-
តុលាការភ្នំពេញសម្រេចដាក់លោក អាត់ ធន់ ឋិតក្រោមការត្រួតពិនិត្យបន្ថែមទៀត
- ថ្ងៃចេញផ្សាយ ១៩-កញ្ញា-២០១៤
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់មេដឹកនាំសហភាពការងារកម្ពុជា លោក អាត់ ធន់ ឱ្យឋិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការបន្ថែមទៀត បន្ទាប់ពីលោកបានចូលទៅបំភ្លឺនៅចំពោះមុខចៅក្រមនៃស្ថាប័ននេះ នៅព្រឹកថ្ងៃទី១៨ កញ្ញា។ ការចូលខ្លួនរបស់ លោក អាត់ ធន់ គឺតាមដីកាកោះហៅកាលថ្ងៃទី២ កញ្ញា។លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ត្រូវសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ៨ចំណុច និងហាមមិនឱ្យជួបជុំបង្កើតក្រុម និងធ្វើសកម្មភាពនៅកន្លែងសាធារណៈ ដែលនាំឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។លោក អាត់ ធន់ ថ្លែងបន្ទាប់ពីការសាកសួររបស់ចៅក្រមស៊ើបសួរ ជា សុខហៀង ថា សេចក្ដីសម្រេច ៨ចំណុចនេះ គឺជាការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ និងសម្ពាធលើការងាររបស់លោកបន្ថែមទៀត៖ «ដាក់សម្ពាធមកលើខ្ញុំ បន្ថែមទៀត ដោយសារលើកមុនហាមខ្ញុំ ៩ចំណុច ឥឡូវ ៨ចំណុចទៀត។ អ៊ីចឹង ខ្ញុំគិតថា ជីវិតការងារយើងក្នុងនាមជាប្រធានសហជីព យើងត្រូវបានដីកាម្ដងហើយម្ដងទៀត ហាមសិទ្ធិ ហើយបើសិនយើងធ្វើត្រូវបានគេចាប់។ អ៊ីចឹងបានន័យថា សិទ្ធិរបស់យើងត្រូវបានដក ដោយសារអាជ្ញាធររដ្ឋដែលរំលោភទៅលើសិទ្ធិថ្នាក់ដឹកនាំសហជីព ដែលច្បាប់មិនអនុញ្ញាតឱ្យដកសិទ្ធិហ្នឹងទេ»។ក្នុងដីកាសម្រេចនៅព្រឹកថ្ងៃទី១៨ កញ្ញា ចៅក្រមស៊ើបសួរ ជា សុខហៀង សាលាដំបូងរាជធានីភ្នំពេញ ដាក់ លោក អាត់ ធន់ ឱ្យនៅក្រោមការត្រួតពិនិត្យ ៨ចំណុច ដូចជា មិនឱ្យផ្លាស់ប្ដូរលំនៅឋាន ត្រូវឆ្លើយតបការកោះហៅរបស់ចៅក្រមស៊ើបសួរ មិនត្រូវជួបបុគ្គលមួយចំនួន បង្កើតជាក្រុម ធ្វើសកម្មភាពនៅទីសាធារណៈនាំឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ មិនត្រូវទៅកាន់ចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង និងមិនត្រូវជួបកម្មកររោងចក្រនៅទីនោះ ចៀសវាងការកើតមានអំពើហិង្សា ឬហេតុការណ៍ផ្សេងៗ មិនត្រូវបង្កឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈនៅជុំវិញទីធ្លាសាលាដំបូង រាជធានីភ្នំពេញ មិនត្រូវយកអាវុធតាមខ្លួន និងត្រូវបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលសង្កាត់បឹងទំពន់ មួយខែម្ដង។លោកចៅក្រម ជា សុខហៀង សំអាងហេតុថា ការសម្រេចដាក់ជនត្រូវចោទ អាត់ ធន់ ឱ្យជាប់កាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ គឺដើម្បីធានាជនត្រូវចោទមានវត្តមានចំពោះមុខតុលាការ និងដើម្បីចៀសវាងការរាំងស្ទះក្នុងដំណើរនៃនីតិវិធីស៊ើបសួរ។លោក អាត់ ធន់ ថ្លែងថា លោកមិនជំទាស់នឹងដីកានេះទេ ប៉ុន្តែអនុវត្តតែលើអ្វីដែលអនុវត្ត៖ «យើង សូមបញ្ជាក់ថា ចំពោះដីកាហាមមកយើងៗ មិនជំទាស់ទេ។ បានន័យថា អ្វីអនុវត្តបានយើងអនុវត្ត អ្វីអនុវត្តមិនបាន យើងមិនអនុវត្ត។ ប៉ុន្តែ យើងមិនជំទាស់ទៅនឹងដីកាហ្នឹងទេ គ្រាន់តែនៅក្នុងច្បាប់ សិទ្ធិឯកជនរបស់សហជីពយើង គឺមាន។ អ៊ីចឹង ច្បាប់មិនអនុញ្ញាតឱ្យដកទេ។ អ៊ីចឹងនៅក្នុងហ្នឹងក៏យើងបានបញ្ជាក់ដែរ ការងារសហជីពមួយចំនួន បើសិនជាដកសិទ្ធិទាំងអស់អ៊ីចឹង តើយើងធ្វើការយ៉ាងម៉េចបាន ហើយចៅក្រមអម្បាញ់មិញ ក៏បានបញ្ជាក់ដែរថា គេដកតែសិទ្ធិមួយចំនួន ដែលជួបជុំគ្នានៅសាធារណៈ។ ខ្ញុំបានសួរ ចុះខ្ញុំជួបគ្នានៅទីលានប្រជាធិបតេយ្យ ឬក៏ខ្ញុំជួបគ្នានៅកន្លែងសាធារណៈ ប៉ុន្តែមានការឯកភាពពីអាជ្ញាធរយ៉ាងម៉េច? តែគាត់អត់បានឆ្លើយប្រាប់យើងឱ្យច្បាស់នៅកន្លែងហ្នឹងទេ»។សាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ លោក អាត់ ធន់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ការគំរាមកំហែងថា នឹងធ្វើឱ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ និងប្រើមធ្យោបាយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ដែលប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ ក្នុងអំឡុងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។លោក អាត់ ធន់ បញ្ជាក់ថា ការចោទប្រកាន់ទាំងនេះ ត្រូវបានប្ដឹងដោយសមាគមនិយោជក និងអាជ្ញាធរនគរបាល ៣ខណ្ឌ។ លោកបដិសេធទៅនឹងការចោទប្រកាន់ទាំងនេះថា លោកមិនបានបញ្ជាគំរាមកំហែង ឬប្រព្រឹត្តបទល្មើសឧក្រិដ្ឋ បង្កហិង្សា ឬវាយតប់នរណានោះទេ។ ទោះជាយ៉ាងនេះក្ដី លោកឱ្យដឹងថា លោកនៅជាប់បណ្ដឹងជាច្រើនទៀត ទាក់ទងទៅនឹងសកម្មភាពសហជីពរបស់លោក៕ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤។