-
ប្រជាសហគមន៍ជម្លោះដីធ្លីចំនួនបីខេត្តនឹងដង្ហែញត្តិទៅរដ្ឋសភានិងខុទ្ទកាល័យនៅថ្ងៃចន្ទស្អែកនេះ
- ថ្ងៃចេញផ្សាយ ១-កញ្ញា-២០១៤
ប្រជាសហគមន៍មានជម្លោះដីធ្លីមកពីខេត្ត បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន នឹងដង្ហែញត្តិទៅរដ្ឋសភា និងខុទ្ទកាល័យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែននៅថ្ងៃស្អែកដើម្បីសុំការធ្វើអន្ដរាគមន៍ដោះស្រាយបញ្ហារបស់ ពួកគាត់ឲ្យបានឆាប់។អ្នកស្រី សំ អាត ជាអ្នករងគ្រោះពីការរំលោភដីធ្លីមកពីខេត្ត ប៉ៃលិនបានប្រាប់VODឲ្យដឹងនៅរសៀលថ្ងៃនេះថា អ្នកតវ៉ាដែលមកពីខេត្តទាំងបី កំពុងស្នាក់នៅក្នុងវត្តចាស់ ដែលមានគ្នាប្រមាណជាង១៣០នាក់ នឹងដង្ហែញត្តិនៅថ្ងៃចន្ទទី០១ខែកញ្ញាឆ្នាំ២០១៤ខាងមុខនេះ។អ្នកស្រី សំ អាត បន្តថា តាមការគ្រោងទុកនៅថ្ងៃស្អែកនេះពួកគាត់នឹងដង្ហែញត្តិចេញពីទីតាំង វត្តចាស់ទៅដាក់នៅវិមានរដ្ឋសភាមុន ហើយបន្ទាប់មកទៀតទើបយកទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ អ្នកស្រីបញ្ជាក់ថា ក្នុងញត្តិនោះ ពួកគាត់ ស្នើឲ្យនាយករដ្ឋមន្ត្រី និង រដ្ឋសភា ជួយដោះស្រាយបញ្ហាដីធ្លីឲ្យបានឆាប់ និង ដោះលែងអ្នកជាប់ឃុំករណីដីធ្លីទាំងអស់។ចំណែកឯអ្នកស្រី ឌីណា ជាជនរងគ្រោះដីធ្លីមកពីខេត្តបាត់ដំបងវិញក៏បានលើកពីករណីនេះ ប្រហែលគ្នាដែរ ដោយអ្នកស្រីថា បើសិនជាការដង្ហែញត្តិលើកនេះបានសម្រេច ហើយមានអន្ដរាគមន៍នោះ អ្នកស្រីចង់ឲ្យអាជ្ញាធរចុះវាស់វែងភ្លាមៗតែម្ដង។ អ្នកស្រីបន្តថា ប្រសិនបើនៅតែគ្មានដំណោះស្រាយទៀតនោះក្រុមអ្នកស្រីនឹងបន្ដការតស៊ូ តវ៉ាទាមទារទាល់តែដល់ទីបញ្ចប់។ទោះជាយ៉ាងណាប្រជាពលរដ្ឋដែលគ្រោងនឹងដង្ហែញត្តិក៏បានអំពាវនាវ សុំឲ្យអាជ្ញាធរមេត្តាជួយសម្រួលដល់ការដង្ហែញត្តិនៅថ្ងៃស្អែកផង។កាលពីថ្ងៃទី២៩ខែសីហាឆ្នាំ២០១៤កន្លងទៅ អាជ្ញាធរបានធ្វើការរារាំងប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំងនោះ ដែលមានបំណងហែញត្តិមិនឲ្យចេញពីបរិវេណវត្តចាស់ឡើយ៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិតេយ្យ ចេញផ្សាយថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០០១៤ ។