-
កម្មកររោងចក្រជិត១ពាន់នាក់ហែក្បួនដាក់ញត្តិទៅក្រសួងការងារសុំអន្តរាគមន៍
- ថ្ងៃចេញផ្សាយ ២៨-កញ្ញា-២០១៤
កម្មកររោងចក្រដែលទើបប្តូរឈ្មោះថ្មីពី \"ហ៊ុយ ចៀន\"" ទៅជា \""ចៀន ឡឹ\"" ប្រមាណជិត១ពាន់នាក់ នៅព្រឹកថ្ងៃចន្ទនេះ ដង្ហែក្បួនតវ៉ា និងដាក់ញត្តិទៅក្រសួងការងារ ដើម្បីសុំអន្តរាគមន៍ បន្ទាប់ពីការតវ៉ាកន្លងមកមិនទាន់ទទួលបានដំណោះស្រាយ។ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី ប្រាប់ VOD នៅព្រឹកថ្ងៃចន្ទនេះថា គោលបំណងនៃការដាក់ញត្តិ និងប្រមូលផ្ដុំតវ៉ាមុខក្រសួងការងារព្រឹកននេះ គឺដើម្បីជំរុញឲ្យខាងក្រសួងរកដំណោះស្រាយឲ្យកម្មករ ព្រោះរហូតមកដល់ពេលនេះមិនទាន់មានចំណាត់ការច្បាស់លាស់ណាមួយនៅឡើយទេ។កម្មកររោងចក្រហ៊ុយ ចៀន ដែលប្តូរឈ្មោះទៅជា ជៀន ឡឹ ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ បានធ្វើបាតុកម្មតវ៉ាជាច្រើនលើកចាប់ពីថ្ងៃទី១៥ ខែកញ្ញា មក ដើម្បីទាមទារលក្ខខណ្ឌពីរចំណុច គឺទី១ឲ្យទទួលយកតំណាងកម្មករ លោក ហេង ស៊ីហឿន ឲ្យចូលធ្វើការវិញ និងទី២ទាមទារបើកប្រាក់ឈ្នួលអតីតភាពការងារដល់ពួកគេ ដោយសាររោងចក្របានប្ដូរឈ្មោះពីរោងចក្រ ហ៊ុយ ចៀន ទៅជារោងចក្រ ចៀន ឡឹ។លោក ហ្វា សាលី សំណូមពរដល់ក្រសួងការងារឲ្យរៀបចំការពិភាក្សាគ្នារវាងកម្មករ និងភាគីរោងចក្រដើម្បីរកដំណោះស្រាយសមរម្យណាមួយដល់កម្មករ មិនគួរបណ្ដែតបណ្ដោយឲ្យកម្មករធ្វើបាតុកម្មដ៏រ៉ាំរ៉ៃនោះទេ។អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួ ធ្លាប់មានប្រសាសន៍ប្រាប់VODថា កាលពីថ្ងៃទី១៥ខែកញ្ញា ក្រុមការងាររបស់ក្រសួងធ្លាប់បានចុះផ្ទាល់ដល់ទីតាំងរោងចក្រ ដើម្បីធ្វើការដោះស្រាយបញ្ហានេះ ប៉ុន្តែមិនទទួលបានលទ្ធផល។លោក ហ្វា សាលី ឲ្យដឹងដែរថា កម្មករអាចនឹងបន្តទៅធ្វើការតវ៉ាមុខសាលារាជធានីភ្នំពេញ ចំពោះការចេញដីកាការពារចុះថ្ងៃទី១៩ ខែកញ្ញា ឲ្យកម្មករចូលធ្វើការវិញក្នុងរយៈពេល៤៨ម៉ោង ដែលភាគីរោងចក្របានបិទផ្សាយ។ លោកឲ្យដឹងទៀតថា នៅថ្ងៃស្អែកនេះ កម្មករនឹងធ្វើការហែញត្តិដើម្បីសុំងអន្តរាគមន៍ពីរដ្ឋសភា៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។"