-
ក្រុមសហជីពកម្មករគ្រោងដាក់ញត្តិតាមបណ្ដាស្ថានទូតនិងតំណាងក្រុមហ៊ុនបញ្ជាទិញខោអាវ
- ថ្ងៃចេញផ្សាយ ១៩-កញ្ញា-២០១៤
សហជីព និងសមាគមតំណាងកម្មករ ទាមទារប្រាក់ឈ្នួលអប្បបរមា ១៧៧ដុល្លារ មានគម្រោងជំរុញឲ្យក្រុមហ៊ុនបញ្ជាទិញទំនិញពីកម្ពុជា ចូលរួមដាក់ការគាបសង្កត់ជួយទាមទារឡើងប្រាក់ខែឲ្យកម្មករ។ក្រុមសហជីព មានជំនឿថា ការចូលរួមរបស់ក្រុមហ៊ុនបញ្ជាទិញ មានប្រសិទ្ធភាពអាចជួយកម្មករបាន។ ការត្រៀមធ្វើសកម្មភាពបន្តនេះ កើតមានក្រោយពីសហជីព និងសមាគមទាំង ១៩ បានប្រកាសបើកយុទ្ធនាការទាមទារប្រាក់ខែ ១៧៧ដុល្លារ កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅ។ក្រុមសហជីព និងសមាគមទាំង ១៩ ដែលទាមទារឡើងប្រាក់ខែគោលកម្មករចំនួន ១៧៧ដុល្លារ មានគម្រោងដាក់ញត្តិតាមបណ្ដាស្ថានទូត និងការិយាល័យតំណាងក្រុមហ៊ុនបញ្ជាទិញខោអាវបរទេសប្រចាំនៅកម្ពុជា។លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ និងជាអ្នករៀបចំមួយរូបក្នុងសកម្មភាពទាមទារ មានប្រសាសន៍នៅថ្ងៃទី១៨ កញ្ញា ឲ្យដឹងថា សកម្មភាពបន្តក្រោយប្រកាសធ្វើយុទ្ធនាការ គឺការជំរុញឲ្យចេញជាលទ្ធផលដូចការទាមទារ៖ «ទី១ មានការដាក់ញត្តិទៅកាន់ការិយាល័យ Branch ដែលនៅស្រុកខ្មែរ រួមទាំងស្ថានទូតមួយចំនួនដែលមានវិនិយោគិនមកពីប្រទេសគាត់ មករកស៊ីស្រុកខ្មែរ ហើយនាំទំនិញពីខ្មែរទៅកាន់ប្រទេសគាត់នោះ។ ទី២ រៀបចំក្រុមការងារទាំងអស់ គ្រោងចុះទៅតាមតំបន់ខេត្តមួយចំនួន ដែលកំពុងរងការរឹតត្បិតសេរីភាពសហជីព ដូចជាមាននៅខេត្តស្វាយរៀង កំពង់សោម កំពង់ឆ្នាំង និងកំពង់ស្ពឺ។ អានេះជាសកម្មភាពយើងប្រុងធ្វើមុនភ្ជុំ»។លោក ប៉ាវ ស៊ីណា ឲ្យដឹងបន្ថែមថា ការទាមទារប្រាក់ឈ្នួលអប្បបរមានេះមានកម្មករប្រមាណ ២០ម៉ឺននាក់ចូលរួម។ លោកមានប្រសាសន៍ថា តួលេខប្រាក់ឈ្នួលអប្បបរមា ១៧៧ដុល្លារ ដែលសហជីព និងសមាគមទាំង១៩ ទាមទារនេះ គឺជាតួលេខគោល ហើយថៅកែរោងចក្រ យល់ព្រមផ្តល់ឲ្យកម្មករតែ ១១០ដុល្លារប៉ុណ្ណោះ និងក្រោយមក ក្រុមសហជីពយល់ព្រមទាមទារត្រឹម ១៥០ដុល្លារ ប៉ុន្តែភាគីក្រុមហ៊ុនម្ចាស់រោងចក្រមិនយល់ព្រមទេ។ទាក់ទងជាមួយសកម្មភាពចាប់ផ្តើមយុទ្ធនាការទាមទារប្រាក់ឈ្នួល ១៧៧ដុល្លារ នេះ លោក ប៉ាវ ស៊ីណា ឲ្យដឹងថា អាជ្ញាធរបានរាយកម្លាំងប៉ូលិសឃ្លាំមើល និងរារាំងនៅខេត្តមួយចំនួនដែរ ប៉ុន្តែគ្មានការប៉ះទង្គិចកើតឡើងទេ។យុទ្ធនាការទាមទារប្រាក់ឈ្នួលអប្បបរមា ១៧៧ដុល្លារ នេះ មានក្រុមសហជីពមួយចំនួនមិនចូលរួមទេ។លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) មានប្រសាសន៍ថា ក្រុមសហជីពលោកមិនចូលរួមសកម្មភាពទាមទារនោះទេ ព្រោះតួលេខ ១៧៧ដុល្លារនោះ សហជីពតំណាងកម្មករដែលចូលរួមចរចាកន្លងមក បានបោះបង់ចោលហើយ និងព្រមព្រៀងគ្នាទាមទារតែ ១៥០ដុល្លារប៉ុណ្ណោះ។ ដូច្នេះ ការប្រើតួលេខទាមទារមិនត្រឹមត្រូវនេះហើយ ដែលក្រុមលោកយល់ថា មិនគោរពពាក្យសន្យាព្រមព្រៀងគ្នាកន្លងមក៖ «បានន័យថា អានេះប្រជាភិថុតិ មិនមែនការពិត យើងយកតួលេខនេះទៅកុហកគេ»។ចំពោះការទាមទារប្រាក់ឈ្នួលអប្បបរមា ១៧៧ដុល្លារនេះ លោក ជាតិ ខេមរា មន្ត្រីជាន់ខ្ពស់សមាគមនិយោជករោងចក្រកាត់ដេរ ហៅកាត់ថា ជីម៉ាក់ (GMAC) មានប្រសាសន៍កាលពីថ្ងៃទី១៧ ថា ជំហររបស់និយោជក គឺគោរពទៅតាមការសម្រេចរបស់ក្រុមប្រឹក្សាការងារត្រីភាគី ដែលមានតំណាងសហជីព តំណាងរដ្ឋាភិបាល និងតំណាងនិយោជក ចូលរួមប្រជុំជាមួយគ្នា ហើយអនុម័តសម្រេចជាមួយគ្នា៖ «ហើយឥឡូវ គាត់ធ្វើសកម្មភាពក្នុងគោលដៅមួយ មុនការពិភាក្សាទាក់ទងប្រាក់ឈ្នួលអប្បបរមា។ តែចំពោះយើង យន្តការអីក៏ដោយ ទោះបីមានការជជែកអីក៏ដោយ ក៏យើងនៅតែដើរតាមយន្តការមួយហៅថា ថ្នាក់ជាតិក្រុមប្រឹក្សាការងារ គឺមានតែយន្តការក្រុមប្រឹក្សាការងារនេះទេ ដែលមានសិទ្ធិសម្រេចលើប្រាក់ឈ្នួលអប្បបរមានេះ»។ក្រុមប្រឹក្សាការងារត្រីភាគី មានគម្រោងកោះប្រជុំពិភាក្សាលើប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី២៦ ខែកញ្ញា ខាងមុខ។កាលពីដើមខែមករា ឆ្នាំ២០១៤ សហជីពកម្មករ បានធ្វើសកម្មភាពទាមទារប្រាក់ឈ្នួលអប្បបរមាចំនួន ១៦០ដុល្លារម្តងហើយ ប៉ុន្តែមិនបានសម្រេចទេ។ មិនតែប៉ុណ្ណោះ ត្រូវទទួលរងការបង្ក្រាបយ៉ាងខ្លាំងពីសំណាក់អាជ្ញាធរទៀតផង។ ចុងក្រោយ មានការសម្រេចផ្តល់ប្រាក់ឈ្នួលអប្បបរមា ឲ្យកម្មករត្រឹមចំនួន ១០០ដុល្លារប៉ុណ្ណោះ៕ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤។