-
អ្នកភូមិនិងអាជ្ញាធរនៅគិរីវង់ប្ដឹងឲ្យជនជាតិវៀតណាមដែលស្លជ័រអាគុយចេញពីភូមិ
- ថ្ងៃចេញផ្សាយ ១៣-សីហា-២០១៤
អ្នកភូមិ និងអាជ្ញាធរនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ បានសុំឲ្យជនជាតិវៀតណាម ផលិតអាគុយ និងស្លជ័រធុងអាគុយចេញពីភូមិរបស់ពួកគេ ព្រោះតែបំពុលក្លិនស្អុយនៃការចំហុយគ្រឿងជ័រជាង ១០ម៉ោងក្នុង១ថ្ងៃ និងចាក់ទឹកអាស៊ីត ធ្វើឲ្យខូចទឹក និងខូចសុខភាពអ្នកភូមិ។អាជ្ញាធរ និងប្រជាពលរដ្ឋឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ផ្ដិតមេដៃលើញត្តិប្ដឹងទៅស្ថាប័នពាក់ព័ន្ធ សុំឲ្យបណ្ដេញជនជាតិវៀតណាម ដែលរកស៊ីកែច្នៃអាគុយចាស់ៗ និងចំហុយជ័រ ជះក្លិនអសោច និងចាក់ទឹកអាស៊ីតធ្វើឲ្យខូចទឹកប្រើប្រាស់ និងបរិស្ថាននៅតំបន់នោះ។មេភូមិឈើទាលភ្លោះ ឃុំព្រៃអំពក លោក នាក់ ទូច ថ្លែងថា ដោយសារអ្នកភូមិដកដង្ហើមស្រូបយកតែក្លិនអសោច នៃផ្សែងហុយទាំងយប់ទាំងថ្ងៃ ដែលជនជាតិវៀតណាម ចំហុយជ័រ និងបន្ទះអាគុយចាស់ជាង ១០ម៉ោងក្នុង១ថ្ងៃៗ ធ្វើឲ្យអ្នកនៅជិតខាងសម្រាកមិនបាន ដកដង្ហើមមិនរួច ទើបនាំគ្នាផ្ដិតមេដៃប្ដឹងសុំឲ្យអាជ្ញាធរស្រុក និងខេត្ត ដកចេញពួកឈ្មួញវៀតណាម នោះ៖ «បញ្ហាស្លអាគុយហ្នឹងបើតាមមេឃុំ គាត់ទៅប្រជុំបានដំណឹងមកថា ស្រុកគេឲ្យច្បាប់។ ឥឡូវនេះ ប្រជាជនកំពុងតែរៀបចំធ្វើមេដៃប្ដឹងឡើងលើ»។ការកែច្នៃអាគុយចាស់ៗរបស់ជនជាតិវៀតណាម នេះ ធ្វើឲ្យប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ខេត្តនៅ ជាប់ព្រំដែនកម្ពុជាវៀតណាម ដូចជាខេត្តកំពង់ចាម កណ្ដាល តាកែវ ជាដើម។ស្ត្រីវ័យចំណាស់នៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក និយាយទាំងក្អកខ្លាំងៗឲ្យដឹងថា ២០ថ្ងៃហើយដែលគាត់រងនូវក្លិនស្អុយពីការស្លជ័រអាគុយ និងមិនអាចប្រើទឹកអណ្ដូងបាន ដោយសារតែវៀតណាម ចាក់ទឹកអាស៊ីតពីអាគុយចូលទៅក្នុងទឹក ហើយជ្រាបចូលទឹកអណ្ដូង។ ស្ត្រីនោះបន្តថា ពីកន្លែងវៀតណាម ធ្វើអាជីវកម្មអាគុយមកផ្ទះគាត់ចម្ងាយប្រមាណ ៣០ម៉ែត្រ ម្ល៉ោះហើយក្លិនស្អុយនៃការស្លអាគុយផ្សែងជះមកលើផ្ទះគាត់ ធ្វើឲ្យមនុស្សក្នុងផ្ទះឈឺទាំងអស់។ គាត់សុំឲ្យអាជ្ញាធរ ជួយបណ្ដេញពួកវៀតណាម ចេញពីភូមិនេះផង ឬឲ្យពួកនោះប្ដូរមុខរបរ៖ «ខ្ញុំ មិនដឹងក្រុមហ៊ុនហ្នឹងឈ្មោះអីទេ ខ្ញុំដឹងតែយួន។ ខ្ញុំឃើញយួន មកធ្វើយប់ៗឡើង ថ្ងៃក៏យួន មកធ្វើ ញ៉ែញ៉ុកទាំងអស់ពេញហ្នឹង។ លោកអើយហត់ណាស់សឹងដាច់ខ្យល់ ខ្ញុំវាន់ឈឺកអស់ហើយ ដូចយើងដំបៅកអ៊ីចឹង។ ខ្ញុំ ៤ ទៅ ៥ថ្ងៃ បើដូចវាខានចំហុយ២យប់អ៊ីចឹងទៅ រៀងធូរបន្តិចលេបថ្នាំទៅ តែដល់វាចាប់ចំហុយទៀតចាប់ក្អក ចាប់ផ្ដាសាយ ចាប់ឈឺបំពង់ក ឈឺក្បាលអស់កម្លាំង រោយដៃ រោយជើង ដូចយើងកើតជំងឺស្អីចឹង»។កុមារា និងកុមារី សាលាបឋមសិក្សាតាមូង ឲ្យដឹងថា ពួកគេពិបាកណាស់ក្នុងការរស់នៅ ខណៈវៀតណាម ចំហុយជ័រអាគុយស្ទើរពេញ ២៤ម៉ោង។ ពួកគេមិនអាចទទួលទានអាហារបានស្រួល និងមិនអាចដកដង្ហើមនៅពេលយប់ទេ ព្រោះផ្សែងចំហុយជ័រដែលវៀតណាម ដុត គឺ១យប់រហូតភ្លឺ៖ «ខ្ញុំឈឺកឈឺអីអស់ហើយ ខ្ញុំនិយាយមិនចង់កើតផង។ ក្លិនរាងឆ្ងិតៗ ខ្ញុំសុំឲ្យអ្នកធ្វើអាគុយហ្នឹងចេញ ខ្ញុំមិនចង់ឲ្យនៅទេ»។មេប៉ុស្តិ៍រដ្ឋបាលឃុំព្រៃអំពក លោក ងាង សង់ ឲ្យដឹងថា អាជ្ញាធរឃុំបានប្រជុំនៅថ្ងៃទី១២ ខែសីហា ជាមួយអាជ្ញាធរស្រុក ប៉ុន្តែអភិបាលស្រុកគិរីវង់ ទើបចូលកាន់តំណែងឈ្មោះ លោក កៅ វគ្គសែល ប្រកាសប្រាប់អាជ្ញាធរឃុំ និងពលរដ្ឋថា វៀតណាម ចូលរកស៊ីអាជីវកម្មស្លអាគុយមានច្បាប់។វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីជនជាតិវៀតណាម នៅឃុំព្រៃអំពក ក៏ដូចអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា បានទេ នៅថ្ងៃទី១២ ខែសីហា។ពាក់ព័ន្ធបញ្ហាបង្ខូចបរិស្ថាន និងសុខភាពប្រជាពលរដ្ឋនៅឃុំព្រៃអំពក ដោយអាជីវកម្មស្លអាគុយ ដើម្បីកែច្នៃជាថ្មីរបស់ក្រុមជនជាតិវៀតណាម នេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព ថ្លែងថា ក្រសួងមិនបណ្តោយឲ្យអាជីវកម្មនោះពង្រីកការបំពុលទាំងសុខភាព និងបរិស្ថាន បានតទៅទៀតទេ៖ «គឺក្រសួងយើងចាត់វិធានការឲ្យអ្នក ជំនាញ ចុះពិនិត្យទីតាំងជាក់ស្តែង ក៏ដូចជាណែនាំគាត់អំពីគោលការណ៍បច្ចេកទេស ព្រោះនេះអាស៊ីត និងស្លអាគុយហ្នឹង វាប៉ះពាល់ដល់សុខភាពសាធារណៈណាស់»។អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តតាកែវ ឲ្យដឹងថា អាជីវកម្មកែច្នៃអាគុយដោយក្រុមជនជាតិវៀតណាម នេះ បានប្ដូរទីតាំងច្រើនលើកមកហើយ។ កាលពីខែមុន ពួកនោះបានបំផ្លាញសុខភាពអ្នកភូមិនៅស្រុកកោះអណ្ដែត ហើយទើបប្ដូរមកលួចលាក់រកស៊ីនៅស្រុកគិរីវង់៕ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ ។