• គ្រួសារ​ខ្មែរ​រងគ្រោះ​ដោយសារ​ជនជាតិ​វៀតណាម​កាប់ ចោទ​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ​ថា​រើសអើង​លើ​ជនជាតិខ្មែរ​

    • ថ្ងៃចេញផ្សាយ ២-កញ្ញា-២០១៤

    គ្រួសារ​ជនរងគ្រោះ​ដែល​ត្រូវ​ក្រុម​ជនជាតិ​វៀតណាម កាប់​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​កាល​ពី​សប្តាហ៍​មុន នៅ​ថ្ងៃ​អង្គារ​នេះ ចោទ​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ​ថា ធ្វើ​ការមិន​យុត្តិធម៌ ព្យាយាម​ការពារ​ជនជាតិ​វៀតណាម​។​​អ្នកស្រី គង់ សុធី អាយុ​៤៤​ឆ្នាំ ជា​ម្តាយ​ជនរងគ្រោះ​ឈ្មោះ កែវ សុធា​រ៉ា អាយុ​១៧​ឆ្នាំ មានប្រសាសន៍ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា សមត្ថកិច្ច​មាន​ចេតនា​ការពារ​ជនជាតិ​វៀតណាម ដែល​បាន​កាប់​កូន​អ្នកស្រី ដោយ​ផ្តល់ឱកាស​ឲ្យ​ជនជាតិ​វៀតណាម​ជា​សាច់ញាតិ​ជនល្មើស បាន​ចូលទៅ​មើល​ជនល្មើស​ទាំង​៧​នាក់​នៅក្នុង​ប៉ុស្តិ៍នគរបាល ផ្ទុយទៅវិញ ជនរងគ្រោះ ដែលជា​កូន​របស់​អ្នកស្រី មិន​ត្រូវបាន​នគរបាល​យកចិត្តទុកដាក់​ទេ សូម្បីតែ​ក្រុមគ្រួសារ​ចូល​មើល​ក៏​មិន​អនុញ្ញាត​ដែរ​។ អ្នកស្រី​បន្តថា កាលពី​ម្សិលមិញ នគរបាល​លើកឡើងថា កាំបិត​ដែលជា​វត្ថុតាង ជនជាតិ​វៀតណាម​កាប់​មកលើ​កូន​គាត់​នោះ គឺ​គេ​ទុក​គ្រាន់​ការពារ​ខ្លួន​ប៉ុណ្ណោះ ព្រោះ​មិនមាន​ស្នាម​ឈាម​។ អ្នកស្រី​បន្តថា «​នៅ​ខណ្ឌ មាន​យក​ក្រដាស​ដាក់ពាក្យ​បណ្តឹង ហើយ​សរសេរ​ក្រដាស​ហ្នឹង​សុទ្ធតែ​វ៉ៃ​គ្នា​ទៅវិញទៅមក ហើយ​កាំបិទ​ហ្នឹង​ចាប់បាន​ទៀត ហើយ​ថា កាំបិទ​ហ្នឹង​គេ​ទុក​ការពារ​ខ្លួន​។ ខ្ញុំ​ចង់​សួរ​លោកពូ​ថា កាប់​កូន​ខ្ញុំ​ហើយ​គេ​ថា​ទុក​ការពារ​ខ្លួន​»​។​​អ្នកជិតខាង​ដែល​នៅក្នុង​ហេតុការណ៍​នោះ​លើកឡើងថា ជនជាតិ​វៀតណាម​នោះ បាន​ស្រែក​មុននឹង​កាប់​ជនរងគ្រោះ​ថា «​អញចង់​កាប់​អា​ខ្មែរ​ហ្នឹង​»​។​​អ្នកជិតខាង​ម្នាក់ អ្នកស្រី​សោម ថា​វី មានប្រសាសន៍ថា សមត្ថកិច្ច​មាន​ចេតនា​គាបសង្កត់​គ្រួសារ​ជនរងគ្រោះ ដោយ​សមត្ថកិច្ច​ទាមទារ​រក​សាក្សី