• អ្នក​មាន​ជម្លោះ​ដីធ្លី​ឡ​ពាង និង​សហគមន៍​ដីធ្លី​ភ្នំពេញ តវ៉ា​សុំ​អន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌ និង​រដ្ឋសភា​

    • ថ្ងៃចេញផ្សាយ ២៦-សីហា-២០១៤

    ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ប្រមាណ​ជា​៨០​នាក់ ក្នុងនោះ​រួមមាន​អ្នក​ឡ​ពាង បឹងកក់ បុរី​កីឡា ថ្មគោល នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ចេញមុខ​តវ៉ា​ជាថ្មី ដើម្បី​សុំ​អន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌ និង​ស្ថាប័ន​រដ្ឋសភា ករណី​ចាប់ខ្លួន​តំណាង​៥​នាក់ និង​សុំ​អន្តរាគមន៍​ដំណោះស្រាយ​ដីធ្លី ដែល​កើតឡើង​ជា​ច្រើន​ឆ្នាំ​មកហើយ​។​​ប្រជាពលរដ្ឋ​រួម​មាន​ទាំង​ក្មេង​ផង​នោះ បាន​លើក​បដា និង​ស្រែក​ទាមទារ​រក​យុត្តិធម៌​នៅ​ខាង​មុខ​ក្រសួង​យុត្តិធម៌​។ ពួកគេ​បាន​ទាមទារ​ឲ្យ​ទម្លាក់បទ​ចោទលើ​អ្នក​ទាំង​៥ និង​ដោះលែង​តំណាង​របស់​ខ្លួន​។ ប្រជា​សហគមន៍​ទាំងនោះ ក៏​បាន​ទាមទារ​ឲ្យ​ស្ថាប័នពាក់​ព័ន្ធ​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគេ ។​ក្នុង​ការតវ៉ា​នោះ អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​មួយចំនួន បាន​យាមកាម​។​​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក សំ ប្រជាមានិត បាន​ទទួលយក​ញត្តិ​របស់​ប្រជាពលរដ្ឋ​។ អ្នក​តវ៉ា​បាន​បន្ត​ការហែក្បួន​ទៅ​រដ្ឋសភា ដើម្បី​សុំ​អន្តរាគមន៍​។​​ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន​KDC របស់​លោកស្រី​ជា ខេង ភរិយា​លោក​ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ជាមួយ​អ្នកភូមិ​ឡ​ពាង ភូមិ​សូរ​វង្ស ភូមិ​បឹងកក់ និង​ភូមិ​សំរោង បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៦​មក​ម្លេះ​។ពលរដ្ឋ​អះអាងថា ពួកគាត់​បាន​ស្វែងរក​ដំណោះស្រាយ​ទៅ​អាជ្ញាធរ​គ្រប់​ថ្នាក់ និង​តុលាការ​ផងដែរ តែ​រហូតមកទល់​ពេលនេះ​នៅតែ​មិនមាន​ដំណោះស្រាយ​។ ចំណែក​ប្រជា​សហគមន៍​បឹងកក់ បុរី​កីឡា និង​ថ្មគោល បាន​ចេញ​មុខ​តវ៉ា​ស្ទើរតែ​រៀងរាល់ថ្ងៃ តែ​រហូត​មកដល់ពេលនេះ មិនទាន់​មាន​ដំណោះស្រាយ​ណាមួយ ដើម្បី​បញ្ចប់​ការតវ៉ា​នៅ​ឡើយ​ទេ​៕​ដកស្រង់ចេញពី​ វិទ្យុសម្លេងប្រជាធិបតេយ្យ ចុះថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៤។