-
ពលរដ្ឋ៤នាក់ចូលបំភ្លឺនៅតុលាការខេត្តកោះកុងរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន
- ថ្ងៃចេញផ្សាយ ៨-សីហា-២០១៤
ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកោះកុង លោក ស្រី ណាក់លី កោះហៅពលរដ្ឋ ៤នាក់ ឲ្យបំភ្លឺរឿងនៅតុលាការខេត្ត នៅព្រឹកថ្ងៃទី៧ សីហា ពាក់ព័ន្ធនឹងរំលោភបំពានដីក្រុមហ៊ុននៅតំបន់ឧទ្យានជាតិបុទុមសាគរ។អ្នកភូមិដែលចូលខ្លួនបំភ្លឺនៅមុខតុលាការនោះ រួមមាន លោក មាស សេម លោក ជុំ ជន លោក អៀម វ៉ាន និងលោកស្រី សឹម វ៉ុន ពួកគេទាំងនោះរស់នៅភូមិជីត្រះ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ។ អ្នកទាំង ៤នាក់ ត្រូវបានក្រុមហ៊ុន ស៊ីណូ មិចស៊ីម (Sino Mexim) ប្ដឹងពីបទប៉ះពាល់ និងរំលោភបំពានដីសម្បទានរបស់ក្រុមហ៊ុន កាលពីចុងឆ្នាំ២០១៣។លោក មាស សេម អ្នកភូមិម្នាក់ដែលបានចូលបំភ្លឺនៅតុលាការ គិតថាបណ្ដឹងរបស់ក្រុមហ៊ុនមកលើពលរដ្ឋនៅពេលនេះ ជាការគំរាមកំហែងបំបាក់ស្មារតីពួកគាត់ កុំឲ្យហ៊ានតវ៉ាជាមួយក្រុមហ៊ុន។ លោកបញ្ជាក់ថា អ្នកភូមិ ៨៩គ្រួសារ ដែលមានទំនាស់ជាមួយក្រុមហ៊ុន ស៊ីណូ មិចស៊ីម នោះ បានមករស់នៅមុនក្រុមហ៊ុនទៅដល់ ហើយមិនបានរំលោភដីក្រុមហ៊ុនទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុនឯណោះទេដែលបានឈូសឆាយដីចម្ការវិលជុំរបស់ពួកគាត់៖ «ការ គំរាមកំហែងប្រជាពលរដ្ឋ អ៊ីចឹងទៅឲ្យពលរដ្ឋបាក់ស្មារតីកុំឲ្យមានការតវ៉ាអារឿងដីធ្លី ហ្នឹង បើបាក់ស្មារតីទៅ ដីនោះត្រូវក្រុមហ៊ុនយកទាំងអស់»។អ្នកសម្របសម្រួលអង្គការអាដហុក (adhoc) ប្រចាំខេត្តកោះកុង លោក នាង បូរ៉ាទីណូ ឲ្យដឹងថា អ្នកភូមិ ៨៩គ្រួសារនោះ ភាគច្រើនជាពលរដ្ឋរងគ្រោះដោយការអភិវឌ្ឍរបស់ក្រុមហ៊ុនចិន យូញៀន ឌីវីឡប់មិន គ្រុប (Union Development Group) ដោយអភិបាលស្រុកបុទុមសាគរ បានដោះស្រាយផ្តល់ដីសំណងឲ្យពួកគាត់ទៅរស់នៅក្បែរតំបន់ឧទ្យានជាតិ បុទុមសាគរ និងបានផ្តល់ដីស្រែជូនពួកគាត់។ ប៉ុន្តែដីដែលផ្តល់ឲ្យនោះ មិនអាចបង្កបង្កើនផលបាន ទើបពួកគាត់ធ្វើចម្ការវិលជុំនៅដីទំនេរក្រោយផ្ទះតាំងពីឆ្នាំ ២០០៦ រហូតដល់ដើមឆ្នាំ២០១៤ នេះ ទើបមានក្រុមហ៊ុន ស៊ីណូ មិចស៊ីម មកវិនិយោគនៅតំបន់នោះ ក្រោមរូបភាពទទួលដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលជាង ៤ពាន់ហិកតារ។ តាមការអះអាងរបស់ពលរដ្ឋ ពួកគេមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ស៊ីណូ មិចស៊ីម ទំហំជិត ៤០០ហិកតារ (៣៥១ហិកតារ)៕ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០១៤ ។