-
ជនរងគ្រោះដីធ្លីកម្ពុជាដាក់ពាក្យបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
- ថ្ងៃចេញផ្សាយ ៧-តុលា-២០១៤
មេធាវីអន្តរជាតិតំណាងឲ្យពលរដ្ឋកម្ពុជារងគ្រោះដោយការរំលោភ ដីធ្លី ដាក់ពាក្យបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ឲ្យស៊ើបអង្កេតករណីអ្នកមានអំណាចក្នុងប្រទេសនេះ បណ្ដេញពលរដ្ឋខ្លួនចេញពីលំនៅដ្ឋានទាំងបង្ខំ ថាជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។តាមប្រភពព័ត៌មានរបស់ Channel NewsAsia ពីទីក្រុងឡាអេឲ្យដឹងថា កាលពីថ្ងៃទី៧ ខែតុលា ជនរងគ្រោះដោយសារការរឹបអូសដីធ្លី បានអំពាវនាវឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ស៊ើបអង្កេតការបណ្ដេញពួកគេចេញពីលំនៅដ្ឋានទាំងបង្ខំ។មេធាវីតំណាងឲ្យជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹងទៅតុលាការ ICC លោក Richard Rogers បានថ្លែងឲ្យដឹងនៅថ្ងៃអង្គារនេះថា ពលរដ្ឋកម្ពុជារាប់ពាន់នាក់ បានរងនូវផលប៉ះពាល់ពី “ការវាយប្រហារជាប្រព័ន្ធ និងយ៉ាងទូលំទូលាយប្រឆាំងនឹងជនស៊ីវិល អនុលោមតាមគោលនយោបាយជាតិ” លោកបានថ្លែងបែបនេះ ខណៈលោកដាក់ពាក្យបណ្ដឹងទៅ ICC នៅទីក្រុងឡាអេ។ លោកបន្តថា « មន្ត្រីជាន់ខ្ពស់គណបក្សដឹកនាំរដ្ឋាភិបាលបានរឹបអូសដីធ្លីដោយ ខុសច្បាប់ និងបានប្ដូរទីតាំងដីមានតម្លៃរាប់លានហិកតាពីពលរដ្ឋកម្ពុជា ក្រីក្រ ដើម្បីបើកផ្លូវឲ្យសមាជិកក្នុងបក្សខ្លួន និងក្រុមហ៊ុនវិនិយោគបរទេសធ្វើការអភិវឌ្ឍ»។ក្រុមប្រទេសអ្នកផ្ដល់ជំនួយបានប៉ាន់ប្រមាណថា ពលរដ្ឋកម្ពុជាប្រមាណ ៧៧០ ០០០នាក់ ឬស្មើនឹង៦ នៃពលរដ្ឋសរុបត្រូវបានបណ្ដេញចេញពីលំនៅដ្ឋាន ចាប់តាំងពីឆ្នាំ២០០០មក ហើយនៅរយៈពេល៣ ខែដើមឆ្នាំ២០១៤នេះ មានការបណ្ដេញចេញ២ម៉ឺននាក់បន្ថែមទៀត។ ប្រភពដដែលឲ្យដឹងទៀតថា យ៉ាងហោចណាស់ផ្ទៃដី៤លានហិកតា ស្មើនឹង២២% នៃផ្ទៃដីប្រទេសកម្ពុជា ត្រូវបានរឹបអូសដើម្បីយកទៅអភិវឌ្ឍន៍ដំណាំកៅស៊ូ ឬអំពៅ៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤។