-
ទាហាននៅព្រះវិហារបាញ់សម្លាប់អ្នកភូមិម្នាក់ក្នុងពេលមានជម្លោះដី
- ថ្ងៃចេញផ្សាយ ២៨-កក្កដា-២០១៤
ទំនាស់ដីធ្លីនៅតាមបណ្ដាខេត្តជាច្រើនកន្លែង កំពុងកើតចេញអំពើហិង្សាច្រើនប្រភេទ ដូចជាការចាប់ខ្លួនអ្នកតវ៉ាដាក់ពន្ធនាគារ ការប្រើកម្លាំងប្រដាប់អាវុធ គំរាមនិងបង្ក្រាបទៅប្រជាពលរដ្ឋដែលតវ៉ាជំទាស់ជាដើម។ចំណែកនៅឯខេត្តព្រះវិហារ វិញ ទាហានប្រដាប់អាវុធបានបាញ់សម្លាប់អ្នកភូមិម្នាក់ ក្នុងពេលកើតមានជម្លោះដីធ្លីកាលពីថ្ងៃទី២៧ ខែកក្កដា។ប្រជាពលរដ្ឋមួយគ្រូសារនៅភូមិស្នាផ្អែក ឃុំស្រយង់ ស្រុកគូលែន កំពុងស្នើសុំឱ្យអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលជួយការពារ ពួកគេតាមផ្លូវច្បាប់ បន្ទាប់ពីទាហាននៃកងពលតូចលេខ៤១ បានបាញ់សម្លាប់សមាជិកគ្រួសារម្នាក់។ស្ត្រីឈ្មោះ វណ្ណា មានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី២៨ ខែកក្កដា ថា រូបគាត់និងបងប្អូនជាច្រើននាក់ទៀតកំពុងធ្វើដំណើរទៅទីរួមខេត្ត ព្រះវិហារ ដើម្បីជួបសមាគមការពារសិទ្ធិមនុស្សអាដហុក ឱ្យជួយជ្រោមជ្រែងពួកគាត់ខាងផ្លូវច្បាប់។ស្ត្រីដដែលបញ្ជាក់ថា ក្មួយប្រុសរបស់គាត់ម្នាក់ឈ្មោះ ទ្រី ចំរើន អាយុ ១៨ឆ្នាំ ត្រូវទាហានប្រដាប់អាវុធមួយក្រុមក្នុងអង្គភាពកងពលតូចលេខ ៤១ បាញ់ស្លាប់ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា នៅពេលដែលមានជម្លោះដីទំហំ ២ហិកតារ៖ «កាលពីដើមឡើយហ្នឹង គឺដីព្រៃ ហើយដល់ពេលពួកខ្ញុំទៅធ្វើចំការ៣-៤ឆ្នាំហើយស្រាប់តែធ្វើស្អាត ដាំសៀងហើយ គេមកថា ដីហ្នឹងរបស់ទាហាន។ ពួកខ្ញុំហ្នឹងថា ចាំមើលមេមក ពួកខ្ញុំសុំ ដល់អ៊ីចឹងទាហានហ្នឹងវាថា ធ្វើតាមបញ្ជាមេ អត់ឱ្យដាំ។ អ្នកបាញ់ហ្នឹងឈ្មោះ ប៉ះ ហៅ លិន»។នាយប៉ុស្តិ៍នគរបាលស្ដីទីឃុំស្រយង់ លោក យ៉ុង ម៉ុក មានប្រសាសន៍ថា កាលពីវេលាម៉ោងជាង ៣រសៀល ថ្ងៃទី២៧ ខែកក្កដា មានទាហាន ៣នាក់ ក្នុងកងពលតូចលេខ៤១ ប្រដាប់ដោយអាវុធអាកា (AK47) បានទៅដណ្ដើមយកដីចំការដែលប្រជាពលរដ្ឋកំពុងដាំសណ្ដែកសៀង។ នៅពេលទៅដណ្ដើមដីចំការនោះ គឺទាហានម្នាក់ឈ្មោះ យេន បានយកម៉ាស៊ីនទៅអារផ្ដួលដើមឈើរលំសង្កត់លើដំណាំរបស់ប្រជាពលរដ្ឋ ហើយនៅពេលដែលប្រជាពលរដ្ឋស្ដីបន្ទោសទាហានម្នាក់ទៀតឈ្មោះ ពឿន ប៉ះ ហៅ លិន ក៏យកអាវុធបាញ់ប្រជាពលរដ្ឋតែម្ដង។លោក យ៉ុង ម៉ុក៖ «បាញ់ត្រូវមនុស្ស ២គ្រាប់ ដល់ពេលពួកហ្នឹងទៅចាប់ទៅបាញ់ដី ១គ្រាប់ទៀត។ ប្រជាជនហ្នឹងរបួសបញ្ជូនដល់មណ្ឌលសុខភាពកោះកែ ស្រយង់ យើងក៏ដាច់ខ្យល់ស្លាប់តែម្ដង»។មន្ត្រីប៉ូលិសដដែលបញ្ជាក់ថា កម្លាំងប៉ូលិសបានចាប់ខ្លួនទាហានម្នាក់ឈ្មោះ ពឿន ប៉ះ ដែលជាជនដៃដល់ក្នុងការបាញ់សម្លាប់មនុស្សភ្លាមៗ ចំណែកទាហានម្នាក់ទៀតឈ្មោះ យេន បានរត់គេចខ្លួននៅពេលកើតហេតុ។អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់ បានហៅការបាញ់សម្លាប់ប្រជាពលរដ្ឋនោះថា ជាអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។លោក ឡោ ចាន់ បញ្ជាក់ថា នេះជាអំពើឃោរឃៅលើកដំបូងក្នុងរឿងទំនាស់ដីធ្លីនៅខេត្តព្រះវិហារ បន្ទាប់ពីមានករណីបាញ់គំរាម ដើម្បីរារាំងសហគមន៍អូរពោធិ៍ នៃឃុំរមណី ស្រុករវៀង មិនឱ្យតវ៉ាជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុន ទ្រី ភាព កាលពីថ្ងៃទី២ ខែកក្កដា ម្ដងមកហើយ៕ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចុះថ្ងៃទី ២៨ កក្កដា ឆ្នាំ២០១៤។