-
ពលរដ្ឋមានទំនាស់ដីធ្លីនៅកំពង់ស្ពឺ មកទាមទាររកដំណោះស្រាយពីធនាគារ ANZ
- ថ្ងៃចេញផ្សាយ ៣០-កញ្ញា-២០១៤
ពលរដ្ឋឃុំអមលាំង ខេត្តកំពង់ស្ពឺប្រមាណ៣០០នាក់ មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនភ្នំពេញស៊ូហ្គ័ររបស់លោក លី យ៉ុងផាត់ នៅថ្ងៃអង្គារនេះធ្វើដំណើរឡើងមករាជធានីភ្នំពេញ ដើម្បីតវ៉ានៅធនាគារ ANZ ឲ្យជួយរកដំណោះស្រាយជូនពួកគាត់ ដោយសារធនាគារនេះធ្លាប់ផ្ដល់ហិរញ្ញប្បទានទៅក្រុមហ៊ុន។បណ្តាញសហគមន៍កសាងសន្តិភាព លោក លីវ សារ៉ុម ឲ្យ VOD ដឹងនៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញានេះថា នៅម៉ោងបីទៀបភ្លឺថ្ងៃនេះ ប្រជាពលរដ្ឋមានបញ្ហាដីធ្លីនៅឃុំអមលាំង បានដឹកកូនជញ្ជូនចៅមកភ្នំពេញ តែត្រូវសមត្ថកិច្ចឃាត់ដំណើរនៅស្រុកថ្ពងត្រង់ចំណុចរទេះភ្លូក ដើម្បីសួរនាំ។លោក លីវ សារ៉ុម បន្តថាក្រោយពីការសួរនាំយ៉ាងយូរ នៅម៉ោងជាង៨ព្រឹក សមត្ថកិច្ចបានអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរបន្តមករាជធានី ភ្នំពេញ។គួររំឭកថា កាលពីពាក់កណ្ដាលខែសីហាឆ្នាំ២០១៤នេះ ពលរដ្ឋមានជម្លោះដីធ្លីនៅឃុំអមលាំងប្រមាណ១០០នាក់ បានឡើងមកតវ៉ានៅធនាគារ ANZ ម្ដងហើយដោយភាគីធនាគារអនុញ្ញាតឲ្យតំណាងពលរដ្ឋ៣នាក់ចូលជួបពិភាក្សា ក្នុងធនាគារ ប៉ុន្តែការពិភាក្សានោះមិនបានទទួលលទ្ធផលអ្វីនោះទេ៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤។