• ស្ត្រី​វ័យ​ចំណាស់​ម្នាក់ និង​ក្មេង​តូច​ម្នាក់​សន្លប់​នៅ​ក្នុងការ​រុញច្រាន​គ្នា​រវាង​អាជ្ញាធរ​ជា មួយ​អ្នកមាន​ជម្លោះដីធ្លី​មកពី​ខេត្តក្រចេះ

    • ថ្ងៃចេញផ្សាយ ១៨-សីហា-២០១៤

    ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ និង​ក្មេង​តូច​ម្នាក់​សន្លប់​ក្នុង​ហេតុការណ៍​រុញច្រាន​គ្នា​មួយ នៅពេល​អាជ្ញាធរ​រាប់រយ​នាក់​រារាំង​អ្នកមាន​ជម្លោះដីធ្លី​មកពី​ខេត្ត ក្រចេះ មិន​ឲ្យ​ធ្វើដំណើរ​ទៅកាន់​ផ្ទះ​នាយករដ្ឋមន្ត្រី ដើម្បី​សាកសួរ​ពី​លទ្ធផល​នៃ​ការដាក់​ញត្តិ​របស់ខ្លួន​កាលពី​ថ្ងៃទី​៥ ខែសីហា​។​​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រុម​អ្នកមាន​ជម្លោះដីធ្លី​មកពី​ខេត្តក្រចេះ​ដែលមាន​គ្នា​ប្រមាណ​ជា ១០០​នាក់ បាន​ហែ​ញត្តិ​ចេញពី​វត្ត​សាមគ្គី​រង្សី តាមផ្លូវ​ខាងមុខ​ព្រះបរមរាជវាំង ឆ្ពោះ​មកកាន់​រដ្ឋសភា ចាប់តាំងពី​ម៉ោងជាង​៧​ព្រឹក ដើម្បី​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​មួយ​នេះ ករណី​ជម្លោះដីធ្លី​។​​ក្រោយមក ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​លោក សុន ឆ័យ លោក ហូរ វ៉ាន់ និង​លោក រៀល ខេ​ម​រិ​ន្ទ្រ បាន​ចេញមក​ទទួល​ញ​ត្តិ​ពី​ក្រុមអ្នកតវ៉ា ដោយបាន​សន្យា​នឹង​ពិនិត្យ​លើ​ករណីនេះ ហើយ​ស្វែងរក​ដំណោះស្រាយ​ដល់​ពលរដ្ឋ​ទាំងនោះ​។​​បន្ទាប់ពី​បាន ដាក់​ញត្តិ​ជូន​រដ្ឋសភា ក្រុមអ្នកតវ៉ា បន្តដំណើរ​ទៅកាន់​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សាកសួរ​ពី​លទ្ធផល​នៃ​ការដាក់​ញត្តិ​របស់ខ្លួន​កាលពី​ថ្ងៃទី​៥ ខែសីហា​កន្លងទៅ តែ​ត្រូវ​អាជ្ញារ​ពី​៤០០ ទៅ ៥០០​នាក់​ហាមឃាត់​។ការហាមឃាត់​នេះ​បណ្ដាល​ឲ្យ​មានការ​រុញច្រាន​គ្នា ដែល​បណ្ដាល​ឲ្យ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ និង​ក្មេង​តូច​ម្នាក់​ដួលសន្លប់ ហើយ​ពលរដ្ឋ​មួយចំនួន បាន​រងរបួស​ដោយ​ដំបងឆក់​របស់​អាជ្ញាធ​រ​។​​តំណាង​ពលរដ្ឋ លោក សួន វិច្ឆិកា សម្តែង​ការសោកស្តាយ និង​ការឈឺចាប់​ចំពោះ​ការរារាំង​នេះ​។ លោក រិះគន់​ចំពោះ​ទង្វើ​របស់​កម្លាំង​សមត្ថកិច្ច ដែល​បង្ក្រាប​លើ​ក្រុមបាតុករ ដោយ​ហិង្សា​។​​យ៉ាងណាក៏ដោយ អ្នក​ដែល​សន្លប់​ទាំងពីរ​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​អង្គការ សិទ្ធិមនុស្ស​លីកាដូ​ដើម្បី​ជួយសង្គ្រោះ ។ ចំណែក​ក្រុមអ្នកតវ៉ា​ត្រូវបាន​សមត្ថកិច្ច​កៀង​ឲ្យ​ទៅ​ប្រមូលផ្ដុំ​ក្រោម​ដើម ពោធិ៍​នៅ​សួន​មុខ​វត្ត​បទុម ។ អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ លោក អំ សំអាត ដែល​បាន​តាមដាន​ហេតុការណ៍ ព្រមាន​ថា