ​សាងសង់​ស្នាក់ការ​កងរាជអាវុធហត្ថ​

    • ថ្ងៃចេញផ្សាយ ៣០-មិថុនា-២០១៤

    ​ស្ត្រី​អ្នក​បឹងកក់​វ័យ​ជាង​៧០​ឆ្នាំ​ម្នាក់ រងរបួស​បែកក្បាល​ហូរឈាម នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ ខណៈ​ពួកគេ​ចុះ​រារាំង​មិន​ឲ្យ​សមត្ថកិច្ច ធ្វើការិ​យា​ល័យ​លើដី​ជម្លោះ​លើ​តំបន់​បឹងកក់​។​​នៅ​រសៀល​ថ្ងៃទី​២៨​នេះ មាន​សមត្ថកិច្ច​ប្រដាប់​ដោយ​ខែល​និង​តំបងឆក់ ប្រមាណ​ជា​៣០​នាក់ បាន​ចុះមក​ការពារ​ដី​មួយកន្លែង​សំរាប់​សាងសង់​ស្នាក់ការ​កងរាជអាវុធហត្ថ នៅ​ភូមិ​២២​ក្នុង​តំបន់​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។ ការដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​នេះ ធ្វើ​ឲ្យ​អ្នកភូមិ​បឹងកក់​មួយចំនួន​ដែល​ដឹកនាំ ដោយ​អ្នកស្រី ទេព វ​ន្នី ប្រឆាំង​ទាស់​ដោយ​ស្នើ​ឲ្យ​ផ្អាក​ការសាងសង់​ស្នាក់ការ​កងរាជអាវុធហត្ថ​លើដី​មានទំនាស់​ដែល​មិនទាន់​ដោះស្រាយ​។ អំឡុងពេល​តវ៉ា​នោះ មាន​អ្នកភូមិ​មួយក្រុម​ទៀត បាន​ចេញមុខ​គាំទ្រ​ការសាងសង់ ស្នាក់ការ​នោះ នាំ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​។​​ក្រុមអ្នកតវ៉ា​ឲ្យ​ដឹង​ទៀតថា ពេល​កំពុង​ទាស់​ពាក្យសម្តី​គ្នា មាន​ដំ​ថ្ម​មួយ​ដុំ​ចេញពី​ក្រុម​អ្នកគាំទ្រ​សមត្ថកិច្ច ប៉ះ​ស្ត្រី​វ័យ​ចំណាស់ ឈ្មោះ ង៉ែត ឃុន ក៏បាន​រងរបួស​បែក​លើ​ចិញ្ចើម​ស្តាំ​ហូរឈាម ដោយ​ចោទថា​ភាគី​ម្ខាង​ទៀត​អ្នក​គប់​។​ក្រុមអ្នកតវ៉ា​អះអាងថា ពេល​ផ្ទុះ​ហិង្សា​សមត្ថកិច្ច​មិនបាន​ចាប់​ជនដៃដល់ ដើម្បី​យកមក​ទទួល​ការខុសត្រូវ​តាមច្បាប់​ទេ​។ ក្រោយមក​ជនរងគ្រោះ ត្រូវបាន​អ្នក​ភូមិប​ញ្ជួ​ន​ទៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្រះចក ដើម្បី​ធ្វើ​ពាក្យបណ្តឹង​៕ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD)​ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤។​