-
ស្ថានទូតអាមេរិកអំពាវនាវឲ្យដោះលែងលោកស្រី មូរ សុខហួរ និងមន្ត្រីCNRPផ្សេងទៀត
- ថ្ងៃចេញផ្សាយ ១៨-កក្កដា-២០១៤
មន្ត្រីស្ថានទូត អាមេរិកប្រចាំកម្ពុជា នៅថ្ងៃពុធនេះអំពាវនាវឲ្យមានការដោះលែងបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ ដើម្បីឈានទៅរកការផ្សះផ្សារនយោបាយរវាងគណបក្សនយោបាយទាំងពីរ។អ្នកនាំពាក្យស្ថានទូតអាមេរិក លោកJohn Simmons ប្រាប់VODតាមរយៈអ៊ីម៉េលថា ស្ថានទូតអាមេរិក ថ្កោលទោសយ៉ាងអហង្ការលើអំពើហិង្សាដែលបានកើតឡើងនៅក្បែរទីលាន ប្រជាធិបតេយ្យ កាលពីថ្ងៃអង្គារ។ លោកបន្តថាការបន្តការចរចារកដំណោះស្រាយនយោបាយ គឺអាចទៅរួច តាមរយៈការពិភាក្សាដោយកសារស្ថាបនា និងសន្តិភាព។លោកបញ្ជាក់ថា«យើងអំពាវនាវឲ្យមានការដោះលែងលោកស្រី មូរ សុខហួរ និងសមាជិកតំណាងរាស្ត្រផ្សេងទៀតក្នុងស្មារតីផ្សះផ្សារនយោបាយ»។លោកJohn Simmons បន្តថា ស្ថានទូតអាមេរិក កំពុងតែព្យាយាមផ្តល់សេវាផ្នែកកុងស៊ុលទៅលោកស្រីមូរ សុខហួរ ដោយសារតែលោកស្រី មានសិទ្ធិទទួលដូចពលរដ្ឋអាមេរិកដែរ។នៅរសៀលម៉ោង៤ថ្ងៃពុធនេះ មន្ត្រីគណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ បានជួបពិភាក្សាគ្នាពីការវិវត្តបញ្ហានយោបាយ និងហិង្សាកើតឡើងដែលនាំឲ្យមានការចាប់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ។មន្ត្រីរដ្ឋាភិបាលរួមមាន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមន្ត្រីផ្សេងទៀត។ចំណែកតំណាងស្ថានទូត រួមមានស្ថានទូតអាមេរិក សហភាពអឺរ៉ុប ទូតបារាំង និងតំណាងអង្គការសហប្រជាជាតិជាដើម។ លោក ព្រុំ សុខា មានប្រសាសន៍ថាអង្គទូត បានចោទសំណួរទៅលើបញ្ហាចាប់ខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិ តែលោកឆ្លើយថានេះជាកិច្ចការរបស់អាជ្ញាធរពាក់ព័ន្ធ និងតុលាការ។នៅថ្ងៃពុធនេះ តុលាការបានសម្រេចចោទលើបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតទាំង៥រូប របស់គណបក្សសង្គ្រោះជាតិ និងសកម្មជនម្នាក់ទៀត។ នៅក្នុងសវនាការរយៈពេលជាង៨ម៉ោង តុលាការបានសម្រេចបញ្ជូនពួកគាត់ទៅកាន់ពន្ធនាគារព្រៃស ដោយរង់ចាំថ្ងៃបើកសវនាការជំនុំជម្រះក្តី ។អង្គការលីកាដូ ដែលតាមដានសវនាការ ឲ្យដឹងថា អ្នកទាំង៦ ត្រូវបានចោទប្រកាន់ពីបទដឹកនាំធ្វើកុបកម្ម យោងតាមមាត្រា ៤៥៩ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះ អាចឲ្យអ្នកទាំងនោះទទួលទោសពី ២០ ទៅ ៣០ឆ្នាំក្នុងពន្ធនាគារ។តុលាការ ក៏បានចោទប្រកាន់អ្នកទាំង៦ ពីបទផ្តើមគំនិតបង្កហិង្សា និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ យោងតាមមាត្រា ២៨ ២១៨ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។អង្គការលីកាដូបន្តថា អ្នកឃាត់ខ្លួន៥នាក់ជាបុរស នឹងត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ឬម១។ ចំណែកអ្នកស្រី មូរ សុខហួរ នឹងត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ ដែលដាក់អ្នកជាប់ពន្ធនាគារជាស្ត្រី និងអនីតិជន៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចុះថ្ងៃទី ១៦ កក្កដា ឆ្នាំ២០១៤។