-
សមត្ថកិច្ចចាប់ព្រះសង្ឃមួយអង្គ និងពលរដ្ឋ៣នាក់ក្នុងពេលតវ៉ា
- ថ្ងៃចេញផ្សាយ ១១-វិច្ឆិកា-២០១៤
សមត្ថកិច្ចនៅព្រឹកថ្ងៃអង្គារនេះ ចាប់ខ្លួនស្ត្រី៣នាក់និងព្រះសង្ឃមួយអង្គ ខណៈដែលពួកគេកំពុងតវ៉ាមុខសាលាដំបូងរាជធានីភ្នំពេញទាមទារឲ្យដោះលែង តំណាងរបស់ខ្លួន៧នាក់ដែលត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ។ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ ពីសមត្ថកិច្ច បានព្រមានឲ្យអ្នកតវ៉ារំសាយ បើពុំនោះទេនឹងត្រូវប្រឈមមុខនឹងការចាប់ខ្លួនទ្រង់ទ្រាយធំ។ប្រជាពលរដ្ឋមកពីសហគមន៍បឹងកក់ បុរីកីឡា និងសហគមន៍ឡពាងមានគ្នាជាង៤០នាក់ បានតវ៉ានៅមុខសាលាដំបូង ទាមទារឲ្យតុលាការដោះលែងអ្នកទាំង៧ដោយគ្មានលក្ខខណ្ឌ ដោយសំអាងថា ការតវ៉ាកាលពីម្សិលមិញ គឺគ្រាន់តែស្វែងរកអន្តរាគមន៍ពីអាជ្ញាធរឲ្យជួយរំដោះទឹកស្អុយដែល កំពុងជន់លិចសហគមន៍របស់ខ្លួនប៉ុណ្ណោះ ។សកម្មជនបឹងកក់ អ្នកស្រីបូវ សោភា ដែលស្រែកតវ៉ា បានរិះគន់ថាអាជ្ញាធរ ក៏ដូជាតុលាការថា ធ្វើការមិនយុត្តិធម៌ មិនព្រមដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បែរនាំគ្នាចាប់ប្រជាពលរដ្ឋរងគ្រោះដាក់ពន្ធធានាគារ ខណៈពួកគេទាំងនោះរងគ្រោះដោយសារការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ សាលារាជធានីភ្នំពេញ ចុះថ្ងៃទី១១ ខែវិច្ឆិកា បានចោទករណីតវ៉ារបស់អ្នកមានជម្លោះដីធ្លីនៅតំបន់បឹងកក់នោះថាជា ទង្វើខុសច្បាប់ ដោយសារបិទចរាចរណ៍ បង្ករភាពអសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ។អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា មុននឹងអាជ្ញាធរចាប់ខ្លួនប្រជាពលរដ្ឋទាំងនោះ អាជ្ញាធរបានប្រកាសច្រើនដងហើយ ថាការប្រមូលផ្តុំនាំឲ្យខូចសណ្តាប់ធ្នាប់ និងមានលក្ខណៈខុសច្បាប់ ។ប៉ុន្តែអ្នកសម្របសម្រួលបច្ចេកទេស ឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ដែលតាមដានព្រឹត្តិការណ៍នេះ មានប្រសាសន៍ថា ចំណាត់ការរបស់អាជ្ញាធរមិនមែនជាដំណោះស្រាយទេ តែនឹងបង្ករឲ្យកាន់អាប់មុខមាត់រដ្ឋាភិបាល និងប្រទេសជាតិថែមទៀត ចំពោះការរំលោភសិទ្ធិមនុស្ស ។សមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេតទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា លោក ជា ប៉ូច ដែលចូលរួមឃ្លាំមើលការតវ៉ារបស់ពលរដ្ឋនេះ សន្យាថាលោកនឹងជួយអន្តរាគមន៍ករណីចាប់ខ្លួនសកម្មជនដីធ្លីទាំងនោះ បន្ទាប់ពីសិក្សាតាមផ្លូវច្បាប់រួចរាល់។ កាលពីថ្ងៃចន្ទម្សិលមិញ ស្ត្រីសកម្មជនដីធ្លី៧នាក់នៅសហគមន៍បឹងកក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីពួកគេប្រមាណជាង៥០នាក់ព្យាយាមបិទផ្លូវមុខសាលារាជធានី ភ្នំពេញ ទាមទារឲ្យអាជ្ញាធរអន្តរាគមន៍រំដោះទឹកស្អុយចេញពីភូមិ ៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ(VOD) ចេញផ្សាយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ។