• អ្នកភូមិ​នៅ​មណ្ឌលគិរី​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​ក្រុមហ៊ុន​សម្បទាន​

    • ថ្ងៃចេញផ្សាយ ១៨-កញ្ញា-២០១៤

    សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ធ្វើ​បាតុកម្ម​តវ៉ា​បន្តទៀត​នៅ​មុខ​សាលាស្រុក​ពេជ្រា​ដា ដោយសារតែ​អាជ្ញាធរ​មិន​ព្រម​ធ្វើ​លិខិត​កំណត់​ពេលវេលា​ជាក់លាក់ ដោះស្រាយ​លក្ខខណ្ឌ​ទាមទារ​របស់​ប្រជាពលរដ្ឋ​។​​សំឡេង​ប្រកែក​តវ៉ា​រវាង​ក្រុមបាតុករ​និង​មន្ត្រី​អាជ្ញាធរ​កើតមាន​ជា ថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​កញ្ញា ខណៈ​ដែល​អ្នក​ភូមិ​ជិត ៣០០​នាក់ បាន​លើកគ្នា​មក​ធ្វើ​បាតុកម្ម​នៅមុខ​បរិវេណ​សាលាស្រុក​ពេជ្រា​ដា​៖ «​ទាមទារ សិទ្ធិ​សម្រាប់​ដើរ​ហើរៗ​ៗ​ៗ​ៗ​។ ទាមទារ​សិទ្ធិ​ដើរ​ហើរ អ្នក​ណា​ចាប់​បងប្អូន​។ ផ្លូវ​យើង​ឲ្យ​លប់​ដើម្បី​ឲ្យ​ប្រជាជន​ធ្វើដំណើរ​បាន​។ អា​ហ្នឹង​ហើយ​យើង​ចង់​បាន​មិនមែន​ចង់​បាន​សន្យា​បបូរមាត់ សន្យា​លាយលក្ខណ៍អក្សរ​។ ធ្វើ​ភ្លាមៗ​បាន​អត់​? អាហ្នឹង​ទាល់តែ​ធ្វើ​មាន​ក្រដាស​ស្នាម​ចរចា​ទាំងអស់គ្នា​»​។​​ចាប់ពី​ម៉ោង​ប្រមាណ​៩ រហូតដល់​ម៉ោង​ជិត ៣​រសៀល មិន​មាន​ដំណោះស្រាយ​ណាមួយ​រវាង​អ្នក​តវ៉ា និង​មន្ត្រី​អាជ្ញាធរ​ស្រុក​បាន​ឯកភាព​នោះទេ​។ ក្រុមអ្នកតវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ស្រុក​ធ្វើ​លិខិតសន្យា​ជាក់លាក់​ពី ការដោះស្រាយ​ការទាមទារ​របស់​ពល​រដ្ឋ​។​​ចំណែក​អភិបាលស្រុក​បាន​ប្រកែក​ថា ការទាមទារ​មួយ​ចំនួន​អាជ្ញាធរ​ស្រុក​បាន​ដោះស្រាយ​រួច​ហើយ ចំណែក​ការទាមទារ​ឲ្យ​ដក​គ្រឿងចក្រ​ក្រុមហ៊ុន​សម្បទាន និង​ដី​សម្បទាន​សង្គមកិច្ច​មិនមែន​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​ស្រុក ក៏ប៉ុន្តែ​អាជ្ញាធរ​ស្រុក​នឹង​រាយការណ៍​ការតវ៉ា​នេះ​ទៅ​អាជ្ញាធរ​ខេត្ត ដោះស្រាយ​បន្ត​៖ «​ខ្ញុំ​បាន​ជម្រាប​ជូន​បងប្អូន​ហើយ ក្រុមហ៊ុន អិល​.​ខេ​.​អិល បាន​សិទ្ធិ​សម្បទាន​ពី​រាជរដ្ឋាភិបាល អ៊ីចឹង​វា​ហួស​សមត្ថភាព​ខ្ញុំ​។ ខ្ញុំ​បាន​ជម្រាប​ជូន​បងប្អូន​ថា ខ្ញុំ​នឹង​គោរព រាយការណ៍​ជូន​ឯកឧត្ដម​អភិបាលខេត្ត​»​។​​កម្លាំង​នគរបាល​និង​អាវុធហត្ថ​ប្រមាណ​ជិត ៣០​នាក់ បាន​ដាក់ពង្រាយ​ឃ្លាំមើល​សុវត្ថិភាព​នៅ​កន្លែង​តវ៉ា ក៏ប៉ុន្តែ​មិន​មាន​បាតុភាព​អហិង្សា​អ្វី​កើតឡើង​ក្នុង​ការប៉ះទង្គិច ពាក្យសម្ដី​ក្នុង​បាតុកម្ម​តវ៉ា​នោះ​ទេ​។ ក្រុមបាតុករ​បដិសេធ​មិន​ចាត់​តំណាង​ចូលជួប​ពិភាក្សា​ក្នុង​ការិយាល័យ អភិបាល​ស្រុក​តាម​ការ​ស្នើ​សុំ​របស់​មន្ត្រី​ស្រុក​នោះឡើយ​។ ពួកគេ​បាន​ក្រាល​ផ្ទាំង​សំពត់​កៅស៊ូ​អង្គុយ​ខ្ទប់​ខ្លោងទ្វារ​ចូល​សាលា