• កម្មករ​រោងចក្រ​នៅ​វិហារ​សួគ៌​រងរបួស​៥​នាក់​ដោយ​ការបង្ក្រាប​ពី​សន្តិសុខ​សេ​វិ​ន​អី​ន​ជី​

    • ថ្ងៃចេញផ្សាយ ២៥-វិច្ឆិកា-២០១៤

    ​កម្មករ​រោងចក្រ​កាត់ដេរ​អ៊ី​ន​ឌូ​ចិន​អាប់​ភើ​រៀល (Indochine Apparel) ៥ នាក់​រងរបួស ក្នុងនោះ​២​នាក់ របួសធ្ងន់ ដោយសារ ក្រុម​សន្តិសុខ បង្ក្រាប​បាតុកម្ម​របស់​កម្មករ​ដែល​ទាមទារ​សុំ​ដំឡើង​លុយ​បាយ នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា​។​​កម្មការិនី កើត ស្រស់ រងរបួស​ដៃ​ធ្ងន់ និង​កម្មការិនី ហួត គឹម​អៀង របួសធ្ងន់​ក្បាលជង្គង់ ឲ្យ​ដឹងថា កម្មករ​កំពុង​តវ៉ា ស្រាប់តែ​ក្រុម​សន្តិសុខ​ក្រុមហ៊ុន សេ​វិ​ន​អិន​ជី (7NG ) ជិះឡាន និង​ម៉ូតូ ច្រើន​គ្រឿង​មក​វាយតប់​កម្មករ ហើយ​បោក​ឧបករណ៍ បំពង​សំឡេង​ខូច​ខ្ទេចខ្ទី​។ ពួកគាត់​ការពារ​ឧបករណ៍ ក៏ត្រូវ​ក្រុម​សន្តិសុខ​នោះ វាយ​និង​ទម្លាក់​អាគុយ​លើ​ជង្គង់ មិនអាច​ដើរ​រួច​៖ «​វា​ដាល់​មុខ​ខ្ញុំ ប៉ុន្តែ​អត់​ត្រូវ​មុខ​ទេ ត្រូវ​ជង្គង់​។ ត្រូវចំ​ក្បាលជង្គង់​អត់​បែក​ទេ តែ​វា​ហើម​ដើរ​មិន​រួច ដល់ពេល​អីចឹង​ទៅ គេ​ក៏​ទម្លាក់​អាគុយ​៥០ មកលើ​ជើង ចំ​ជង្គង់ កន្លែង​គេ​ដាល់​នឹង​ទៀត ដល់ពេល​អីចឹង ធ្វើ​ឲ្យ​ខ្ញុំ​ដើរ​អត់​រួច​»​។​​តំណាង​សម្ព័ន្ធ​សហជីព​សាមគ្គីភាព​ការងារ​កម្ពុជា លោក ឆឹ​ម សុ​ឃី ឲ្យ​ដឹងថា ក្នុង​ការប្រើ​ហិង្សា​នោះ មានកម្ម​ក​ប្រុស​ស្រី​របួស​៥​នាក់ ក្នុងនោះ​កម្មការិនី​២​នាក់​របួសធ្ងន់​។ លោ​កថា​សហជីព​យើង នឹងដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​សេ​វិ​ន​អិន​ជី ពី​សកម្មភាព​បង្ក​ហិង្សា​លើក​ម្មករ ប៉ុន្តែ​ថៅកែ​រោងចក្រ​សន្យា​ដោះស្រាយ​បញ្ហា​ហិង្សា​នេះ​។​​កាលពី​ថ្ងៃ​២០​ខែវិច្ឆិកា កម្មករ​រោងចក្រ​កាត់ដេរ អិនឌូចិន អាប់​ភើ​រៀល បាន​តវ៉ា​សុំ​ដំឡើង​លុយ​បាយ និង​សុំ​កុងត្រា​ការងារ​មាន​រយៈពេល​ស្មើគ្នា រវាង​កម្មករ​ស្រី និង​កម្មករ​ប្រុស​ជាដើម​។ តែ​លោក សុខា ប្រធាន​រដ្ឋបាល រោងចក្រ​នោះ​បំភ្លឺថា ថៅកែ​មិនមាន​លទ្ធភាព ដំឡើង​លុយ​ឲ្យ​តាម​ការទាមទារ នោះទេ​។​​កម្មករ​ឲ្យ​ដឹងថា ពួកគេ​ជាង​១​ពាន់​នាក់ តវ៉ា​ចាប់ពី​ថ្ងៃទី ២០ មកដល់​ថ្ងៃទី ២៥ វិច្ឆិកា ទើប​មាន​ហិង្សា ដោយសារ​រោងចក្រ​នេះ បាន​ជួល​ដី​ក្រុមហ៊ុន​សេ​វិ​ន​អិន​ជី ធ្វើ​រោងចក្រ នៅ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​៕ដកស្រង់ចេញពី​ វិទ្យុអាស៊ីសេរី(RFA) ចេញផ្សាយថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ។