-
យុវជនបក្សសង្គ្រោះជាតិម្នាក់ត្រូវតុលាការដាក់ឱ្យស្ថិតក្រោមការតាមដាន
- ថ្ងៃចេញផ្សាយ ២៨-សីហា-២០១៤
យុវជនគណបក្សសង្គ្រោះជាតិម្នាក់ គឺលោក សាន សីហៈ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ឱ្យស្ថិតនៅក្រោមការតាមដាន បន្ទាប់ពីតុលាការបានសាកសួររយៈពេល ២ម៉ោង នៅរសៀលថ្ងៃពុធ ទី២៧ សីហា។លោក សាន សីហៈ ត្រូវតុលាការចោទប្រកាន់ពីបទចូលរួមធ្វើកុបកម្មប្រឆាំងនឹង មន្ត្រីរាជការសាធារណៈ និងហិង្សាដោយចេតនា ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។តាមរយៈ ការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី សកម្មជនជាយុវជនរបស់គណបក្សសង្គ្រោះជាតិម្នាក់នេះ នឹងត្រូវចូលខ្លួនទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ២ដងក្នុង ១ខែ គឺនៅថ្ងៃទី១ និងទី១៥។ លើសពីនេះទៅទៀត លោក សាន សីហៈ ត្រូវសុំការអនុញ្ញាតពីចៅក្រមស៊ើបសួរ បើសិនជាលោកចង់ផ្លាស់ប្តូរទីលំនៅ ឬធ្វើដំណើរទៅបរទេស។លោក សាន សីហៈ មានអាយុ ២៦ឆ្នាំ ជាលេខាធិការគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ និងជាជំនួយការលោក ចេប គឹមអ៊ាង សមាជិកព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ី។កាលពីថ្ងៃទី២៦ ខែសីហា តុលាការបានកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ គឺ លោក អ៊ុក ពេជ្រសំណាង ឱ្យមកបំភ្លឺករណីដូចគ្នានេះដែរ ហើយនៅថ្ងៃទី២៨ និង ២៩ យុវជនគណបក្សសង្គ្រោះជាតិ ២នាក់ទៀត គឺលោក អាន បឋម និងលោក ទេព ណារិន ក៏នឹងត្រូវចូលខ្លួនទៅបំភ្លឺតាមដីកាកោះរបស់តុលាការដែរ ចំពោះសំណុំរឿងដូចគ្នានេះ៕ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤។