-
ពលរដ្ឋមានបញ្ហាដីធ្លីក្នុងខេត្តស្វាយរៀងហែញត្តិទៅសាលាខេត្តទាមទារការចេញប្លង់កម្មសិទ្ធិ
- ថ្ងៃចេញផ្សាយ ២-តុលា-២០១៤
ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះធ្វើការហែក្បួនដាក់ញត្តិទៅកាន់សាលាខេត្ត និងការិយារបស់អ្នកតំណាងរាស្ត្រខេត្តស្វាយរៀង ដើម្បីស្នើឲ្យស្ថាប័ននេះជួយជំរុញឲ្យមានការចេញប្លង់កម្មសិទ្ធិ ស្របច្បាប់។មន្ត្រីតស៊ូមតិ និងចងក្រងសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ស៊ុម ម៉ាណែត ដែលចូលរួមក្នុងការតវ៉ានេះមានប្រសាសន៍ប្រាប់VODថា ការដើរហែញាតិនៅព្រឹកនេះ ធ្វើឡើងនៅម៉ោងជិត៩ព្រឹកនេះ ដោយផ្តើមដើរចេញពីអង្គការលីកាដូខេត្តស្វាយរៀង ទៅកាន់សាលាខេត្ត។ ក្នុងករណីសាលាខេត្តមិនទទួលញាតិ ប្រជាពលរដ្ឋនឹងបន្តធ្វើការទាមទារនៅសាលាខេត្ត ប៉ុន្តែបើសាលាខេត្តទទួលញាត្តិ ប្រជាពលរដ្ឋនឹងបន្តដាក់ញាតិទៅការិយាល័យរបស់អ្នកតំណាងរាស្ត្រខេត្ត ស្វាយរៀងបន្តទៀត ដើម្បីពន្លឿននូវប្រសិទ្ធភាពដំណោះស្រាយ។លោក ស៊ុម ម៉ាណែត ឲ្យដឹងថាថា កន្លងមកអាជ្ញាធរខេត្តស្វាយរៀង និងក្រុមហ៊ុនឯកជនបានជីកប្រឡាយមួយ ដែលធ្វើឲ្យប៉ះពាល់ដីប្រជាពលរដ្ឋ ដោយមិនផ្តល់សំណងដល់ប្រជាពលរដ្ឋឡើយ ហើយថែមទាំងរំលោភយកដីពួកគាត់ថែមទៀតលើទំហំដីប្រមាណ៣៩ហិចតា។យោងតាមញត្តិចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ ធ្វើដោយក្រុមប្រជាពលរដ្ឋ ដើម្បីដាក់ជូនអភិបាលខេត្តស្វាយរៀង ឲ្យដឹងថា ប្រជាកសិករប្រមាណជា១៥០គ្រួសារ ក្នុងភូមិចេក ភូមិពោនកក និងភូមិសំរោង ក្នុងឃុំឈើទាល ស្រុកស្វាយជ្រុំ កំពុងមានបញ្ហាដីធ្លីមួយកន្លែងនៅជាប់មាត់ប្រឡាយ ដែលប្រជាពលរដ្ឋកាន់កាប់តាំងពីឆ្នាំ១៩៧៩មក ដោយដីនោះត្រូវបានអាជ្ញាធរ និងក្រុមហ៊ុនមួយបានឃុបឃិតគ្នាដើម្បីកាយជាប្រឡាយតាំងពីឆ្នាំ២០១១ ។ញត្តិដដែលនេះបន្តថា ការកាយប្រឡាយនេះបានបង្កឲ្យមានការប៉ះពាល់ដីប្រជាពលរដ្ឋ ហើយមិនមានការផ្តល់សំណងដល់ប្រជាពលរដ្ឋឡើយ ហើយលោកមេឃុំឈើទាល ក្នុងស្រុកស្វាយជ្រុំ មិនបានជួយដោះស្រាយ គឺមិនចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋដែលមានផលប៉ះពាល់ឡើយ។VODមិនទាន់អាចទាក់ទងមេឃុំឈើទាលដើម្បីសុំការបំភ្លឺបានភ្លាមៗនៅឡើយទេ។ញត្តិដដែលបន្ថែមទៀតថា ការមិនវាស់ដី និងមិនចេញប្លង់កម្មសិទ្ធិស្របច្បាប់នេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋ មិនមានដីស្រែចម្ការបង្កបង្កើនផលដំណាំ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋបង្ខំចិត្តធ្វើចំណាកស្រុកទៅកាន់រាជធានី ភ្នំពេញ ប្រទេសថៃ កូរ៉េ ចិន និងម៉ាឡេស៊ីជាដើម។នៅម៉ោងប្រមាណ៩និង៣០នាទី តំណាងប្រជាពលរដ្ឋ៤នាក់ត្រូវបានអនុញ្ញាតិឲ្យចូលទៅក្នុងសាលាខេត្ត ដើម្បីសួរនាំ តែមិនទាន់ដឹងថាបានលទ្ធផលយ៉ាងណានៅឡើយទេ៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤។