• រដ្ឋាភិបាល​សិង្ហ​បុរី ប្រកាស​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ទិញ​ដី​តំបន់​បឹងកក់​

    • ថ្ងៃចេញផ្សាយ ២៨-សីហា-២០១៤

    រដ្ឋាភិបាល សិង្ហ​បុរី​តាមរយៈ​ស្ថានទូត​ប្រចាំ​ប្រទេស​កម្ពុជា ប្រកាសថា​ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន DLotus​ ​របស់​ ​HLH Group ដែល​ទិញ​ដី​តំបន់​បឹងកក់ និង​ថា​ខ្លួន​ក៏​មិនអាច​អន្តរាគមន៍​តាម​ការស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​មាន ជម្លោះ​ដីធ្លី​បាន​ទេ​។​​ការឆ្លើយតប​នេះ​ធ្វើឡើង​បន្ទាប់​ពី​ប្រជា​សហគមន៍​បឹងកក់ កាលពី​ថ្ងៃ​ពុធ បាន​មក​តវ៉ា និង​សុំ​អន្តរាគមន៍​ជា​ថ្មី​ពី​ស្ថានទូត​សិង្ហ​បុរី​ប្រចាំ​នៅ​ភ្នំពេញ​។ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​ថា​ប្រសិនបើ​ស្ថានទូត​មួយ​នេះ មិន​ឆ្លើយតប​នឹង​ញត្តិ​របស់​ពួកគេ ដែល​បាន​ដាក់ជូន​កាលពី​ថ្ងៃ​ទី​០៤​ខែ​សីហា មានន័យ​ថា​ស្ថានទូត​ជា​អ្នក​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​។ ប្រជាពលរដ្ឋ​ខ្លះ​ទៀត​បាន​ចោទប្រកាន់ថា ស្ថានទូត​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ដូច​រដ្ឋាភិបា​កម្ពុជា​ដែរ​។​​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​សិង្ហបុរី ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៧​ខែ​សីហា ឲ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែ​សីហា ក្រុម​អ្នក​មាន​ជម្លោះ​ដីធ្លី បាន​ប្រមូលផ្តុំ​តវ៉ា​នៅ​មុខ​ស្ថានទូត​ពាក់ព័ន្ធ​នឹង​សេចក្តីរាយការណ៍​ពី ការទិញ​លក់​ដី​ដែល​មាន​ជម្លោះ​រវាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​DLotus​របស់​HLH Group និង​ក្រុមហ៊ុន Shukaku Inc. ដែល​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី​ជាមួយ​អ្នក​បឹងកក់​។​សេចក្តីថ្លែងការណ៍​បញ្ជា ក់​ថា​«​ស្ថានទូត​ចង់​បកស្រាយ​ថា ក្រុមហ៊ុន​HLH Group ជា​ក្រុមហ៊ុន​ឯកជន ដែល​មិន​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​សិង្ហបុរី​ទេ​។ ករណីនេះ រដ្ឋាភិបាល​សិង្ហ​បុរី មិន​អាច​អន្តរាគមន៍​ទៅក្នុង​កិច្ចការជំនួញ​រវាង​ក្រុមហ៊ុន​DLotus Development Company/HLH Group និង Shukaku Inc​បានទេ​»​។​​ស្ថានទូត​សិង្ហ​បុរី​ប្រកាសថា​ខ្លួន​ក៏​មិន​អាច​ផ្តល់​ការអត្ថាធិប្បាយ ទៅលើ​ការអនុវត្ត​តាម​ច្បាប់​នៃ​ជម្លោះ​ដី​ដែល​បាន​ធ្វើ​ជំនួញ​នេះដែរ​។ ស្ថានទូត​បញ្ជាក់ទៀតថា​«​ទោះជា​យ៉ាងណា ជំហរ​រដ្ឋាភិបាល​សិង្ហ​បុរី​គឺថា​ក្រុមហ៊ុន​របស់​សិង្ហ​បុរី​ទាំងអស់ និង​បុគ្គល​ផ្សេងៗ​ដែល​ធ្វើ​ជំនួញ​ក្រៅប្រទេស គួរតែ​គោរព​តាម​ច្បាប់​នៃ​ប្រទេស​ទាំងនោះ ដែល​ពួកគេ​ប្រតិបត្តិការ​ជា​មួយ​»​។​​ស្ថានទូត​ក៏​បាន​លើកឡើង​ចំណុច​មិន​សមរម្យ​មួយ​ដែល​អ្នក​តវ៉ា​ម្នាក់​បាន ចោល​ពងមាន់​ប្រហែលជា​មួយ​ឡូ​ទៅលើ​របង​ស្ថានទូត ដែល​ស្ថានទូត​ចាត់ទុកថា​អំពើ​បំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន និង​មិន​អាច​ទទួលយកបាន​។ ស្ថានទូត​នឹង​យក​ករណី​នេះ​ទៅ​ប្រាប់​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​កម្ពុជា​។​​សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា ក្រុមហ៊ុន​HLH Group​ដែល​មាន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​គឺ DLotus Development បាន​ព្រមព្រៀង​ទិញ​ដី​ទំហំ​១,៣៥​ហិកតា​ពី​ក្រុមហ៊ុន​Shukaku កាលពី​ប៉ុន្មាន​ខែ​មុន​។ ​កាលពី​ថ្ងៃ​ទី​០៤​ខែ​សីហា ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី បាន​យក​ញត្តិ​ជូន​មន្ត្រី​ស្ថានទូត​ប្រទេស​សិង្ហ​បុរី ប្រចាំ​កម្ពុជា ដើម្បី​ស្នើ​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​សិង្ហ បុរី ផ្អាក​ទិញ​ដី​ដើម្បី​អភិវឌ្ឍន៍​នៅ​តំបន់​បឹង​កក់​។​មន្ត្រី​ស្ថានទូត​បាន ចេញ​មក​ទទួល​យក​ញត្តិ ដោយ​សន្យាថា​នឹង​ពិនិត្យ​សំណើ​ទាំងនោះ ហើយ​ឆ្លើយ​តប​ពេល​ក្រោយ​។​​កាលពី​ឆ្នាំ​២០០៧ រដ្ឋាភិបាល​កម្ពុជា បាន​ជួល​ដី​នៅក្នុង​បរិវេណ​តំបន់​បឹងកក់ រយៈពេល​៩៩​ឆ្នាំ ក្នុងតម្លៃ​ប្រមាណ​៧៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក ទៅឲ្យ​ក្រុមហ៊ុន​Shukaku Inc​របស់លោក ឡៅ ម៉េង​ឃិន សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​អភិវឌ្ឍ​ផ្ទៃ​ដី​នៅ​តំបន់​បឹង​កក់​ចំនួន​១៣៣​ហិកតា​។មន្ត្រី​សិទ្ធិមនុស្ស​លើកឡើង​ថា​ការអភិវឌ្ឍ​នេះ​នាំឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ ក្នុង​តំបន់​បឹងកក់​ជាង​៤​ពាន់​គ្រួសារ​។​​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា កាលពី​ឆ្នាំ​២០១១ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​កាត់​ផ្ទៃដី​ទំហំ​១២,៤៤​ហិកតា​ចេញពី តំបន់​គម្រោង​អភិវឌ្ឍន៍​បឹងកក់​នេះ ដើម្បី​ទុកឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​៦៥០​គ្រួសារ​៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចុះថ្ងៃទី ២៨​ ខែសីហា ឆ្នាំ២០១៤។​​