• អ្នកកាសែត​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់មុខ​បាញ់សម្លាប់​នៅ​ខេត្តក្រចេះ​

    • ថ្ងៃចេញផ្សាយ ១៣-តុលា-២០១៤

    ​អ្នកយកព័ត៌មាន​ឲ្យ​កាសែត​ក្នុងស្រុក​មួយរូប ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់សម្លាប់​កាលពី​យប់​ថ្ងៃទី​១១ ឈានចូល ១២ តុលា នៅ​ភូមិ​ទួល​ពន្លៃ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​។ ការស្លាប់​នេះ​បន្ទាប់ពី​អ្នកកាសែត​រូបនោះ និង​មិត្ត​រួមការ​ងារ​ចុះ​ទៅយក​ព័ត៌មាន​ទាក់ទង​ការដឹកឈើ​ប្រណីត​ឆ្លង កាត់​ឃុំ​ឃ្សឹ​ម​។ សមត្ថកិច្ច​បញ្ជាក់ថា ករណីនេះ​ពួកគាត់​កំពុង​ធ្វើ​ស៊ើបអង្កេត​ដោយ​ដឹង​មុខសញ្ញា​ខ្លះៗ​ហើយ​។​​អ្នកយកព័ត៌មាន​ឲ្យ​កាសែត “​ថ្ងៃនេះ​” គឺ​លោក តាំង ទ្រី ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់សម្លាប់ ហើយ​រត់​គេចខ្លួនបាត់​ក្នុងពេល​លោក​ទៅយក​ព័ត៌មាន​ទាក់ទង​ការដឹកឈើ ប្រណីត​ប្រភេទ​ធ្នង់ នាងនួន ដែល​បាន​ដឹក​ពី​ខេត្តមណ្ឌលគិរី ឆ្លងកាត់​ស្រុក​ស្នួល ឆ្ពោះ​មកកាន់​ខេត្តកំពង់ចាម ប្រមាណ​ជាង ២០​រទេះគោ​។​​អ្នកសារព័ត៌មាន​ក្នុងស្រុក​មួយ​ដែល​បានដឹង​ហេតុការណ៍​នេះ សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ ឱ្យដឹងថា ក្រុម​លោក​ប្រមាណ ៥ ទៅ ៦​នាក់ បាន​ចុះ​ទៅយក​ព័ត៌មាន​ទាក់ទង​នឹង​រឿង​ឈើ​ប្រណីត​នេះ ប៉ុន្តែ​នៅពេល​ត្រឡប់មកវិញ​នៅ​ម៉ោង​ប្រមាណ ១២​អធ្រាត្រ ថ្ងៃទី​១១ ឈានចូល​ថ្ងៃទី​១២ តុលា ស្រាប់តែ​រថយន្ត​របស់​លោក តាំង ទ្រី ជាប់ផុង ប៉ុន្តែ​ពួកលោក​មក​មុន​ហួស​ទៅហើយ ក៏​នាំគ្នា​ចូល​សម្រាក​អស់​ទៅ ស្រាប់តែ​ព្រឹក​ឡើង​ដឹងថា លោក តាំង ទ្រី បាន​ស្លាប់​។​​លោក​យល់ថា ការស្លាប់​នេះ គឺពាក់ព័ន្ធ​នឹង​ឈ្មួញ​ឈើ​នោះ​ហើយ ពីព្រោះ​នៅក្បែរ​កន្លែងកើតហេតុ​មាន​បន្សល់ទុក​រថយន្ត​ម៉ាក ឡិច​ស៊ី​ស ៤៧០ (LUXES 470) ពណ៌​ខ្មៅ ហើយ​កន្លងមក​ឈ្មួញ​ឈើ​ក៏​ធ្លាប់បាន​គំរាម​ពួកលោក​ថែមទៀត​ផង​៖ «​កន្លង មក​តែងតែមាន​ដែរ ពាក់ព័ន្ធ​នឹង​ការគំរាមកំហែង​ប្រើពាក្យ​អសុរោះ ការប្រមាថ​ជា​រៀងរហូត ប៉ុន្តែ​គ្រាន់តែ​មិន​ករណី​ដល់​បាញ់ មានតែ​ការប្រមាថ​ថា ប្រយ័ត្ន​ធ្វើ​អ៊ីចេះ ប្រយ័ត្ន​ធ្វើ​អ៊ីចុះ​។ បាទ​! ហើយ​អ្នក​ដែល​ធ្វើ​ហ្នឹង​មានតែ​ឈ្មោះ​ល្បីៗ មានតែ​ពីរ​បី ប៉ុន្មាន​នាក់​ទេ​ល្បីៗ ជើង​ខ្លាំង​។ មាន​មួយទៀត​ឈ្មោះ ហៀ​ង ធ្លាប់ជា​ប៉ូលិស​នៅក្នុង​ទឹកដី​ស្រុក​យើង​នេះ ប៉ុន្តែ​មិនមែន ហ៊ាង អធិការ​ស្រុក​ចិត្រ​បូរី ទេ​! ហៀ​ង ផ្សេង ហើយ​មួយទៀត​ឈ្មោះ រស់ សុទ្ធតែ​អ្នកល្បី​ដែល​ចូលចិត្ត​ប្រើ​កាំភ្លើង​បាញ់បោះ​អ៊ីចឹង​»​។​​លោក​បន្តថា បញ្ហា​នេះហើយ​បានធ្វើឱ្យ​លោក​និង​អ្នកសារព័ត៌មាន​ដទៃ​មានការ​បារម្ភ ចំពោះ​សុវត្ថិភាព​របស់ខ្លួន នៅពេល​ចុះ​យក​ព័ត៌មាន​ទាក់ទង​នឹង​បទល្មើស​ឈើ​ប្រណីត​នោះ រួម​នឹង​ករណី​ខុសច្បាប់​ផ្សេងៗ​ទៀត​។ទាក់ទង​បញ្ហា​នេះ ស្នងការរង​ខេត្តក្រចេះ ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក អ៊ុំ ភី មានប្រសាសន៍ថា ខាង​សមត្ថកិច្ច​កំពុងបើក​ការស៊ើបអង្កេត​ជុំវិញ​ករណីនេះ ដោយ​លោក​បញ្ជាក់ថា មាន​តម្រុយ​ខ្លះៗ​។ លោក​មិនទាន់​អាច​សន្និដ្ឋានថា​យ៉ាងណាទេ ប៉ុន្តែ​វា​អាចពាក់ព័ន្ធ​នឹង​ឈើ​ប្រណីត​នោះ​ហើយ​៖ «​អាហ្នឹង​កុំអាល សន្និដ្ឋាន ព្រោះ​មិនដឹង​យ៉ាងណាទេ គ្រាន់តែ​វា​អាចមាន​។ តែ​យើង​មិនអាច​សន្និដ្ឋាន​ច្បាស់​ថា​វា​អាច​ទាក់ទិន​ទេ​។ ប៉ុន្តែ​មុខសញ្ញា​គេ​កំណត់ គឺ​វា​ប្រកបមុខរបរ​ហ្នឹងហើយ​»​។​​ចំណែក​ខាង​ចាងហ្វាង​កាសែត​ថ្ងៃនេះ និង​ជា​ប្រធាន​សមាគម​សារព័ត៌មាន​ខ្មែរ​ប្រជាធិបតេយ្យ​លោក សុខ សុវណ្ណ មានប្រសាសន៍ថា ខាង​លោក​បានឱ្យ​ភ្នាក់ងារ​លោក​ចុះទៅ​ស៊ើបអង្កេត​ជុំវិញ​បញ្ហា​នេះ​។ លោក​បន្តថា កន្លងមក​អ្នកយកព័ត៌មាន​របស់​លោក​នៅ​ស្រុក​ស្នួល តែង​ត្រូវបាន​ឈ្មួញ​ឈើ​ទាំងនោះ​គំរាមកំហែង​ជាច្រើនលើក​ច្រើនសា ប៉ុន្តែ​អាជ្ញាធរ​មិន​ដែលមាន​វិធានការ​ចំពោះ​ឈ្មួញ​ទាំង​នោះឡើយ​។​​លោក​បដិសេធ​ចំពោះ​ការ​លើកឡើងថា លោក តាំង ទ្រី អាច​ស្លាប់​ដោយមាន​ការចរចា​រឿង​លុយ​នោះ​គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ​៖ «​ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​ដែរ​ថា ការចាប់​ហ្នឹង​ច្រើនតែ​ចាប់​លើ​អ្នកកាសែត​ពីបទ​កំហែង​យក​ពី​អ្នកមាន មុខរបរ​រកស៊ី​ឈើ​ខុសច្បាប់​កន្លងមក យើង​មិនដែល​ឃើញ​សមត្ថកិច្ច​ចាប់បាន​ឈ្មួញ​ឈើ​ទេ​។ អ៊ីចឹង​យើង​ដាក់​ការ​សន្និដ្ឋានថា ការ​ឃាតកម្ម​លើ​ហ្នឹង ខ្ញុំ​ដូចជា​មិន​សង្ឃឹមថា សមត្ថកិច្ច​រកឃើញ​ជ​ន​ដៃដល់​ហ្នឹង​ពិតប្រាកដ​ទេ​។ ប៉ុន្តែ​យើង​ក៏​គិតថា ការ​ស៊ើប​មួយ​ជំហាន​ដំបូង​យើង​ដូច​ជាមាន​វិជ្ជមាន​ជាច្រើន​។ ដែលថា អត្តសញ្ញាណ​របស់​ជន​ប្រព្រឹត្ត​ហ្នុ​ង​ស្ថិតនៅ​ចំណុច​របស់​សមត្ថកិច្ច​»​។​​បើទោះបីជា​លោក​មិនសូវមាន​ជំនឿ​ចំពោះ​សមត្ថកិច្ច​ថា នឹង​អា​ចរកជន​ប្រព្រឹត្ត​ឃើញ​ក៏ដោយ ប៉ុន្តែ​លោក​ក៏បាន​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ស្វែងរក​ជនដៃដល់​ម​ក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕​ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤។