-
ក្រុមអ្នករត់រ៉ឺម៉កម៉ូតូបាតុកម្មតវ៉ាមុខផ្សារ AEON
- ថ្ងៃចេញផ្សាយ ៤-កញ្ញា-២០១៤
ក្រុមអ្នករត់រ៉ឺម៉កម៉ូតូជិត១០០នាក់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រមូលផ្ដុំបាតុកម្មតវ៉ាដោយមានលើកបដា នៅមុខផ្សារ AEON តាមដងផ្លូវសុធារស ដើម្បីប្រឆាំងមិនចូលក្នុងសមាគមដែលទើបបង្កើតថ្មីដោយអះអាងថាមិន មានលទ្ធភាពបង់ប្រាក់ចូលសមាគម ។តំណាងក្រុមអ្នកតវ៉ាលោក វ៉ាត ភិរុណ ប្រាប់VODនៅព្រឹកនេះថា ក្រុមអ្នករត់រ៉ឺម៉កម៉ូតូរបស់គាត់មានគ្នា១១៥នាក់ធ្វើការតវ៉ា ដោយសារពួកគាត់មិនត្រូវបានអនុញ្ញាតឲ្យមករត់រ៉ឺម៉កមុខផ្សារនេះទេ ប្រសិនបើមិនចូលសមាគម។ លោកឲ្យដឹងទៀតថា ក្រុមរបស់លោកមិនចង់ចូលក្នុងសមាគមរួបរួមដើម្បីអភិវឌ្ឍដើម្បី កម្ពុជា ព្រោះលក្ខខណ្ឌក្នុងការចូលរួមគឺតម្រូវឲ្យបង់ប្រាក់៣៥០ដុល្លារ និងពាក់ឯកសណ្ឋានរបស់សមាគម ។លោក វ៉ាត ភិរុណ បន្តថា ពួកគាត់រកចំណូលបានគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃតែ ប៉ុណ្ណោះ ដូច្នេះមិនមានលទ្ធភាពបង់ប្រាក់ដើម្បីចូលសមាគមទេ ហើយម្យ៉ាងវិញទៀត បើចូលសមាគមគឺតម្រូវឲ្យមានការដាក់វេនគ្នាក្នុងការដឹកភ្ញៀវ ដូច្នេះ ពួកគាត់បារម្ភថាចំណូលនឹងមានការធ្លាក់ចុះ ។ក្រោយការចរចា រវាងតំណាងពីរនាក់របស់ក្រុមអ្នកតវ៉ាជាមួយភាគីផ្សារAEON នាម៉ោងប្រមាណ១១កន្លះ ក្រុមអ្នកតវ៉ាសម្រេចផ្អាកការតវ៉ាជាបណ្ដោះអាសន្នសិនដើម្បីពិគ្រោះគ្នា ដោយខាងផ្សារបានប្រាប់ថា វាជាគោលការណ៍របស់ផ្សារក្នុងការចងក្រងជាសមាគមដើម្បីចៀសវាង ភាពអនាធិបតេយ្យ ហើយខាងផ្សារនឹងពិភាក្សាបន្តទៀតថាតើត្រូវឲ្យពួកគាត់បង្កើតជា សមាគមថ្មី ឬចូលជាមួយសមាគមដែលបានបង្កើតរួចហើយ៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០១៤ ។