-
អាជ្ញាធរចាប់ព្រះសង្ឃវត្តស្ទឹងមានជ័យពីរអង្គដែលចូលរួមការតវ៉ារបស់ប្រជាពលរដ្ឋ
- ថ្ងៃចេញផ្សាយ ១២-វិច្ឆិកា-២០១៤
អាជ្ញាធររាជធានីភ្នំពេញចាប់ព្រះកាយព្រះសង្ឃពីរអង្គនៅវត្ត ស្ទឹងមានជ័យបន្ថែមទៀត នៅព្រឹកថ្ងៃពុធនេះ ខណៈព្រះសង្ឃអង្គនោះ និមន្តទៅជួបពុទ្ធបរិស័ទ ដែលមានជម្លោះដីធ្លីមកពីខេត្តព្រះវិហារ។តាមថេរដីកា ព្រះតេជគុណ យ៉ាញ់ សឿង ឲ្យVODដឹងថា ព្រះសង្ឃទាំងពីរអង្គនោះ ត្រូវកម្លាំងចម្រុះ ខណ្ឌមានជ័យ ដាក់កម្លាំងពួនស្ទាក់ចាប់ព្រះកាយ នៅពេលនិមន្តមកដល់មុខវត្តសាមគ្គីរង្សី នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ។ព្រះតេជគុណបន្តថា ការចាប់ព្រះកាយព្រះសង្ឃទាំងពីរព្រះអង្គនោះ ចំពេលដែលព្រះអង្គ និមន្តមកចូលរួមឃ្លាំមើល ការចេញតវ៉ាថ្មីជាទៀត របស់ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី មកពីខេត្តព្រះវិហារ ដែលកំពុងស្នាក់នៅវត្តសាមគ្គីរង្សី ។កាលពីថ្ងៃអង្គារម្សិលមិញ កម្លាំងចម្រុះរបស់អាជ្ញាធររាជធានីភ្នំពេញ ក៏បានចាប់ឃុំព្រះកាយព្រះតេជគុណ សឺន ហាយ គង់នៅវត្តស្ទឹងមានជ័យ ផងដែរ នៅពេលព្រះសង្ឃអង្គនោះ និមន្តចូលរួមតវ៉ាទាមទារយុត្តិធម៌ រឿងចាប់ឃុំខ្លួនស្ត្រី នៅតំបន់បឹងកក់ និងធ្លាប់ដុតទង់ជាតិវៀតណាម ប្រឆាំងនឹងការបំភ្លៃប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដីខ្មែរក្រោម។អធិការនគរបាលស្តីទីខណ្ឌមានជ័យលោក ជឹម ស៊ីថា បានច្រានចោលការចាប់ខ្លួននេះ ដោយអះអាងលោកអត់បានទទួលព័ត៌មានពីការចាប់ឃាត់ព្រះកាយព្រះសង្ឃទាំង ពីរអង្គនោះទេ។ចំណែក អភិបាលរងខណ្ឌមានជ័យលោក ហៀក ចាន់លាង អះអាងថាលោកមិនបាននៅកន្លែងកើតហេតុនៃការចាប់ព្រះកាយព្រះសង្ឃទេ ប៉ុន្តែលោកថា តាមព័ត៌មានពីមន្ត្រីក្រោមឱវាទ ថាបានរកឃើញឧប្បករណ៍ មួយចំនួនដែលអាចបង្គឲ្យមានហិង្សា ដែលសមត្ថកិច្ចរកឃើញមុន ឃាត់ព្រះកាយ។ជម្លោះដីធ្លីនៅខេត្តព្រះវិហារត្រូវអ្នកក្រុមអ្នកតវ៉ា អះអាងថា កាលពីដើមឆ្នាំ២០១២ លោក សួស យ៉ារ៉ា ជាក្មួយលោក សុខ អាន និងបច្ចុប្បន្នជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានប្រើកងកម្លាំងប្រដាប់អាវុធ ឈូសឆាយផ្ទះរបស់ពលរដ្ឋ២៥៣គ្រួសារ វត្តអារាម សាលារៀន នៅភូមិឫស្សី ឃុំកន្ទួត ស្រុកជាំក្សាន្ត ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ចំណែកការសុំកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ រួមទាំងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីផងគ្មានការឆ្លើយតបជាវិជ្ជមាន ។មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅសមាគមអាដហុកលោក ចាន់ សុវេត ដែលតាមដានករណីនេះ អះអាងថា កាចោទប្រកាន់ របស់អាជ្ញាធរគ្រាន់តែជាលេស ដើម្បីគំរាមកំហែងសេរី ភាពបញ្ចេញមតិ ដែលខ្លួនអសមត្ថភាពមិនអាចដោះស្រាយបាន។ លោកយល់ថា វិធានការនេះ ជាអំពើអនុស្សធម៌និងគួរឲ្យខ្មាសអៀន សម្រាប់ប្រទេសដែលអះអាងថាប្រកាន់លទ្ធិប្រជាធិបតេយ្យ។យ៉ាងណាក៏ដោយអ្នកតវ៉ាដែលឡើងមកស្នាក់នៅវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ បានលុបចោលគម្រោងដើរហែក្បួន ដើម្បីទាមទាររកយុត្តិធម៌ពីស្ថាប័នពាក់ព័ន្ធនៅថ្ងៃទី១២ខែ វិច្ឆិកានេះ ដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ពេលឃើញចាប់ព្រះកាយព្រះសង្ឃ និងមានកម្លាំងចម្រុះដាក់ឡោមព័ទ្ធបរិវេណវត្តអារាម។ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ(VOD)ចេញផ្សាយថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ។