• សមត្ថកិច្ច បំបែក​អ្នក​តវ៉ា​នៅ​ជិត​ស្ថានទូត​ចិន ដែល​ទាមទារ​ឲ្យ​បញ្ឈប់​សាងសង់​ទំនប់​វា​រី​អគ្គិសនី​អា​រ៉ែ​ង​

    • ថ្ងៃចេញផ្សាយ ១៥-កញ្ញា-២០១៤

    សមត្ថកិច្ច​ជាង ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បំបែក​ក្រុម​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ដែល​ឈរ​តវ៉ា​នៅ​ជិត​ស្ថានទូត​ចិន ឲ្យ​បញ្ឈប់​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​តំបន់​ឆាយ​អា​រ៉ែ​ង ខេត្ត​កោះកុង ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន​Sinohydro​។​​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ប្រជាពលរដ្ឋ​និង ព្រះសង្ឃ​ប្រមាណ​៥០​អង្គ​នាក់ គ្រោង​ប្រមូលផ្តុំ​នៅមុខ​ស្ថានទូត​ចិន​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុង​រាជធានី​ភ្នំពេញ រៀបចំ​ការតវ៉ា​អត់​អាហារ និង ចង្ហាន់ ប្រឆាំង​ចំពោះ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ឆាយ​អា​រ៉ែ​ង​ក្នុង​ខេត្ត កោះកុង​។ ប៉ុន្តែ​សមត្ថកិច្ច​ប្រមាណ​ជាង​១០០​នាក់ បាន​រារាំង​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​មិនឲ្យ​ចូល​ទៅ​ជិត​ស្ថានទូច​ចិន​ទេ ក្រោយមក​បន្ទាប់ពី​មាន​ការជជែក​គ្នា​មួយសន្ទុះ បាតុករ​ក៏បាន​រំសាយ​វិញ​។​​ព្រះសង្ឃ​ដែល​ចូលរួម​ការតវ៉ា​នេះ ព្រះ​តេជគុណ សុំ សុវណ្ណនី ចាត់ទុក​ការ​បំបែក​នេះ​ថា ជាការ​បំបិទ​សេរីភាព​នៃ​ការប្រមូលផ្តុំ​បញ្ចេញមតិ ដែល​ឈាន​ទៅ​របប​ផ្តាច់ការ​។ ទោះជា​យ៉ាងណា ការ​បំបែក​នេះ មិន​មាន​ការប៉ះទង្គិច​ហិង្សា​រវាង​សមត្ថកិច្ច និង​អ្នក​តវ៉ា​ឡើយ​។​​ព្រះ​តេជគុណ សុំ សុវណ្ណនី មាន​ថេរ​ដីកា​ថា ការតវ៉ា​នេះ ទាមទារ​ឲ្យ​ស្ថានទូត​ចិន​បញ្ឈប់​សកម្មភាព​សាងសង់​ទំនប់​វា​រី​អគ្គីសនី​អា រ៉ែ​ង សំណូមពរ​រក្សា​ស្ទឹង​អា​រ៉ែ​ង​ឲ្យនៅ​ប្រក្រតី​វិញ និង​សុំឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធ​ជ្រកកោន​នៅ​តំបន់​នោះ​។ ព្រះ​តេជគុណ មាន​ថេរ​ដីកា បន្តថា តំបន់​អា​រ៉ែ​ង​ជា​កន្លែង​សំបូរ​ធនធានធម្មជាតិ មច្ឆជាតិ និង​សត្វ​ចម្រុះ​ជាង​៣០​ប្រភេទ ដូចនេះ​រដ្ឋាភិបាល​ត្រូវ​អភិរក្ស​តំបន់​នោះ ដើម្បី​ប្រយោជន៍​ជាតិ មិន​ត្រូវ​បំផ្លាញ​ក្នុង​បំណង​បំរើ​ប្រយោជន៍​បុគ្គល​ឡើយ​។​​កន្លងទៅ ប្រជា​សហគមន៍​អា​រ៉ែ​ង​ចលនា​មាតា​ធម្មជាតិ បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង​យុវជន​ខ្មែរ​មហានគរ ធ្លាប់​ប្រកាស​ជំហរ​ប្តេជ្ញា​រួម​គ្នា​ទប់ស្កាត់​ការសាងសង់​ទំនប់​វា រី​អគ្គិសនី​អា​រ៉ែ​ង​។ ពួក​គេ​លើកឡើងថា​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​បំផ្លាញ​ស្ទើរ គ្មាន​សល់ និង​មាន​ផលប៉ះពាល់​ដោយ​ប្រយោល​ជាច្រើន​រួម​ទាំង​ធនធាន​ធម្មជាតិ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​។​​អា​រ៉ែ​ង​ជា​តំបន់​ដែល​នៅ​សេសសល់​ធនធានធម្មជាតិ និង​សត្វ​កម្រ​យ៉ាងច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ហើយក៏​ជា​ព្រៃឈើ​ដ៏​សំខាន់​ចុងក្រោយ​ដែរ​។ ប្រសិនបើ​គម្រោង​នេះ​ត្រូវបាន​អនុម័ត​មែន ព្រៃឈើ ព្រៃ​អារក្ស ដីស្រែ​ចម្ការ និង​ផ្ទះសម្បែង​ចំនួន​២​ម៉ឺន​ហិកតា នឹង​ត្រូវបាន​បំផ្លាញ​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៤។