ស្រុក​ដើម្បី​ធ្វើការ​តវ៉ា​។​​អ្នក​តវ៉ា​មួយរូប គឺ​លោក ឃុត ចាន់​រ៉ា រៀបរាប់ថា អ្នក​ភូមិ​លែង​ជឿ​លើ​ការសន្យា​ផ្ទាល់មាត់​របស់​មន្ត្រី​ស្រុក​ទៀត​ហើយ ពីព្រោះ​ពាក្យ​ប្ដឹង និង​ការតវ៉ា​ច្រើន​ករណី​មិន​ឃើញ​អាជ្ញាធរ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​៖ «​ឥឡូវ ចង់​ឲ្យ​គាត់​ធានា គាត់​មិន​ព្រម​ធានា​ផង គាត់​ថា​ដោះស្រាយៗ ដល់​ពេល​អ៊ីចឹង​គាត់​មិន​ដោះស្រាយ​។ របាយការណ៍​ស្អី​គាត់​កប់​នៅ​ស្រុក​ទាំងអស់ អត់​មាន​ដល់​ថ្នាក់លើ​ផង​»​។​​កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង ៧​ភូមិ នៅ​ឃុំ​ប៊ូ​ស្រា លើក​គ្នា​ធ្វើ​បាតុកម្ម​នៅមុខ​សាលាឃុំ ទាមទារ​ឲ្យ​អាជ្ញាធ​រដោះ​ស្រាយ​ការរំលោភ​សិទ្ធិ​ដីធ្លី ព្រៃឈើ ធនធានធម្មជាតិ ការប្រើប្រាស់​កងសន្តិសុខ​ក្រុមហ៊ុន​ប្រដាប់អាវុធ​បាញ់​គំរាមកំហែង ពលរដ្ឋ និង​ជីក​ប្រឡាយ​បិទផ្លូវ​ធ្វើដំណើរ​ពលរដ្ឋ​ចូល​ព្រៃ​រក​អនុផល​ព្រៃឈើ រួម​ទាំង​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ដក​គ្រឿងចក្រ និង​បញ្ឈប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​បង្ក​ផលប៉ះពាល់​ប្រជាពលរដ្ឋ​ជាដើម​។​​រហូតមក​ទល់​នឹង​ម៉ោង​ជាង​បី​រសៀល​ថ្ងៃ​ដដែល អភិបាលរង​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អៀង បាន​ចុះ​ដោះស្រាយ​ផ្ទាល់​ជាមួយ​ក្រុម​អ្នក​តវ៉ា​លើ​ការទាមទារ ១២​ចំណុច ក្នុងនោះ​ចំណុច​ទាក់ទិន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ខេត្ត​លោក​បាន​សន្យា ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។ ចំណែក​ការទាមទារ​ទាក់ទិន​សមត្ថកិច្ច​របស់​ថ្នាក់​ជាតិ លោក​បញ្ជាក់ថា នឹង​រាយការណ៍​ទៅ​ថ្នាក់​ជាតិ​ដោះស្រាយ​បន្ត​។​​លោក ស្វាយ សំ​អៀង​៖ «​សំដែង​ការសោកស្ដាយ​ដែល​ក្រុមហ៊ុន​មួយចំនួន​ប្រើ អំពើហិង្សា​លើ​ពលរដ្ឋ​។ ជាគោលការណ៍​យើង​អត់ឲ្យ​ក្រុមហ៊ុន​ណា​ទៅ​ប៉ះពាល់​ប្រជាពលរដ្ឋ ទោះបី​គាត់​ដើរ​រក​អ្វី​នៅក្នុង​ក្រុមហ៊ុន​គាត់​មួយ​ត្រូវ​អនុគ្រោះ​»​។​​យ៉ាងនេះក្តី មកទល់​នឹង​ម៉ោងជាង ៥​រសៀល ក្រុមអ្នកតវ៉ា​ខ្លះ​ទទូរ​សំពត់​កៅស៊ូ​ក្រោម​ដំណក់​ទឹកភ្លៀង បន្ត​បញ្ជាក់​ហេតុផល​ពី​ការរំលោភ​សិទ្ធិ​ជនជាតិដើម​ភាគតិច​ជូន​មន្ត្រី អាជ្ញាធរ​ដោះស្រាយ​។​​រហូត​ម៉ោង​ជិត ៦​យប់ ក្រុមអ្នកតវ៉ា​បាន​រំសាយ​ទៅ​លំនៅឋាន​វិញ ដោយ​មិន​មាន​ដំណោះស្រាយ​អ្វី​ឲ្យ​អ្នកភូមិ​ទទួលយកបាន​។ តាម​ការគ្រោងទុក​អ្នកភូមិ​នឹង​ធ្វើ​បាតុកម្ម​បិទផ្លូវ​តំបន់​ទេសចរណ៍ ទឹកជ្រោះ​ប៊ូ​ស្រា ប្រសិន​ការតវ៉ា​មិន​មាន​លទ្ធផល​៕ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤។​