-
អាជ្ញាធររារាំងក្រុមយុវជនមិនឲ្យជិះកង់ផ្សព្វផ្សាយពីការថែរក្សាបរិស្ថាន
- ថ្ងៃចេញផ្សាយ ១៨-សីហា-២០១៤
អាជ្ញាធរមានសមត្ថកិច្ចរាជធានីភ្នំពេញ នៅថ្ងៃទី១៧ សីហា រារាំងមិនឲ្យយុវជននិងសកម្មជនចលនាមាតាធម្មជាតិ (Mother Nature) ជិះកង់តាមក្រុងភ្នំពេញ ដើម្បីផ្សព្វផ្សាយពីការលើកកម្ពស់ថែរក្សាបរិស្ថាន និងការពារធនធានធម្មជាតិនៅតំបន់ស្ទឹងឆាយអារ៉ែង ដែលក្រុមហ៊ុនចិន ស៊ីណូ ហាយដ្រូ (Sino Hydro) គ្រោងសាងសង់ទំនប់វារីអគ្គិសនីនោះឡើយ។អាជ្ញាធរលើកឡើងថា ការរារាំងនេះដោយសារក្រុមអ្នកជិះកង់មិនបានសុំច្បាប់អាជ្ញាធរ ត្រឹមត្រូវ ប៉ុន្តែខាងអ្នកជិះកង់វិញលើកឡើងថា ពួកគេបានជូនដំណឹងដល់សាលារាជធានីភ្នំពេញ រួចហើយ។កងកម្លាំងនគរបាលនិងសន្តិសុខខណ្ឌមានជ័យ និងសន្តិសុខរាជធានីភ្នំពេញ ប្រមាណ ១០០នាក់ ដឹកនាំដោយអភិបាលរងខណ្ឌមានជ័យ លោក ហៀក ចាន់លាង ចុះបិទខ្ទប់ច្រកចេញចូលនៅមុខការិយាល័យបណ្ដាញយុវជនខ្មែរមហានគរ ដែលឋិតនៅក្រោយវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពុន កន្លែងដែលសកម្មជនចលនាមាតាធម្មជាតិនិងយុវជន ប្រមូលផ្តុំគ្នាជិះកង់ដើម្បីផ្សព្វផ្សាយពីការការពារបរិស្ថាន តំបន់អារ៉ែង។ ក្នុងពេលចុះរារាំងនោះ សមត្ថកិច្ចក៏បានរឹបអូសកង់របស់យុវជនប្រមាណ ២០គ្រឿងទៀតផង។ក្រុមយុវជនដែលមានគ្នាប្រមាណ ៥០នាក់ ពាក់អាវយឺតមានរូបសត្វក្រពើនិងមានសរសេរអក្សរការពារតំបន់អារ៉ែង ខ្លះពាក់មួកស្លឹកត្នោតមានបិទរូបសញ្ញា ចលនាមាតា ធម្មជាតិ ដែលសរសេរថា ខ្ញុំជាសកម្មជនព្រៃឈើ ហើយខ្លះទៀតតុបតែង ដោយពាក់អាវធ្វើជារូបសត្វស្វាព្រៃ សត្វខ្លា និងសត្វក្រពើជាដើម។ ចំណែកកង់របស់ពួកគេវិញ មានដោតទង់ចលនាមាតាធម្មជាតិ ត្រៀមរួចជាស្រេចដើម្បីចេញដំណើរ។ ប៉ុន្តែការតុបតែងរៀបចំគួរឲ្យចាប់អារម្មណ៍នេះ មិនអាចធ្វើឲ្យមហាជនបានឃើញឡើយ។ក្នុងពេលដែលសមត្ថកិច្ចបិទខ្ទប់នោះ យុវជននាំគ្នាចុចកណ្ដឹងធ្វើជាសញ្ញាសុំផ្លូវស្រែកឲ្យសមត្ថកិច្ច បើកផ្លូវ ព្រមទាំងសូត្រមាត្រាច្បាប់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធីឲ្យសមត្ថកិច្ចស្តាប់ ទៀតផង។ ទោះជាយ៉ាងណា ពួកគេបានត្រឹមតែអានច្បាប់ និងបានត្រឹមតែស្រែកប៉ុណ្ណោះ។ ក្រោយពីប្រឈមមុខដាក់គ្នាប្រហែល ១ម៉ោង និងដោយមើលឃើញថា មិនអាចទៅមុខរួច ក្រុមយុវជនក៏សម្រេចចិត្តបោះបង់សកម្មភាពជិះកង់នេះ ហើយនាំគ្នារំសាយតែម្ដង។ប្រធានចលនាមាតាធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ដែលមានដើមកំណើតនៅទីក្រុងបាសេលូណា (Barcelona) ប្រទេសអេស្ប៉ាញ (Spain) និងជាអ្នកដឹកនាំការជិះកង់នេះ ថ្លែងមុនពេលរំសាយថា បើទោះជាក្រុមលោកមិនបានជិះកង់ដូចការគ្រោងទុកក៏ដោយ តែលោកចាត់ទុកថា វាគឺជាជោគជ័យមួយដែរ ព្រោះថា ព័ត៌មានដែលពួកលោកកំពុងធ្វើនេះ នឹងត្រូវបានផ្សព្វផ្សាយទៅគ្រប់ទីកន្លែង។លោកបន្តថា ក្រុមលោកនឹងធ្វើការផ្សព្វផ្សាយនៅថ្ងៃខាងមុខទៀតទៅតាមរូបភាពផ្សេងៗទៀត៖ «ព្រោះ ប្រសិនបើយើងទៅមុខបុកគេ ប្រសិនបើយើងទៅខាងណោះ ក៏បុកគេដែរ ហើយអ៊ីចឹងយើងមិនអាចធ្វើសកម្មភាពណាមួយដែលរំខានដល់បងប្អូន សន្តិសុខបានទេ អ៊ីចឹងយើងសម្រេចចិត្តរំសាយ ហើយនិងជោគជ័យហើយៗ ដោយសារមានមនុស្សរាប់ម៉ឺនរាប់សែននាក់ដែលបានឮពីអារ៉ែង ដែលជាព្រៃឈើចុងក្រោយ ដែលក្រុម ស៊ីណូ ហាយដ្រូ ចង់បំផ្លាញក្នុងពេលឆាប់ៗយើងធ្វើសកម្មភាពបន្តបន្ទាប់ ប៉ុន្តែយើងច្នៃប្រឌិតបន្តបន្ទាប់រហូតទេ យើងមិនមែនធ្វើដដែលៗទេ លើកក្រោយប្រហែលជាអាចមានសកម្មភាព ដើរតាមផ្លូវ ឬក៏អាចមានសកម្មភាពច្នៃប្រឌិតផ្សេងៗ»។ជុំវិញការរារាំងរបស់សមត្ថកិច្ចនេះ អភិបាលរងខណ្ឌមានជ័យ លោក ហៀក ចាន់លាង មានប្រសាសន៍ថា ប្រសិនបើក្រុមអ្នកជិះកង់សុំច្បាប់អាជ្ញាធរឲ្យបានត្រឹមត្រូវនោះ នោះអាជ្ញាធរមិនហាមឃាត់ឡើយ។ ចំពោះកង់ដែលរឹបអូសនោះ លោកថា អាជ្ញាធរនឹងប្រគល់ឲ្យពួកគេវិញ៖ «ខ្ញុំជឿថា ប្រសិនជាគាត់ធ្វើមកដើម្បីផលប្រយោជន៍ការពារធនធានធម្មជាតិ ព្រះរាជាណាចក្រកម្ពុជា ស្នើសុំឲ្យគាត់សុំច្បាប់ពីសាលារាជធានីភ្នំពេញ។ ខ្ញុំជឿថា សាលារាជធានីភ្នំពេញ នឹងអនុញ្ញាតជូនគាត់បាន ហើយពេលដែលគាត់ស្នើហ្នឹង សូមឲ្យបញ្ជាក់ពីកម្មវត្ថុ ឲ្យបានច្បាស់លាស់ ហើយនឹងតម្រាយផ្លូវឲ្យបានច្បាស់លាស់ ដើម្បីខាងអាជ្ញាធរយើងសហការជួយតម្រាយផ្លូវជូនគាត់ សុំឲ្យមានលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញ ជាមុន»។យ៉ាងណាក៏ដោយ លោក អាឡិកហ្សង់ដ្រូ មានប្រសាសន៍ថា ក្រុមលោកបានជូនដំណឹងទៅសាលារាជធានីភ្នំពេញ រួចហើយពីការជិះកង់នេះ ព្រោះលោកថា នៅក្នុងច្បាប់ធ្វើបាតុកម្មដោយសន្តិវិធីមិនតម្រូវឲ្យសុំច្បាប់ នោះទេ។ ម្យ៉ាងលោកថា សកម្មភាពនេះវាមិនមែនជារឿងនយោបាយនោះទេ គ្រាន់តែជារឿងការការពារបរិស្ថានធនធានធម្មជាតិប៉ុណ្ណោះ។ចំណែកប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា ដែលចូលរួមអង្កេតមើលសកម្មភាពជិះកង់ដែរនោះ កត់សម្គាល់ថា អាជ្ញាធរមិនគួររារាំងសកម្មភាពស្រឡាញ់បរិស្ថានរបស់យុវជនឡើយ ព្រោះថា សកម្មភាពជិះកង់របស់ពួកគេនេះមិនធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សាធារណៈនោះឡើយ។លោក មឿន តុលា៖ «នៅប្រទេសមួយចំនួន ពិសេសនៅប្រទេសឥណ្តូនេស៊ី នៅក្នុងតំបន់អាស៊ាន ដូចគ្នាផង គេកំណត់យកថ្ងៃមួយ ជាថ្ងៃបាយឃីង (biking) ជាថ្ងៃដែលលើកទឹកចិត្តឲ្យប្រជាពលរដ្ឋហ្នឹងជិះកង់ អ៊ីចឹងរឿង២ដែលសំខាន់ គឺរឿងមួយរឿងបរិស្ថាន វាជាអាយុជីវិតយើងទាំងអស់គ្នា ធនធានធម្មជាតិជាអាយុជីវិតរបស់យើងទាំងអស់គ្នា។អស់លោកឥឡូវនេះគាត់នៅក្នុងតំណែងធំៗនេះ អាចថា មិនទាន់ព្រួយបារម្ភខ្លាំងពីផលប៉ះពាល់លើគាត់ ក៏ប៉ុន្តែកូនចៅរបស់គាត់ក្រោយៗទៅ គាត់នឹងបាត់បង់ធនធានធម្មជាតិដែលសំខាន់ៗ»។ក្រុមហ៊ុនចិន ស៊ីណូ ហាយដ្រូ មានគម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងឆាយអារ៉ែង ដែលត្រូវចោទប្រកាន់ថា ធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ និងសត្វកម្រជាច្រើន និងធ្វើឲ្យប៉ះពាល់ដល់ព្រៃឈើ ព្រៃអារក្ស ដីស្រែចម្ការ និងផ្ទះសម្បែងជាច្រើន ពិសេសគឺប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនជនជាតិដើមជងតែម្តង៕ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៤ ។