• អ្នកភូមិ​បឹង​ប្រាំ​បាត់ដំបង​ព្រមាន​ឡើង​តវ៉ា​ដល់ផ្ទះ​នាយករដ្ឋមន្ត្រី​

    • ថ្ងៃចេញផ្សាយ ២៦-ធ្នូ-២០១៤

    អ្នកមាន​ជម្លោះដីធ្លី​ជិត​១០០​នាក់ នៅ​ស្រុក​ប​វេ​ល ខេត្ដ​បាត់ដំបង ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ភូមិ​ធ្វើ​ពិធីបួងសួង​បែប​ព្រះពុទ្ធសាសនា ដើម្បី​បន់ស្រន់​បារមី​វត្ថុ​ស័ក្ដិសិទ្ធិ ជួយ​បន្ទន់​ចិ​ត្ដ​រដ្ឋាភិបាល និង​មន្ដ្រី​ពាក់ព័ន្ធ​ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​ពួកគេ​ឲ្យ​បាន​ឆាប់ ។​​តំណាង​ពលរដ្ឋ​នៅ​ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល លោក ឆាន់ មុន្នី ប្រាប់ VOD ថា ដីធ្លី​ពលរដ្ឋ​ជាង​១០០០​ហិកតា ដែល​អ្នកភូមិ​អាស្រ័យ​ផល​ក្រោយ​សម័យ​ធ្វើ​សមាហរណកម្ម ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​គ្នា លួច​លក់​ឲ្យ​ក្រុម​ឈ្មួញ​ជា​បន្ដបន្ទាប់ ហើយ​មិនទាន់​ត្រូវបាន​ដោះស្រាយ​នៅឡើយ ។លោក​បន្ដថា កាលពី​ចុងខែ​វិច្ឆិកា​កន្លងមក​ថ្មី​នេះ លោក ឈាង វុន តំណាងរាស្ដ្រ​គណបក្ស​ប្រជាជន​បាន​បញ្ជា​ឲ្យ​អភិបាលខេត្ដ​ធ្វើ​ប័ណ្ណ​កម្ម សិទ្ធិ​ឲ្យ​ពលរដ្ឋ ប៉ុន្ដែ​មិនមាន​ដំណោះស្រាយ ដូច្នេះ​ទើប​ពួកគាត់​ធ្វើ​ពិធីបួងសួង ដើម្បី​ឲ្យ​បារមី​វត្ថុ​ស័ក្ដិសិទ្ធិ ជួយ​បន្ទន់​ចិ​ត្ដម​ន្ដ្រី​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​ពួកគេ ឲ្យ​បាន​ឆាប់ ។​​លោក ឆាន់ មុន្នី ព្រមាន​ថាបើ​សិន​អាជ្ញាធរ​ខេត្ដ​នៅតែ​មិន​ដោះស្រាយ​ទៀត​នោះ ពួកគេ​នឹង​ឡើងទៅ​តវ៉ា​ដល់ផ្ទះ​លោកនាយក​រដ្ឋមន្ដ្រី ។​​តំណាង​ប្រជាពលរដ្ឋ​មួយរូប​ទៀត អ្នកស្រី នួន នឿន ឲ្យ​ដឹងថា​ពិធី​បន់ស្រន់​នេះ ក៏មាន​ចេតនា​ឲ្យ​ពលរដ្ឋ​បង្ហាញ​ពី​ទុក្ខលំបាក​ករណី​បាត់បង់​ដីធ្លី​នេះ ផងដែរ ។ អ្នកស្រី​សង្ឃឹមថា បន្ទាប់ពី​ពិធី​បន់ស្រន់​បានបញ្ចប់ អាជ្ញាធរ​នឹង​បាន​យល់ និង​អាចជួយ​ដោះស្រាយ​ជូន​ពួកគេ ។ អ្នកស្រី​ថា ពលរដ្ឋ​ចង់​ឲ្យ​អាជ្ញាធរ​ចុះ​ដោះស្រាយ​ជម្លោះ​ដ៏​រ៉ាំ​រៃ​ឲ្យ​បាន​ឆាប់ តាម​បញ្ជា​តំណាងរាស្ដ្រ​បក្ស​កាន់អំណាច​លោក ឈាង វុន ។​​ករណីនេះ VOD មិនអាច​ទាក់ទង​មេឃុំ បឹង​ប្រាំ លោក ឈា នី បានទេ ដោយ​លោក​ប្រាប់ថា ជាប់រវល់ ។​​អភិបាលខេត្ដ​បាត់ដំបង លោក ច័ន្ទ សុផល មានប្រសាសន៍ថា​លោក​បាន​ចុះ​ដោះស្រាយ​ជាច្រើនលើក​មកហើយ តាំងពី​មុនពេល​លោក ឈាង វុន បញ្ជា​ទៅទៀត ។ លោក​បន្ថែមថា​អាជ្ញាធរ​នឹង​ប្រឹងប្រែង​ចុះ​អនុវត្ដ​បន្ដទៀត បន្ទាប់ពី​បញ្ចប់​ការប្រមូល​ផល ។​​អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គកា​លីកាដូ ប្រចាំ​ខេត្ដ​បាត់ដំបង លោក ហេង សាយ​ហុង មានប្រសាសន៍ថា ការធ្វើ​ពិធី​បន់ស្រន់​នេះ ជា​ជម្រើស​មួយ​ដែល​ល្អ​សម្រាប់​អ្នកមាន​ជម្លោះដីធ្លី ដែល​អាច​កាត់បន្ថយ​អំពើ​ហឹ​ង្សា​ផ្សេងៗ ហើយ​អាច​ជំរុញ​ឲ្យ​អាជ្ញាធរ​យក​ចិ​ត្ដ​ទុកដាក់​ដោះស្រាយ​ផងដែរ ។​​ប៉ុន្មាន​ខែ​កន្លងទៅ​ថ្មីៗ​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ឈាង វុន បាន​ស្បថ​នៅ​ចំពោះមុខ​អ្នក​តវ៉ា ដែល​ឡើងមក​ស្នាក់នៅ​វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វា​ថា បើ​លោក​ដោះស្រាយ​បញ្ហាដីធ្លី​នៅ​បឹង​ប្រាំ​មិន​បានទេ ឲ្យ​លោក​ធ្លាក់​នរក​ចុះ ។ ប៉ុន្តែ​តាំងពី​ពេល​លោក​បាន​សន្យា​ស្បថស្បែរ​នោះមក ជម្លោះដីធ្លី​នៅ​បឹង​ប្រាំ នៅតែ​មិនទាន់បាន​ដោះស្រាយ​នៅឡើយ ហើយ​ប្រជាពលរដ្ឋ​នៅតែ​បន្ត​អំពាវនាវ​បន់ស្រន់​រក​ដំណោះស្រាយ​ដដែល ៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចេញផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤។