-
ពលរដ្ឋ៖ ក្រុមហ៊ុនវៀតណាមរំលោភយកដីសហគមន៍ពង្រីកផ្ទៃដីសម្បទាន
- ថ្ងៃចេញផ្សាយ ១១-សីហា-២០១៤
ប្រជាពលរដ្ឋនៅភូមិពីរក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី នៅថ្ងៃអាទិត្យ ទី១០ ខែសីហា ឲ្យដឹងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម បានរំលោភធ្វើរបងហ៊ុមព័ទ្ធមកលើដីដែលក្រុមហ៊ុនបានយល់ព្រមបោះ បង្គោលព្រំដី បែងចែករវាងក្រុមហ៊ុននិងដីសហគមន៍រួចហើយ។ដីត្រៀមបម្រុងសហគមន៍ប្រមាណ ១០ហិកតារ ត្រូវបានកម្មករក្រុមហ៊ុន ហ័ង អាញ់ លំផាត់ (Hoang Anh LumPhat) រំលោភយកជាថ្មីទៀតដើម្បីពង្រីកដីសម្បទានសេដ្ឋកិច្ច។កាលពីខែកុម្ភៈ ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ បានព្រមព្រៀងកាត់ចេញផ្ទៃដីមានផលប៉ះពាល់ប្រជាពលរដ្ឋនៅជាប់នឹង តំបន់ជម្រកសត្វព្រៃស្រុកលំផាត់ ជិត ២ពាន់ហិកតារប្រគល់ឲ្យប្រជាពលរដ្ឋអភិរក្សបន្ទាប់ពីគម្រោងផ្តល់ដី សម្បទាននេះធ្វើឲ្យប្រជាពលរដ្ឋតវ៉ាអស់ជាងបីឆ្នាំកន្លងទៅ។តំណាងសហគមន៍ភូមិស្រែសូក លោក កែវ ស៊ូឡេង រៀបរាប់ថា កម្មករក្រុមហ៊ុនបានចូលមកបោះបង្គោលព្រំដីថ្មីហួសបង្គោលចាស់ ហើយរាយលួសបន្លាធ្វើជារបងកាត់យកដីសហគមន៍ប្រមាណ ៣ថ្ងៃកន្លងទៅនេះ។លោកបន្តថា សហគមន៍បានទៅប្រាប់ឲ្យកម្មករផ្អាកការធ្វើរបងបណ្តោះអាសន្នដើម្បីដោះស្រាយបញ្ជា ប៉ុន្តែពួកគេមិនយល់ព្រម៖ «អា ហ្នឹងព្រមព្រៀងហើយ ដល់គេធ្វើរបងគេធ្វើចូលក្នុង គេអត់ធ្វើតាមច្បាប់ តាមព្រមព្រៀងហ្នឹងឯណា គេយកចូលមកក្នុងវិញ ដីប្រជាពលរដ្ឋរហូតក្រុមហ៊ុនហ្នឹង»។ក្រុមហ៊ុនវៀតណាមឈ្មោះ ហ័ង អាញ់ លំផាត់ ទទួលបានសិទ្ធិធ្វើអាជីវកម្មបន្តលើដីសម្បទានរបស់ក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ (Daun Penh Agrico)។ កាលពីដើមខែមីនា គ្រឿងចក្រក្រុមហ៊ុនបានឈូសឆាយហួសព្រំដីសម្បទាន ១០០ម៉ែត្រ បន្ទាប់ពីក្រុមហ៊ុនបានវាស់វែងឯកភាពគ្នាជាមួយប្រជាពលរដ្ឋនៅភូមិ ចំនួនពីរនៅជាប់ដីសម្បទាននិងមានអាជ្ញាធរមូលដ្ឋាន និងមន្ត្រីដែនជម្រកសត្វព្រៃចូលរួមមួយលើករួចទៅ ប៉ុន្តែអ្នកភូមិបាននាំគ្នានៅបោះបង្គោលនោះឡើងវិញ ហើយមិនមានប្រតិកម្មណាមួយពីភាគីក្រុមហ៊ុនឡើយ។ប្រធានភូមិស្រែឈូក លោក ម៉ៃ ចៃ ទទួលស្គាល់ថា ក្រុមហ៊ុនបានរំលោភជាលើកទីពីរបើទោះបីការបោះបង្គោលព្រំដី សម្បទានបានធ្វើរួចរាល់ក្តី។ លោកថា កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរឃុំស្រុកដោះស្រាយបញ្ហា នេះ៖ «អាព្រមព្រៀងពីមុនវាមានស្អី ឥឡូវវាចូលមកទៀតហ្នឹង វាលួចចូលមកទៀត វាហួសបង្គោលចាស់របស់គេ ខ្ញុំប្រាប់មេឃុំហើយ»។វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែសីហា មិនអាចទាក់ទងសុំការបំភ្លឺពីតំណាងក្រុមហ៊ុនទាក់ទិនការចោទប្រកាន់នេះបានទេ។យ៉ាងណាក៏ដោយ អភិបាលស្រុកលំផាត់ លោក គង់ ស្រ៊ុន អះអាងថា លោកជាសាក្សីក្នុងការបោះបង្គោលព្រំដីរវាងសហគមន៍និងក្រុមហ៊ុន ដូច្នេះប្រសិនមានការរំលោភមែនលោកនឹងធ្វើរបាយការណ៍ជូនអាជ្ញាធរ ខេត្តចុះដោះស្រាយ៖ «គេឯកភាពគ្នាហើយតើបង! ប្រសិនបើមានភាពមិនប្រក្រតីទាល់តែយើងរាយការណ៍ជូនថ្នាក់ខេត្ត ដើម្បីឲ្យខេត្តរៀបចំគណៈកម្មការពិនិត្យឡើងវិញ»។ដូចគ្នានេះដែរ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី អះអាងដែរថា នេះជាលើកទីពីរហើយដែលសហគមន៍បានប្តឹងសុំកិច្ចអន្តរាគមន៍ពីការ រំលោភដីពីសំណាក់ក្រុមហ៊ុនវៀតណាមនេះ។ លោកថា នេះគឺជាការបំពានទៅលើប្រកាសរួមរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ស្តីពីការការកាត់ផលប៉ះពាល់ប្រជាពលរដ្ឋចេញពីដីសម្បទាន៖ «យើង នឹងស៊ើបអង្កេតមើលករណីនេះ។ អ្វីដែលក្រុមហ៊ុនធ្វើគឺខុសនឹងកិច្ចព្រមព្រៀងដែលមានអាជ្ញាធរចូល រួមកាលពីដើមឆ្នាំ២០១៤នោះ។ ប្រជាពលរដ្ឋគាត់មិនសុខចិត្ត គាត់ទាមទារឲ្យអនុវត្តកិច្ចព្រមព្រៀងមានពីមុនមក»។ក្រសួងបរិស្ថានកាលពីឆ្នាំ២០១១ បានផ្តល់ដីសម្បទានជិត ៩ពាន់ហិកតារក្នុងដែនជម្រកសត្វព្រៃលំផាត់ ទៅឲ្យក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ។ បន្ទាប់មកក្រុមហ៊ុននេះបានឈូសឆាយធ្វើព្រំដីសម្បទានចូលកៀកមកក្បែរ ភូមិប្រជាពលរដ្ឋហ៊ុមព័ទ្ធយកដីត្រៀមបម្រុងធ្វើស្រែចំការ ព្រៃចិញ្ចឹមសត្វនិងទីទួលប្រជាពលរដ្ឋស្នាក់នៅគ្រាមានទឹកជំនន់។ សកម្មភាពឈូសឆាយនេះធ្វើឲ្យប្រជាពលរដ្ឋរាប់រយនាក់លើកគ្នាទៅ បញ្ឈប់មិនឲ្យគ្រឿងចក្របន្តការឈូសឆាយ៕ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៤ ។