• តំណាង​កម្មករ​សហជីព​ស៊ីខា​វឌូ​២​នាក់​នៅ​ព្រៃវែង​ត្រូវបាន​អាជ្ញាធរ​ស្រុក​កំចាយមារ​ចាប់ខ្លួន​

    • ថ្ងៃចេញផ្សាយ ១៧-កញ្ញា-២០១៤

    យ៉ាងហោចណាស់​តំណាង​កម្មករ​មកពី​ស​ហ​ជីព​ស៊ីខា​វឌូ​២​នាក់ ដែល​ដឹកនាំ​ការតវ៉ា​នៅ​រោងចក្រ​មួយ​នៅ​ស្រុក​កំចាយ​មារ ខេត្ត​ព្រៃវែង ត្រូវបាន​ចាប់ខ្លួន​ខណៈ​ពួក​គាត់​បន្ត​ដឹកនាំ​ការតវ៉ា​ជាថ្មី​ម្ដងទៀត​នៅ ថ្ងៃនេះ​។​​មន្ត្រី​សហជីព​ស៊ីខា​វឌូ​ទាំង​ពីរ​នាក់​នោះ គឺ​ម្នាក់​ឈ្មោះ សុ​ត សៀង និង​ម្នាក់​ទៀត​ឈ្មោះ ឃុន សុខុម ជា​មន្ត្រី​ជំនួយ​ផ្នែក​ច្បាប់​នៃ​សហជីព​ស៊ី​ខោ​វ​ឌូ​។​​មន្ត្រី​សហជីព​ស៊ី​ខោ​វ​ឌូ ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន លោក សុ​ត សៀង ប្រាប់​VOD​នៅ​ព្រឹក ថ្ងៃ​ពុធ​នេះ​ថា នៅ​ប្រមាណ​ជា​ម៉ោងជាង​៦​ព្រឹក លោក​និង​មន្ត្រី​សហជីព​ស៊ី​ខោ​វឌូ​ម្នាក់ទៀត បាន​ចុះ​ទៅ​ជួប​កម្មករ​តាម​ការស្នើសុំ​របស់​កម្ម​ករ​ដើម្បី​ពិភាក្សា និង​ជួយ​ដោះស្រាយ​ក្នុង​ការទាមទារ​របស់​កម្មករ ខណៈ​នោះ​អាជ្ញាធរ​ក៏​បាន​ចាប់ខ្លួន​លោក​យក​មក​សាលាស្រុក​។ លោក​យល់ថា​ការចាប់ខ្លួន​របស់​លោក គឺ​អាចពាក់ព័ន្ធ​នឹង​ការធ្វើ​បាតុកម្ម​របស់​ក​ម្មករ នៅ​រោងចក្រ​ត្រេ​ឌី​ង​កំចាយមារ​។​​លោក សុ​ត សៀង បន្ថែម​ថា​ក្រោយពី​ការចាប់ខ្លួន អាជ្ញាធរ​បាន​សាកសួរ​លោក​ពាក់ព័ន្ធ​នឹង​ការធ្វើ​បាតុកម្ម​កន្លងមក​របស់​កម្មករ​។​​ខណៈពេល​នោះ​កម្មករ​ប្រហែលជា​៤០០ ទៅ​៥០០​នាក់ បាន​បិទ​ផ្លូវ​ជាតិ​លេខ​៨ ដែល​ជា​កំណាត់​ផ្លូវ​ខាងមុខ​សាលាស្រុក​កំចាយមារ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​តំណាង​របស់​ខ្លួន​ពីររូប​នេះ​។​​អធិការ​ស្រុក​លោក សៀវ សុខុម បដិសេធ​ថា​វា​មិនមែន​ជា​ការ​ចាប់ខ្លួន​តំណាង​មក​ពី​សហជីព​ស៊ីខា​វឌូ​នោះទេ​។ លោក​ថា​គ្រាន់តែ​ជាការ​នាំខ្លួន​មក​សាកសួរ​តែប៉ុណ្ណោះ​។​VOD មិនអាច​ទាក់ទង​មន្ទីរ​ក្រសួង​ការងារ​ខេត្ត​ព្រៃវែង ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​​ប្រធាន​សហជីព​ស៊ីខា​វឌូ លោក អាត់ ធន់ មានប្រសាសន៍ថា ការចាប់ខ្លួន​មន្ត្រី​របស់​ខ្លួន​គឺជា​ការរំលោភ​សិទ្ធិមនុស្ស ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។​​កម្មករ​ជាង​២០០០​នាក់ នៅ​រោងចក្រ​ត្រេ​ឌី​ង​កំចាយមារ ក្នុង​ខេត្ត​ព្រៃវេង បាន​ធ្វើ​កូដកម្ម​តាំងពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​២៥​ចំណុច ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ លទ្ធផល​ទាំងនោះ​មិនទាន់​ទទួលបាន​តាម​ការទាមទា​រ​របស់​កម្មករ​នៅឡើយ​ទេ​៕ដងស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤។