• អ្នក​បឹងកក់​បីនាក់ ត្រូវបាន​ចាប់ខ្លួន​នៅមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​

    • ថ្ងៃចេញផ្សាយ ២២-សីហា-២០១៤

    អ្នក​បឹងកក់​៣​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ត្រូវបាន​សន្តិសុខ​ខណ្ឌ​ដូនពេញ ចាប់​ដាក់​រថយន្ត ក្រោយពី​ពួក គេ​បាន​បង្ហាញមុខ​នៅមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី តវ៉ា​ទាមទារ​ដំណោះស្រាយ​ដីធ្លី​។​​នៅ​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​សុក្រ​នេះ អ្នកមាន​ជម្លោះដីធ្លី​មួយចំនួន​បាន​ប្រមូលផ្តុំ​នៅមុខ ទីស្តីការគណៈរដ្ឋមន្ត្រី ។​តាម​គម្រោង អ្នកមាន​ជម្លោះដីធ្លី រួមមាន​អ្នក​បឹងកក់ បុរី​កីឡា ថ្មគោល និង​អ្នក​ឡ​ពាង នឹង​ប្រមូលផ្តុំ​ដើម្បី​សុំ​ដំណោះស្រាយ​ដីធ្លី​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​​ការប្រមូលផ្តុំ​នេះ ត្រូវបាន​សន្តិសុខ​ខណ្ឌ​រាប់សិប​នាក់ បំបែក​ដោយមាន​ការ​ប្រ​ទុ​ស្ត​សារាយ​ដោយ​ហិង្សា ក្នុងនោះ​ស្ត្រី​ពីរ​នាក់ និង​បុរស​ម្នាក់ ដែលជា​ប្រជាពលរដ្ឋ​មកពី​តំបន់​បឹងកក់​ត្រូវបាន​ចាប់ខ្លួន​។​ស្ត្រី​ម្នាក់ ក្នុងចំណោម​ពីរ​នាក់​នោះ មាន​ម្នាក់​ឈ្មោះ បូ ឆវី​។​សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​បាន​បញ្ជា​ឲ្យ​បំបែក​អ្នក​តវ៉ា​ទាំងនោះ នៅពេល​ពួកគេ​លើក​បដា​សុំ​ដំណោះស្រាយ​ដីធ្លី​។​​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ មាន​សេចក្តីរាយការណ៍​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​បើក​កិច្ចប្រជុំ​នៅ​វិមាន​សន្តិភាព​។​​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ មានប្រសាសន៍ថា លោក​មិនទាន់​បានដឹង​ពី​ការចាប់ខ្លួន​នេះ​ទេ ហើយ​លោក​ថា​លោក​នឹង​តាមដាន​ករណីនេះ​។​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា នៅថ្ងៃនេះ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស នឹង​ចូលប្រជុំ​ដើម្បី​កំណត់ថា​តើ​មេទាហាន មេ​ប៉ូលិស មេ​ប៉េអឹម នឹងត្រូវ​គ្រប់គ្រង ដោះស្រាយ​របៀប​ម៉េច ហើយ​ត្រូវ​ទទួល​ញត្តិ​យកទៅ​ណា ពេល​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​តវ៉ា​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី២២​ ខែសីហា ឆ្នាំ ២០១៤ ។