-
តុលាការកោះហៅព្រះសង្ឃចូលបំភ្លឺ ដោយមិនទាន់បានផ្សឹក
- ថ្ងៃចេញផ្សាយ ១៧-ធ្នូ-២០១៤
ព្រះសង្ឃមួយអង្គដែលចូលរួមយ៉ាងសកម្មជំរុញឲ្យមានយុត្តិធម៌សង្គម ត្រូវបានតុលាការកោះហៅឲ្យចូល បំភ្លឺដោយមិនបានផ្សឹកជាមុន ខណៈដែលអ្នកជំនាញផ្នែកពុទ្ធសាសនាចាត់ទុកថា នេះជាការរំលោភលើច្បាប់សាសនា ។ព្រះតេជគុណ កែវ សុម៉ាលី គង់នៅកុដិលេខ៦ វត្តនាគវ័ន រាជធានីភ្នំពេញ ប្រាប់ VOD ថាព្រះអង្គនឹងចូលបំភ្លឺតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូនេះ បើទោះជាព្រះអង្គយល់ថា ការកោះហៅនេះវាខុសច្បាប់ព្រះពុទ្ធសាសនាក៏ដោយ ។ ព្រះអង្គមានសង្ឃដីកាថា «សម្រាប់អាត្មាយល់ឃើញថា វាជារឿងខុសច្បាប់យ៉ាងធ្ងន់ធ្ងរ សម្រាប់តុលាការខ្មែរយើងដែលជាប្រវត្តិសាស្ត្រហើយ ដែលកោះហៅព្រះសង្ឃចូលសវនាការ ដើម្បីបកស្រាយបំភ្លឺ ព្រោះថា ទាក់ទងនឹងស្ថាប័នរបស់រដ្ឋយើង យើងឃើញមានស្ថាប័នសាសនា ព្រះមហាក្សត្រ និងស្ថាប័នរដ្ឋ ។ស្ថាប័នសាសនា វាមាននីតិវិធីរបស់សាសនា យើងធ្វើ ហើយបានចាត់ចូលវិធានការរដ្ឋ ហើយប្រសិនតុលាការខ្មែរ កោះហៅព្រះសង្ឃឲ្យចូលបំភ្លឺតុលាការ អ៊ីចឹងវាខុសច្បាប់ព្រះពុទ្ធសាសនាបាត់ហើយ» ។ព្រះតេជគុណ កែវ សុម៉ាលី យល់ថាការកោះហៅនេះគ្រាន់តែជាការដាក់គំនាបឲ្យកុំឲ្យព្រះអង្គចូលរួម សកម្មភាពតវ៉ានានាប៉ុណ្ណោះ តែព្រះអង្គបញ្ជាក់ថាមិនអាចបំបាក់ស្មារតីព្រះអង្គបានឡើយ ។ព្រះគ្រូនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ តេជគុណ វង់ សុភ័ស ធ្លាប់មានសង្ឃដីកាថា តាមព្រះពុទ្ធសាសនា ព្រះសង្ឃមិនត្រូវបានតុលាការកោះហៅទេ ដោយសារព្រះសង្ឃជាភេទមួយដែលមានអភ័យឯកសិទ្ធិ និងប្រជាពលរដ្ឋនាំគ្នាគោរព ។ ព្រះតេជគុណយល់ថាការកោះហៅនេះ អាចប៉ះពាល់ដលតម្លៃព្រះពុទ្ធសាសនាដែលកម្ពុជាយកព្រះពុទ្ធសាសនាជា សាសនារបស់រដ្ឋ ។ព្រះអង្គបន្តថា «តាមយោបល់អាត្មា ឧបមាថា ប្រសិនបើបុគ្គលហ្នឹងគាត់ធ្វើខុសមែន នេះអាត្មាឧទាហរណ៍ បើធ្វើខុសមែនក៏គួរតែបញ្ជូនខ្លួនបុគ្គលនោះមកខាងមន្ត្រីសង្ឃ ខាងវិន័យធម៌ ខាងព្រះសង្ឃនាយក ឬក៏ខាងធម្មការហ្នឹងឲ្យលោកជំនុំជម្រះកាត់សេចក្តីសិន មិនត្រូវខាងតុលាការ ខាងផ្លូវរដ្ឋហ្នឹងយកខ្លួនលោកទាំងភេទព្រះសង្ឃអ៊ីចឹង យកទៅដាក់ទោសទេ» ។VOD មិនអាចសុំការអត្ថាធិប្បាយពីរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន បាននៅឡើយទេ ។ ចំណែកអ្នកនាំពាក្យក្រសួងនេះ លោក សេង សុមុន្នី ប្រាប់ថាជាប់រវល់ ។សាលាដំបូងក៏ធ្លាប់កោះហៅតេជគុណ លួន សុវ៉ាត ដែលជាម្ចាស់ពានរង្វាន់ផ្នែកសិទ្ធិមនុស្សអន្តរជាតិទៅចូលបំភ្លឺ ក្នុងភេទជាសង្ឃដែរ ប៉ុន្តែបានបង្គាប់ឲ្យព្រះអង្គរង់ចាំទទួលបទចោទថ្មីវិញ ដោយសារខុសបច្ចេកទេសព្រោះតែមិនបានបំបែកសំណុំរឿង ។សាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យព្រះតេជគុណ កែវ សុម៉ាលី ចូលបំឆ្លើយភ្លឺពីបទប្រព្រឹត្តហិង្សាដោយចេតនាទៅលើព្រះសង្ឃ ឡុង ឆេងហ៊ី ប៉ុន្តែព្រះសង្ឃកែវ សុម៉ាលី អះអាងថាការចោទប្រកាន់នេះគ្រាន់តែជាលេសមួយ ដើម្បីឲ្យព្រះអង្គបញ្ឈប់សកម្មភាពចូលរួមតវ៉ាជាមួយសកម្មជនដីធ្លី ដើម្បីរកយុត្តិធម៌ ៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ(VOD) ចេញផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤។