-
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើក្រសួងការបរទេស កោះហៅមន្ត្រីទូតវៀតណាមបំភ្លឺករណីទឹកដីកម្ពុជាក្រោម
- ថ្ងៃចេញផ្សាយ ៣១-កក្កដា-២០១៤
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ ស្នើឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កោះហៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា មកបំភ្លឺអំពីករណីប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម បន្ទាប់ពីអ្នកនាំពាក្យទូតនេះ អះអាងថាទឹកដីកម្ពុជាក្រោមជារបស់ខ្លួនតាំងពីយូរមកហើយ។លិខិតរបស់តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ចុះថ្ងៃទី ៣១ ខែ កក្កដានេះ ផ្ញើរជូនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានស្នើឲ្យកោះហៅអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជាលោក ត្រឹង វ៉ាន់ថុង មកបំភ្លឺនិងសុំទោស លើសំដីរបស់ខ្លួនដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានស្ងប់ចិត។តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោក រ៉ុង ឈុន មានប្រសាសន៍ថា តាមប្រវត្តិសាស្ត្រ និងសាក្សីដែលនៅរស់ ទឹកដីកម្ពុជាក្រោមជារបស់ខ្មែរតាំងពីដូនតាមកម្ល៉េះដូចនេះ ក្រសួងការបរទេសគួរតែ ហៅមន្ត្រីទូតវៀតណាមមកបំភ្លឺករណីនេះ ដើម្បីឲ្យពលរដ្ឋខ្មែរបានស្ងប់ចិត្ត។ លោកក៏កត់សម្គាល់ថា ការដែលមន្ត្រីសាលរាជធានីភ្នំពេញចេញទទួលញត្តិរបស់បាតុករជំនួសទូត វៀតណាម ពិតជាបង្ហាញថារដ្ឋាភិបាលកម្ពុជានៅក្រោមបញ្ជារបស់វៀតណាម «ការដែលលើកឡើងរបស់អ្នកនាំពាក្យយួន ជាការបំភ្លៃប្រវត្តិសាស្ត្រខ្មែរ ហើយយើងចង់ឲ្យអ្នកនាំពាក្យក៏ដូចជាស្ថានទូតយួនហ្នឹង សុំទោសប្រជាពលរដ្ឋខ្មែរ ជាសារធារណៈ»។VOD មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង បាននៅឡើយទេទាក់ទងនឹងការស្នើសុំនេះ។ ប៉ុន្តែកាលពីម្សិលមិញអ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា ខាងក្រសួងមិនមានចំណាត់ការអ្វីទៅលើបញ្ហានេះទេ។ចំណែកប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស មានប្រសាសន៍ថា លោកគាំទ្រទៅនឹងសំណើររបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដោយលោក បន្ថែមថា ក្នុងនាមប្រជាពលរដ្ឋកម្ពុជាបានបំពេញតួនាទីរបស់ខ្លួនហើយ ដូចនេះក្រសួងការបរទេស និងរាជរដ្ឋាភិបាលកម្ពុជាត្រូវតែចេញមុខដោះស្រាយជាមួយស្ថានទូតវៀតណាម ដើម្បីបំពេញកាតតព្វកិច្ចរបស់ខ្លួន។ លោក សង្កត់ធ្ងន់ធ្ងរថា លោកធ្លាប់បានព្រមានម្តងហើយម្តងទៀតបើមិនមានឆ្លើយតបជាវិជ្ជមានពី ក្រសួងការបរទេស និងទូតវៀតណាម លោកនឹងដឹកនាំធ្វើបាតុកម្មនៅដើមខែក្រោយដែលមានលក្ខណៈទ្រង់ទ្រាយធំ ជាងមុន «ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ជាប្រទេសដែលបានបាត់បង់ទឹកដីកម្ពុជាក្រោម គឺជាការពិតដែលយើងបានបាត់បង់រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺយើងមានការសោកស្តាយមួយដ៏ធំធេង ដែលយើងបានបាត់បង់ ប៉ុន្តែមកដល់សម័យនេះហើយ នៅពេលដែលយើងបានឮជន ដែលបានឈ្លានពានយកទឹកដីរបស់យើងបំភ្លៃការពិត នៃប្រវត្តិសាស្ត្រជាតិធ្វើឲ្យយើងឈឺចាប់មែនទែន។ អ៊ីចឹងដែលយើងទ្រាំស្តាប់ ទ្រាំឲ្យគេមើលងាយយើងមិនបាន ដែលយើងត្រូវការឲ្យអ្នកនោះ សុំទោសជាសាធារណៈ»។ប្រជាពលរដ្ឋខ្មែរសម្តែងការមិនសប្បាយចិត្ត និងចេញមកធ្វើការទាមទារកាលពីថ្ងៃទី ០៨ និងទី២១ ខែកក្កដា ឆ្នាំ ២០១៤ ដើម្បីឲ្យមន្ត្រីស្ថានទូតវៀតណាម សុំទោសជាសាធារណៈ។ ប៉ុន្តែអស់រយៈពេលជាច្រើនថ្ងៃមកហើយ ស្ថានទូតវៀតណាមប្រចាំកម្ពុជា មិនទាន់បានសុំទោសនៅឡើយទេ៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៤។