• សហរដ្ឋអាមេរិក​ស្វាគមន៍​អ្នកមាន​ជម្លោះដីធ្លី ក្នុងការ​ជំរុញ​ឲ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្ស​

    • ថ្ងៃចេញផ្សាយ ៣-កញ្ញា-២០១៤

    ​ប្រជា​សហគមន៍​ជាង​១០០​នាក់ មកពី​រាជធានី​ខេត្ត នៅ​ថ្ងៃ​ពុធ​នេះ សម្រុក​ទៅរក​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​សហរដ្ឋអាមេរិក ជំរុញ​ឲ្យ​ព​ន្លឿ​នរក​ដំណោះស្រាយ រឿង​ជម្លោះដីធ្លី ដើម្បី​ធានាថា ការអភិវឌ្ឍ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា មិន​រំលោភ​សិទ្ធិមនុស្ស​។​​សហគមន៍​មាន​ជម្លោះដីធ្លី​ទាំងនោះ មកពី​តំបន់​បឹងកក់ បុរី​កីឡា ថ្មគោល ក្នុង​រាជធានី​ភ្នំពេញ និង​សហគមន៍​ឡ​ពាង មកពី​ខេត្តកំពង់ឆ្នាំង​។​​តំណាង​អ្នកភូមិ​មកពី​ខេត្តកំពង់ឆ្នាំង អ្នកស្រី អ៊ុំ សុ​ភី ប្រាប់​អ្នកសារព័ត៌មាន​នៅមុខ​ស្ថានទូត​អាមេរិក មុនពេល​ដាក់​ញត្តិ​ថា ពួកគេ​៨២​គ្រួសារ មាន​ជម្លោះដីធ្លី​ជិត​១០​ឆ្នាំ​ហើយ ជាមួយ​ក្រុមហ៊ុន KDC របស់លោក​ស្រី​ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​។​​ស្ត្រី​រូបនោះ​បន្តថា ជម្លោះ​អូសបន្លាយ​នេះ ធ្វើ​ឲ្យ​អ្នកភូមិ​ជា​ម្ចាស់​ដី​១០​នាក់ ត្រូវ​ក្រុមហ៊ុន​ចាប់​ដាក់ពន្ធនាគារ ដោយសារ​ចេញមុខ​ការពារ​ដី​របស់ខ្លួន​។​​អ្នកស្រី អ៊ុំ សុ​ភី បន្ថែមថា ការណ៍​នេះ​បញ្ជាក់​ច្បាស់​ថា ពលរដ្ឋ​ក្រីក្រ​ជា​ម្ចាស់​ដី​កំពុង​រង​នូវ​ការរំលោភ​សិទ្ធិមនុស្ស ដែល​នាំ​ឲ្យ​មាន​ចលនា​ហែ​ក្បួន ដាក់​ញត្តិ​នៅ​ស្ថានទូត​ប្រទេស​មហាអំណាច ដែល​គោរព​លទ្ធិប្រជាធិបតេយ្យ​មួយ​នេះ​។​​តំណាង​អ្នក​ត​តវ៉ា​នៅ​បឹងកក់ អ្នកស្រី​ទេព វ​ន្នី ប្រកាស​មុខ​ស្ថានទូត​ថា នៅ​ដើមឆ្នាំ​២០១៤ ព្រឹទ្ធសភា​អាមេរិក ធ្លាប់​ជំរុញ​ទៅ​ធនាគារពិភពលោក ឲ្យ​តាមឃ្លាំមើល​ពី​ការផ្តល់​សំណង​របស់​រដ្ឋាភិបាល ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ ឲ្យ​បាន​សមរម្យ ទាំង​អ្នក​មិន​ព្រម​ចាកចេញ និង​ទាំង​អ្នក​ដែល​បាន​បណ្តេញចេញ មុននឹង​ធនាគារ​នេះ​បន្ត​ផ្តល់ជំនួយ ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។​​ស្ត្រី​រូបនោះ​បន្តថា មកដល់ពេលនេះ ធនាគារ​ខ្នាត​អន្តរជាតិ​មួយ​នេះ មិនទាន់បាន​បំពេញ​កាតព្វកិច្ច​នេះ​ទេ​។ ដូចនេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ត្រូវ​ពិនិត្យ​ករណីនេះ​ឡើងវិញ ដើម្បី​ធានាថា ជំនួយ​នានា​ពី​ប្រទេស​លោកខាងលិច មិន​ជំរុញ​ឲ្យ​មាន​ព្រឹត្តិការណ៍​បណ្តេញចេញ​ទាំង​បង្ខំ​។​​ក្រោយពី​មានការ​ប្រមូលផ្តុំ​ប្រមាណ​៥​នាទី ស្ត្រី​ជា​តំណាង​អ្នក​តវ៉ា​ពីររូប ត្រូវ​ស្ថានទូត​អនុញ្ញាត​ឲ្យ​ចូល​ដាក់​ញត្តិ​។ ក្រោយពី​ដាក់​ញត្តិ ស្ត្រី​ទាំងនោះ​ប្រាប់​អ្នកសារព័ត៌មាន​ថា សហរដ្ឋអាមេរិក រីករាយ នឹង​សហការ​ជាមួយ​អ្នកភូមិ​រងគ្រោះ ដែល​មក​ស្វែងរក​កិច្ច​អន្តរាគមន៍​នេះ​។​​អ្នកភូមិ​បឹងកក់​ឲ្យ​ដឹង​ដែរ​ថា ពួកគេ​៤០​គ្រួសារ កំពុង​ប្រឈម​នឹង​ការបណ្តេញចេញ ដោយ​មិនទាន់​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដី តាម​កិច្ច​អន្តរាគមន៍​របស់​រដ្ឋា​ភិ​បាល​។ ហើយ​ថា ប្រជាពលរដ្ឋ​ជាង​៣០០០​គ្រួសារ​ទៀត ដែល​បាន​បណ្តេញចេញ​រួចហើយ កំពុង​ទារ​សំណង​បន្ថែម​ពី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​រស់នៅ​បាន​សមរ​ម្យ​។​​តាម​ញត្តិ​អ្នកភូមិ​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៤ ព្រឹទ្ធសភា​អាមេរិក​បានអនុម័ត​ច្បាប់​ស្តីពី​កញ្ចប់​ថវិកា​ឲ្យ ធនាគារពិភពលោក តម្រូវ​ឲ្យ​នាយក​ប្រតិបត្តិ​តំណាង​សហរដ្ឋអាមេរិក​ប្រចាំ​ធនាគារ​នេះ ធ្វើ​របាយការណ៍​៤៥​ថ្ងៃ​ម្តង ទៅ​រដ្ឋាភិបាល​អាមេរិក ពី​ដំណើរការ​នៃ​ការដោះស្រាយ​ដីធ្លី នៅ​តំបន់​បឹងកក់ ទាំង​អ្នក​កំពុង​រស់នៅ ទាំង​អ្នក​ដែល​បាន​បណ្តេញចេញ​។​​ញត្តិ​ដដែល​បញ្ជាក់ថា មកដល់ពេលនេះ រយៈពេល​នៃ​ការកំណត់​៩​ខែ របស់​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​នោះ ជិត​ដល់ពេល​កំណត់​ហើយ ចំណែក​ភាគី​ពាក់ព័ន្ធ ពុំទាន់​បាន​បំពេញ​កិច្ចការ​នេះ​នៅឡើយ​។​​យ៉ាងនេះ​ក្តី​ទាំង​រដ្ឋសភា​កម្ពុជា ទាំង​សាលា​រាជ​ធានា​ភ្នំពេញ បាន​សន្យាថា នឹង​ព​ន្លឿ​នរក​ដំណោះស្រាយ​ករណី​ជម្លោះដីធ្លី​នេះ បន្ទាប់ពី​អ្នកមាន​ជម្លោះដីធ្លី​បង្កើន​កម្ដៅ ដើរ​ហែ​ក្បួន​តាម​ដងផ្លូវ​ស្ទើរ​រាល់ថ្ងៃ ស្វែងរក​ដំណោះស្រាយ​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៤ ។