ទង្វើ​អាជ្ញាធរ​ដែល​នៅតែ​បន្ត​បង្ក្រាប​បែបនេះ អាចជា​ការ​ដុះ​កំហឹង​មួយ ដល់​ពលរដ្ឋ​ទាំងអស់​ក្នុង​ជម្លោះដីធ្លី ហើយ​កត្តា​នេះ អាច​នឹង​ឈាន​ទៅកាន់​បដិវត្ត​ដីធ្លី​នៅ​ថ្ងៃ​ខាងមុខ​។​​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ដែរ​ថា ពួកគេ​ជាង​៤០០​គ្រួសារ​នេះ គឺ​សុទ្ធ​តែមាន​សាលា​កប​ត្រ​ដី​ត្រឹមត្រូវ តែ​អាជ្ញាធរ បែរជា​មិន​អនុវត្ត​ទៅតាម​សារាចរ ០០១ របស់​នាយករដ្ឋមន្ត្រី​នោះទេ​។ ពួកគេ​ចោទថា អភិបាលខេត្ត​ក្រចេះ​លោក សរ ចំរុង ក្បត់​នឹង​បទ​បញ្ហា​របស់លោក​នាយករ​ដ្ឋ​មន្ត្រី ឃុបឃិត​ជាមួយ​ក្រុមហ៊ុន យក​ដី​ពលរដ្ឋ​។​​ដោយឡែក អភិបាលខេត្ត​ក្រចេះ​លោក សរ ចំរុង បដិសេធ​បកស្រាយ​ជុំវិញ​រឿងនេះ​។​​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​យុទ្ធ​សា​ស្ត​ជាតិ ស្តីពី​សន្តិសុខ​ស្បៀង និង អាហារូបត្ថម្ភ ២០១៤-២០១៨​នៅ​វិមាន​សន្តិភាព​នា​ថ្ងៃទី​១៨ ខែសីហា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន បាន​ស្តីបន្ទោស​ដល់​អាជ្ញាធរ​ដែនដី​មួយចំនួន ជាពិសេស ដូចជា​ករណី​នៅ​ខេត្តក្រចេះ ដែល​មិន​ព្រម​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ដល់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ដី វិនិយោគ​ដែល​តែងតែ​ឡើងមករក​ការអន្តរាគមន៍ ពី​លោ​កនៅ​រាជធានី​ភ្នំពេញ​។​​លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់​ជាថ្មី​ម្តង​ទៀតថា ដី​ដែល​ពាក់ព័ន្ធ រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​វិនិយោគ​នោះ គឺ​ត្រូវឱ្យ​អាទិភាព​ទៅ​ប្រជាពលរដ្ឋ​ជាមុន​។​​កាលពី ថ្ងៃទី​៥ ខែសីហា អ្នកមាន​ជម្លោះដីធ្លី​បាន​ហែ​ក្បួន​ដោយ​ថ្មើរជើង​ពី​វត្ត​សាមគ្គី​រង្សី ដាក់​ញត្តិ​ទៅ​គណៈកម្មការ​ចម្រុះ​ដោះស្រាយ​វិវាទ​នៃ​ខុទ្ទកាល័យ នាយករដ្ឋមន្ត្រី​ដើម្បី​ស្នើសុំ​អន្តរាគមន៍ ហើយ​ខាង​ខុទ្ទកាល័យ​បាន​សន្យា​នឹង​ពិនិត្យ ហើយ​កោះហៅ​មន្ត្រី​ពាក់ព័ន្ធ​មក​សួរនាំ ដើម្បី​ចុះ​ត្រួតពិនិត្យ​នៅ​ទីតាំង​ជម្លោះ​ផ្ទាល់​។​​កន្លងទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធា្ល​ប់​ប្រកាស​កាត់​ដី​ទំហំ​៧៥០​ហិកតា​នៅ​ស្រុក​ស្នួល​ខេត្តក្រចេះ​នេះ ទៅ​ក្រុមអ្នកតវ៉ា​ជាង​៤០០​គ្រួសារ ដើម្បី​បញ្ចប់​ជម្លោះ​។ ប៉ុន្តែ​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៤ សុរិយោដី​ខេត្ត បែរជា​ចេញ​សេចក្តីសម្រេច កាត់​ដី​អ្នកភូមិ​នៅ​តំបន់​នោះ​ដាក់​ជា​ដី​រដ្ឋ​ទៅវិញ ទើប​ផ្ទុះ​ការតវ៉ា​ដល់​រាជធានី​ភ្នំពេញ​៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៤​