-
លោកសម រង្ស៊ីថានឹងជួយរកយុត្តិធម៌ជូនអ្នកភូមិឡពាង
- ថ្ងៃចេញផ្សាយ ១៤-សីហា-២០១៤
ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ អះអាងថា លោកនឹងជួយស្វែងរកយុត្តិធម៌ ជូនពលរដ្ឋរងគ្រោះបញ្ហាដីធ្លីនៅភូមិឡពាង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយសារក្រុមហ៊ុនភរិយាលោកស៊ុយសែម។ការអះអាងនេះធ្វើឡើងក្នុងសកម្មភាពរបស់លោក ចុះសួរសុខទុក្ខ អ្នកភូមិឡពាងប្រមាណជា៣០នាក់ ដែលកំពុងសម្រាកនៅក្នុងសហគមន៍បឹងកក់ក្នុងផ្ទះរបស់អ្នកស្រី ទេព វន្នី នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ ខែសីហានេះ។ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍ថា លោកធ្លាប់បានចុះទៅពិនិត្យស្ថានភាពដីនៅចំណុចភូមិឡពាង ដែលមានទំនាស់ជាមួយក្រុមហ៊ុនKDC ហើយថាដីទាំងនោះ គឺជាដីរបស់ប្រជាពលរដ្ឋ មិនមែនជាដីរបស់ក្រុមហ៊ុនទេ។ លោកថា លោកមានការសោកស្តាយ ដែលភរិយារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ធ្វើសកម្មភាពរំលោភបំពានសិទ្ធិប្រជាពលរដ្ឋបែបនេះ។ លោកបន្តថា ក្នុងនាមលោកជាតំណាងរាស្ត្រមួយរូប លោកមិនឈរមើលទុក្ខលំបាករបស់រាស្ត្រទេ គឺលោកនឹងជួយស្វែងរកយុត្តិធម៌ជូនពលរដ្ឋ «ដីទាំងអស់ហ្នឹង គឺដីរបស់បងប្អូន ហើយមានការសោកស្តាយណាស់ ចំពោះក្រុមហ៊ុនរបស់ភរិយារដ្ឋមន្ត្រី ស៊ុយ សែម គឺកំសាកប្រើឥទ្ធិពល អាងតែប្តីខ្លួនធ្វើរដ្ឋមន្ត្រី ប្រើឥទ្ធិពលប្តីខ្លួនមកលួចប្លន់ដីធ្លីប្រជារាស្ត្រ មកធ្វើបាបប្រជារាស្ត្រ ជាអំពើកំសាក អំពើថោកទាបជាទីបំផុត ដែលប្រជារាស្ត្រទាំងមូលថ្កោលទោស។ដូច្នេះគណបក្សសង្គ្រោះជាតិ ជាមួយប្រជារាស្ត្រអ្នកស្រលាញ់យុត្តិធម៌ទាំងអស់ យើងនឹងរួបរួមគ្នា យើងនឹងតស៊ូជាមួយគ្នាដើម្បីផ្តល់យុត្តិធម៌ ជូនបងប្អូននៅឡពាងឲ្យទាល់តែបាន»។តំណាងអ្នកភូមិឡពាង អ្នកស្រី អ៊ុំ សុភី រៀបរាប់ពីទុក្ខលំបាករបស់ពលរដ្ឋនៅភូមិឡពាង ដែលមានជីវភាពក្រីក្រលំបាកវេទនា ដោយសារក្រុមហ៊ុនKDC របស់អ្នកស្រីជា ខេង ភរិយាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រំលោភបំពានយកដីរបស់ពួកគាត់ «ហើយដំបង គេវ៉ៃពួកខ្ញុំមិនគិតចាស់ឬក្មេងទេ គឺគេវ៉ៃទាំងអស់ មិនរើសមុខទេ គេវ៉ៃសន្លប់បីនាក់ គេអត់មើលទេ គេអូសយកទៅបោះចោល គេទាញពួកខ្ញុំឲ្យទៅមើលខ្លួនឯង គេមិនមើលទេ សាហាវណាស់។ ហើយមកដល់តាមផ្លូវម្សិលមិញនេះទៀត សមត្ថកិច្ចគាត់ហាមឃាត់ មិនឲ្យយើងចូលទៀត រហូតដល់សន្លប់១០នាក់ទៀត ហើយយើងជាខ្មែរ យើងឈឺចាប់ទេ ដែលគេធ្វើមកលើខ្មែរគ្នាឯង គ្រាន់តែយើងសម្តែងមតិតស៊ូ ដើម្បីឲ្យប្រជាពលរដ្ឋទូទាំងប្រទេស លោកយល់ថា ពួកខ្ញុំបាត់បង់ដីធ្លីពិតប្រាកដ»។ អ្នកស្រីអ៊ុំ សុភី អះអាងថា ចាប់ពីពេលនេះទៅ ពលរដ្ឋរងគ្រោះមកពីភូមិឡពាងទាំងអស់នឹងតស៊ូប្រឆាំងក្រុមហ៊ុនKDC ទាល់តែបានដីមកវិញ និងមានការដោះលែងតំណាងអ្នកភូមិ ដែលកំពុងជាប់ពន្ធនាគារទាំង៥នាក់ ព្រមទាំងទម្លាក់បទចោទលើតំណាងពួកគាត់៥នាក់ផ្សេងទៀត ទើបពួកគាត់ត្រឡប់ទៅស្រុកភូមិវិញ។គួរបញ្ជាក់ថា អ្នកភូមិឡពាងប្រមាណជា៧០នាក់ បានឡើងមកភ្នំពេញ ដើម្បីស្វែងរកការអន្តរាគមន៍ឲ្យដោះលែង និងទម្លាក់បទចោទលើតំណាងពួកគេ៥នាក់ និងទាមទារឲ្យជួយដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេ ដែលកើតឡើងជិត១០ឆ្នាំហើយ ជាមួយក្រុមហ៊ុនKDC របស់អ្នកស្រីជា ខេង ភរិយាលោកស៊ុយសែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ ។