• មេធាវី​តំណាង​CNRP គ្រោង​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាឧទ្ធរណ៍​ស្នើសុំ​ឲ្យ​កូនក្តី​៨​រូប​នៅ​ក្រៅ​ឃុំ​

    • ថ្ងៃចេញផ្សាយ ១៨-កក្កដា-២០១៤

    ​មេធាវី​ការពារ​ក្តី​ឲ្យ​តំណាងរាស្ត្រ​ជាប់ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ ទាំង​៧​រូប និង​មន្ត្រី​មួយ​រូប​របស់​បក្ស​នេះ គ្រោង​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាឧទ្ធរណ៍​នៅ​សប្តាហ៍​ក្រោយ ដើម្បី​ស្នើសុំ​ឲ្យ​កូនក្តី​របស់​ខ្លួន បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។​លោក​សំ សុគ​ង់ ជា​មេធាវី​ការពារ​ក្តី​ឲ្យ​តំណាងរាស្ត្រ​ជាប់ឆ្នោត និង​មន្ត្រី​កិច្ចការ​សាធារណៈ របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ក្រុម​មេធាវី​កំពុង​ពិភាក្សា​គ្នា ដើម្បី​ចុះ​ជួប​កូនក្តី​របស់​ខ្លួន​ឲ្យ​ផ្តិតមេដៃ​លើ​ពាក្យបណ្តឹង ដែល​ស្នើ​សុំឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នៅ​សប្តាហ៍​ក្រោយ រួច​នឹង​បញ្ជូន​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​ស្នើសុំ​សភា​ស៊ើបសួរ​នៃ​តុលាការ​ជាន់ខ្ពស់​នេះ ដោះលែង​អ្នក​ទាំងនោះ​ឲ្យបាន​នៅ​ក្រៅ​ឃុំ​វិញ «​ខាង​ក្រុម​មេធាវី នឹង​ជួប​កូនក្តី​ទាំងអស់ ដើម្បី​ឲ្យ​គាត់​ផ្តឹ​ត​មេដៃ​ផ្ទេរសិទ្ធិ​ឲ្យ​មេធាវី​ប្តឹង​ជំនួស​គាត់ ដើម្បី​ប្តឹងទៅ​តុលាការ​ជាប់​ខ្ពស់ គឺ​សាលា​ឧទ្ធរណ៍ ដើម្បីឲ្យ​សាលាឧទ្ធរណ៍​ពិនិត្យ និង​ពិចារណា​អំពី​ហេតុផល​ឬក៏​លក្ខខណ្ឌ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ពួកគាត់ អាច​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ដើម្បី​ឲ្យ​គាត់​ចេញ​ទៅ​ក្នុង​នាម​ជា​តំណាងរាស្ត្រ ឲ្យទៅ​បម្រើ​រាស្ត្រ ឬ​ទៅ​ជួប​ជាមួយ​រាស្ត្រ​ទៅតាម​នីតិវិធី​ច្បាប់​»​។​​មេធាវី​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក ហុង គឹម​សួន ពន្យល់​តាម​នីតិវិធី​ច្បាប់​ថា តុលាការ​មុន​និង​ចោទប្រកាន់​បុគ្គល​ណាមួយ ត្រូវ​មាន​ហេតុផល និង​ភស្តុតាង​ច្បាស់លាស់ ដាក់បន្ទុក​ទៅលើ​ជន​នោះ​។ លោក​សង្កេតឃើញថា ករណី​ឃុំ​ខ្លួន​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​ម្នាក់ទៀត ទំនង​ជា​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ច្រើន​ជាង «​បើ​និយាយ​ទៅ បើ​យើង​ឮ យើង​ដឹង យើង​ឃើញ​ទាំងអស់គ្នា គ្រាន់តែ​ការចោទប្រកាន់​វា​មិន​សមស្រប​ទៅតាម​ធាតុ​ពិត​នោះទេ ហើយ​ប្រសិន​ជា​ការចោទប្រកាន់​នោះ វា​គ្រាន់តែ​ជា​សម្ពាធ​នយោបាយ​ទេ​នោះ ចៅក្រម​ដែល​មានឈ្មោះ​ថា​ជា​អ្នកអនុវត្ត​ច្បាប់​ដោយ​ឯករាជ្យ​នោះ ត្រូវ​យក​ឆន្ទៈ មនសិការ​ខ្លួន មិន​យក​ការដាក់​សម្ពាធ​ហ្នឹង មក​ដាក់​ឃុំ​ខ្លួន​ហើយ​តាំងខ្លួន​ជា​ឯករាជ្យ​ដើម្បី​ឃុំខ្លួន ជន​ណាមួយ​នោះទេ​»​។​​លោក ហុង គឹម​សួន បន្តថា នៅ​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ សាមីខ្លួន​ផ្ទាល់ មេធាវី និង​ចៅក្រម​ស៊ើបសួរ​នោះ ក៏​មាន​សិទ្ធិ​ស្នើសុំ​ឲ្យ​ជនជាប់ចោទ​ទាំងនោះ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន បានដែរ ដរាបណា​តុលាការ​មិន​ទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់​។​​សេចក្តីថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ និង​សង្គម​ស៊ីវិល​ចំនួន​២៤ ចុះ​ថ្ងៃ​ទី​១៧ ខែកក្កដា​នេះ បាន​ចាត់ទុកថា ការចោទប្រកាន់​ទៅលើ​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​ហិង្សា​កើត​ឡើង​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​នោះ មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​ទេ​។ ក្នុង​សេចក្តីថ្លែងការណ៍ ក៏​អំពាវនាវ​ឲ្យមាន​ការដោះលែង​ជាបន្ទាន់ និង​ទម្លាក់​ការចោទប្រកាន់​លើ​តំណាងរាស្ត្រ​ជាប់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៧​រូប និង​មន្ត្រី​មួយ​រូប​របស់​បក្ស​នេះ រួម​នឹង​បញ្ឈប់​អំពើហិង្សា និង​ការគាបសង្កត់​លើ​ប្រជាពលរដ្ឋ​។​​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប និង​មន្ត្រី​កិច្ចការ សាធារណៈ​ត្រូវ​សមត្ថកិច្ច​ចាប់ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទប្រកាន់​តាម​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​២៨ និង​មាត្រា​២១៨ (​ផ្តើមគំនិត​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​) មាត្រា​៤៩៥ (​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​) មាត្រា​៤៥៩ (​ដឹកនាំ​ឲ្យមាន​ចលនា​កុបកម្ម​)​។ បទ​លើ្មសចុងក្រោយ​ដែល​ត្រូវបាន​ចោទប្រកាន់​នេះ នឹង​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគា​ររហូត​ដល់​៣០​ឆ្នាំ​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៤។