តែ​នៅពេល​ដែលមាន​សាក្សី​សុំចូល​ខ្លួន បែរជា​ខាង​សមត្ថកិច្ច​មិន​ឲ្យ​ចូល​។ អ្នកស្រី​បន្តថា សមត្ថកិច្ច​ធ្វើការ​មិន​សុក្រឹត មិន​ព្រម​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​។ អ្នកស្រី​បញ្ជាក់ថា «​អត់​យុត្តិធម៌​ចំពោះ​អ្នក​ដែល​គ្នា​អត់​សូវ​មាន លុយ ក្រ វា​អយុត្តិធម៌​ចំពោះ​គាត់​។ ខ្ញុំ​គិត​មើលទៅ​ថា ប៉ូលីស​កាត់ក្តី​មិន​ឲ្យ​គាត់​ត្រឹមត្រូវ អ្នកណា​ត្រូវ​ដាក់ថា​ត្រូវ ខុស​ថា​ខុស គាត់​អត់​មាន​គិត​អ៊ីចឹង​ផង​»​។​​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា មានប្រសាសន៍ថា ករណី​ឃុំខ្លួន​ជនរងគ្រោះ​គឺជា​រឿង​ខុសច្បាប់​មួយ​ទៅហើយ ម្យ៉ាងវិញទៀត ប្រសិនបើ​មាន​ករណី​ដូច​គ្រួសារ​ជនរងគ្រោះ​លើកឡើង​មែន គឺ​សមត្ថកិច្ច​កំពុង​ធ្វើ​ខុសច្បាប់​ទាំងស្រុង ព្រោះ​ក្នុង​ច្បាប់​មិនត្រូវ​រើសអើង​ជាតិ​សាសន៍​ទេ ហើយ​ថា​ទង្វើ​បែបនេះ​បញ្ជាក់​ឲ្យ​ឃើញ សមត្ថកិច្ច​កំពុងតែ​ខ្លាច​អំណាច​របស់​ជនជាតិ​វៀតណាម ដែល​មក​រស់នៅ​លើក​ទឹកដី​កម្ពុជា​។ លោក​បន្តថា «​ប្រសិនបើ​អ៊ីចឹង​មែន គឺជា​ចំនុច​ដែល​បង្ហាញថា ប៉ូលីស​កំពុងតែ​បម្រើ​ឲ្យ​និន្នាការ បានន័យថា កំពុងតែ​មានការ​ភ័យខ្លាច​ទៅលើ​ជនជាតិ​វៀតណាម មិន​ភ័យ​ទៅ​រឿង​ការអនុវត្ត​ខុសច្បាប់ មានការ​ភ័យខ្លាច​លើ​អំណាច​ជនជាតិ​វៀតណាម​»​។ ​អធិការនគរបាល​ខ​ណ្ឌ​ច្បារអំពៅ លោក នេ​ត ស៊ីថុន មិន​អធិប្បាយ​ទេ នៅពេលដែល​អ្នកយកព័ត៌មាន​VOD​សួរ លោ​កថា​ជាប់រវល់​។​​កាលពី​ខែមីនា ឆ្នាំ​២០១៤ ជនជាតិ​វៀតណាម​ម្នាក់​បាន​ផឹក​ស្រវឹង ដើររក​រឿង​គេ​ពេញ​ផ្លូវ នៅ​ម្តុំ​វត្ត​ចាក់អង្រែលើ ហើយ​ត្រូវបាន​សង្ស័យថា​ពលរដ្ឋ​ខ្មែរ​ព្រួត​គ្នា​វាយ​សម្លាប់ ពេលនោះ​រដ្ឋាភិបាល​វៀត​ណា​ម​ថ្កោលទោស​ភ្លាមៗ មកលើ​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​ករណី​ជនជាតិ​វៀតណាម​កំពុង​រស់នៅ​កម្ពុជា​ដោយ​ខុសច្បាប់ កាប់​មកលើ​ជនជាតិខ្មែរ​នេះ នៅ​មិនទាន់មាន​ប្រតិកម្ម​ពី​រដ្ឋាភិបាល​ខ្មែរ​នៅឡើយ​ទេ​៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០១៤ ។​