-
តុលាការខេត្តកំពង់ឆ្នាំងសម្រេចឲ្យអ្នកកាសែត៥នាក់រួចពីបទចោទកំហែងយក
- ថ្ងៃចេញផ្សាយ ១៧-កញ្ញា-២០១៤
ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រកាសសាលក្រមសម្រេចឲ្យអ្នកកាសែតចំនួន ៥នាក់រួចខ្លួនពីបទចោទកំហែងយក នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា។ មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទ និងអ្នកកាសែតដែលត្រូវតុលាការចោទនោះ បានសាទរចំពោះសាលក្រម ហើយពុំមានគម្រោងប្ដឹងសាទុក្ខជុំវិញករណីនេះឡើយ។ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក សុទ្ធ សំអោក ប្រកាសសាលក្រមនៅចំពោះមុខភ្នាក់ងារកាសែតដើមអម្ពិលម្នាក់ និងកំបាំងមុខអ្នកយកព័ត៌មានចំនួន ៤នាក់ផ្សេងទៀត។សាលក្រម បានលើកសំអាងហេតុថា ចម្លើយដែលផ្ដល់ដោយសាក្សីដាក់បន្ទុកចំនួន ៣នាក់ គឺពុំមានភាពច្បាស់លាស់ ស្ថិតនៅក្នុងវិមតិសង្ស័យ ដែលមិនអាចដាក់ឲ្យជនជាប់ចោទទាំង ៥នាក់ ឲ្យទទួលខុសត្រូវលើបទល្មើសព្រហ្មទណ្ឌបានឡើយ។ ភាគីជនរងគ្រោះ ឬសាក្សីឆ្លើយដាក់បន្ទុកលើអ្នកកាសែត គឺមានទី១ឈ្មោះ ទិត្យ ស្រឿ ទី២ឈ្មោះ អោ ម៉ៅ និងទី៣ឈ្មោះ ពៅ ម៉ុន។អតីតព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង បានតាំងខ្លួនជាដើមបណ្ដឹងក្នុងសំណុំរឿងនេះ ដោយដាក់ឲ្យអ្នកដឹកឈើ ឬជនរងគ្រោះធ្វើជាសាក្សីវិញ។ លោក ពេញ វិបុល ដែលកាលណោះនៅជាព្រះរាជអាជ្ញា បានចោទអ្នកកាសែតចំនួន ៦នាក់ ជុំវិញរឿងកំហែងយកប្រាក់ចំនួន ៦០០ដុល្លារពីអ្នកបររទេះក្របីដឹកឈើ ប្រព្រឹត្តនៅភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១០។ បច្ចុប្បន្ននៅក្នុងចំណោមអ្នកកាសែតទាំង ៦នាក់នោះ មានម្នាក់ឈ្មោះ ជា ខេន បានស្លាប់ដោយសារជំងឺក្រោយពីទទួលបានដីកាកោះហៅទៅចូលរួមជំនុំ ជម្រះរឿងក្ដីពីតុលាការ។មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទទាំង ៥នាក់ លោក ឈឹមច័ន្ទ សត្យានន្ទ ថ្លែងសាទរចំពោះសេចក្ដីសម្រេចរបស់ចៅក្រមនាពេលនេះ ដោយលោកមានជំនឿថា កូនក្ដីរបស់លោកនឹងត្រូវរួចផុតពីការចោទប្រកាន់ តាំងពីសវនាការសួរដេញដោលមកម្ល៉េះ ពីព្រោះគ្រប់ភស្តុតាងដាក់បន្ទុកលើកូនក្ដីរបស់លោក គឺមានភាពស្រពេចស្រពិលទាំងអស់៖ «ថ្ងៃនេះសាលាដំបូងខេត្ត កំពង់ឆ្នាំង បានផ្ដល់នូវភាពយុត្តិធម៌ជូនកូនក្ដីរបស់ខ្ញុំបាទទាំង ៦នាក់។ អ៊ីចឹងការចោទប្រកាន់កន្លងមក មិនមែនជាការពិតទេ ដូចលោកចៅក្រមជំនុំជម្រះគាត់បានអានខ្លឹមសារ នៃសាលក្រមអំបាញ់មិញអ៊ីចឹង ភស្តុតាងទាំងឡាយដែលដាក់បន្ទុក គឺស្ថិតនៅលើវិមតិសង្ស័យ ហើយចំណុចវិមតិសង្ស័យនេះ ដូចខ្ញុំបានលើកឡើងរួចមកហើយ តាំងពីសវនាការដេញដោល»។ភ្នាក់ងារកាសែតដើមអម្ពិល លោក ចាន់ ធី ថ្លែងកោតសរសើរចំពោះតុលាការ ក្នុងការផ្ដល់យុត្តិធម៌ដល់ខ្លួន និងករណីមួយចំនួនទៀត បន្ទាប់ពីមានការផ្លាស់ប្ដូរចៅក្រម ឬព្រះរាជអាជ្ញាអាណត្តិថ្មីនេះ។ លោកពុំមានគម្រោងប្ដឹងសាទុក្ខលើករណីនេះឡើយ ប៉ុន្តែលោកថានៅតែបន្តសកម្មភាពយកព័ត៌មានដូចដើម ត្បិតលោកចាត់ទុកការចោទប្រកាន់កន្លងមកនេះ គឺជាការគំរាមកំហែងដល់រូបលោក និងអ្នកកាសែតដទៃទៀត៖ «ក្នុងរឿង ក្ដីនោះ គឺថាពួកខ្ញុំអត់បានមនោសញ្ចេតនាជាមួយជនរងគ្រោះទេ គឺប្រមាញ់ព័ត៌មានយកមកចុះផ្សាយតែម្ដង ហើយធ្វើឲ្យប៉ះពាល់ដល់មន្ត្រីនៅក្នុងតុលាការ ជាពិសេសលោកអតីតព្រះរាជអាជ្ញា ពេញ វិបុល ពីមុនមកហ្នឹងឃើញថា គាត់មានការខឹងសម្បាប្ដឹងមកលើពួកយើងខ្ញុំតែម្ដង»។អ្នកយកព័ត៌មានទាំង ៥នាក់ គឺជាភ្នាក់ងារសារព័ត៌មានចំនួន ៥ស្ថាប័ន គឺមានកាសែតដើមអម្ពិល ទូរទស្សន៍អប្សរា កាសែតនគរវត្ត កាសែតប្រជាធិបតេយ្យ និងកាសែតថ្ងៃនេះ។ អ្នកទាំង ៥នាក់ អាចប្រឈមនឹងការដាក់ពន្ធនាគារពីពីរឆ្នាំ ដល់ប្រាំឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល ប្រសិនបើតុលាការរកឃើញកំហុសដូចការចោទតាមមាត្រា៣៦៣ នៃក្រមព្រហ្មទណ្ឌ៕ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៤។