• ពលរដ្ឋ​នៅ​ព្រះវិហារ​ប្ដឹង​នាយ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​រឿង​បំផ្លាញ​រោង​ការពារ​ព្រៃឈើ

    • ថ្ងៃចេញផ្សាយ ១២-មករា-២០១៥

    ​ក្រុម​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ នៅ​ភូមិ​អូរ​ពោធិ៍ ឃុំ​រមណី នៃ​ស្រុក​រវៀង ខេត្តព្រះវិហារ នាំគ្នា​ឡោមព័ទ្ធ​និង​តាម​ចាប់ខ្លួន​ក្រុម​អ្នក​កាប់​ឈើ​ខុសច្បាប់ ក្នុង​តំបន់​ការពារ​របស់​ពួកគេ​ពេញ ១​ថ្ងៃអាទិត្យ ទី​១១ ខែមករា​។​​នៅក្នុង​ពេលដែល​ប្រជាពលរដ្ឋ​រួមគ្នា​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ ពួកគេ​ក៏​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ចោទប្រកាន់​មន្ត្រី​ដែន​ជម្រក សត្វព្រៃ​ទីនោះ ពីបទ​បំផ្លាញ​ទ្រព្យសម្បត្តិ​សហគមន៍​ផងដែរ​។​​តំណាង​សហគមន៍​ប្រជាពលរដ្ឋ​បឹង​ទន្លេ​ម្រេច នៃ​ស្រុក​រវៀង ខេត្តព្រះវិហារ កំពុង​ទាមទារ​សំណង​ជំងឺ​ជា​ទឹកប្រាក់​ចំនួន ៤១​លាន​រៀល ពី​នាយ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ប្រចាំ​តំបន់​នោះ​។ ការទាមទារ​សំណង​ទឹកប្រាក់​តាមរយៈ​ការ​ប្ដឹងទៅ​តុលាការ បានធ្វើ​ឡើង​បន្ទាប់ពី​សហគមន៍​ចោទប្រកាន់ថា នាយ​ដែនជម្រកសត្វព្រៃ​របស់​ក្រសួងបរិស្ថាន និង​បក្សពួក​មួយចំនួនទៀត បាន​ទៅ​កាប់បំផ្លាញ​ទីស្នាក់ការ​ការពារ​ព្រៃឈើ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បើកដៃ​ឱ្យមាន​បទល្មើស​ព្រៃឈើ​ដោយ​មិន​បង្ក្រាប​។​​តំណាង​សហគមន៍​ម្នាក់​ក្នុងចំណោម ៣​រូប​ផ្សេងទៀត គឺ​លោក ហួន គា​ណូ​។ លោក​អះអាងថា សហគមន៍​បានដាក់​ពាក្យ​ប្ដឹងទៅ​តុលាការខេត្ត​ព្រះវិហារ ប្រឆាំងនឹង​មន្ត្រី​បរិស្ថាន​នៃ​ដែនជម្រកសត្វព្រៃ​រួចហើយ​កាលពី ៣​ថ្ងៃមុន​។ លោក​ចោទប្រកាន់​នាយ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ឈ្មោះ ហ៊ុយ សុគន្ធ និង​បក្សពួក​មួយចំនួនទៀត ថា​បានធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​នូវ​ទ្រព្យសម្បត្តិ​សហគមន៍​ដែល​ការពារ ព្រៃឈើ​៖ «​មិន​សុខចិត្ត​ទេ ព្រោះ​សហគមន៍​ខំ​សាងសង់​សម្រាប់​ការពារ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ប៉ុន្តែ​មន្ត្រី​បរិស្ថាន​ទៅ​បំផ្លិចបំផ្លាញ​។ ខ្ញុំ​ទាមទារ​សំណង​ជំងឺ​ចិត្ត ៤១​លាន​រៀល​ថ្លៃ​ខូចខាត​»​។​​ពាក្យបណ្ដឹង​របស់​សហ​គម​ន៍​ទន្លេ​ម្រេច ចុះ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៥ បញ្ជាក់ថា កាលពី​ថ្ងៃទី​៥ ខែមករា កន្លងទៅ​ពួកគេ​បាននាំគ្នា​ធ្វើ​ទីស្នាក់ការ​មួយ​ដើម្បី​នៅ​ប្រចាំ​ការពារ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ជន​ចំណាកស្រុក​ដែល​មក​រុករាន​យក​ដី​នៅក្នុង​តំបន់​សហគមន៍ ក៏ប៉ុន្តែ​នៅ​ថ្ងៃទី​៧ ខែមករា ស្រាប់តែ​នាយក​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ប្រចាំ​តំបន់​នោះ បាន​នាំ​កម្លាំង​ជាច្រើន​នាក់​ប្រដាប់​ដោយ​ម៉ាស៊ីន​ផង ទៅ​បង្ខំ​ឱ្យ​សហគមន៍​រុះរើ​ទីស្នាក់ការ​ចេញ​។ នៅពេលដែល​សហគមន៍​មិន​ព្រម​រុះរើ កម្លាំង​របស់​មន្ត្រី​បរិស្ថាន​ក៏​យក​រណារយន្ត​កាត់​បំផ្លាញចោល​តែម្ដង​។ នាយ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ លោក ហ៊ុយ សុគន្ធ បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​សហគមន៍​នោះ ព្រមទាំង​ចាត់ទុកថា ក្រុម​អ្នក​ដែល​ប្ដឹង​រូបលោក​មិនមែនជា​សហគមន៍​ស្របច្បាប់​ទេ​។​​លោក ហ៊ុយ សុគន្ធ បញ្ជាក់ថា កន្លែង​ដែល​មនុស្ស​១​ក្រុម​ប្រមូល​ផ្ដុំគ្នា​សង់​ទីស្នាក់ការ​នោះ គឺជា​ដី​ដែល​សហគមន៍​ស្របច្បាប់​មួយទៀត​បានស្នើ​សុំ​អាជ្ញាធរ​បម្រុង​ទុក សង់សាលា​រៀន មណ្ឌល​សុខភាព និង​វត្ត​អារាម ដូច្នេះហើយ​បានជា​កម្លាំង​របស់លោក​ចុះ​រុះរើ​ចោល​។​​លោក ហ៊ុយ សុគន្ធ ឱ្យដឹងទៀតថា លោក​បានធ្វើ​អ្វីៗ​ទៅតាម​ច្បាប់ ដូចនេះ​លោក​មិន​ព្រួយបារម្ភ​ចំពោះ​ការប្ដឹង​ប្រឆាំងនឹង​រូបលោក​ពេលនេះ ឡើយ​៖ «​គាត់​ហ្នឹង​មិនមែនជា​សហគមន៍​ស្របច្បាប់​ទេ ប្រធាន​សហគមន៍​ក៏​គេ​អត់​យល់​ព្រមឱ្យ​គាត់​ធ្វើ​អនាធិបតេយ្យ​អ៊ីចឹង​ទេ​។ ខ្ញុំ​អត់​ព្រួយបារម្ភ​ទេ ព្រោះ​ខ្ញុំ​អនុវត្ត​ច្បាប់ ធ្វើ​អ្វី​ធ្វើទៅ​តាមច្បាប់​»​។​​ចំណែក​សមាគម​ការពា​រ​សិទ្ធិមនុស្ស​អាដហុក (ADHOC) វិញ បាន​គាំទ្រ​និង​លើកទឹកចិត្ត​ឱ្យ​សហគមន៍​ប្រជាពលរដ្ឋ​ដោះស្រាយ​ជាមួយ មន្ត្រី​បរិស្ថាន​តាមផ្លូវ​ច្បាប់​ក្នុង​រឿងនេះ​។​​អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ យល់ថា​ការប្ដឹង​ផ្ដល់​របស់​ប្រជា​សហគមន៍​នោះ គឺ​ត្រឹមត្រូវ​ទៅតាម​នីតិវិធី ហើយក៏​ជាការ​ប្រើ​សិទ្ធិ​ស្របច្បាប់​ដែលមាន​ចែង​ដែរ​។ លោក ឡោ ចាន់ បញ្ជាក់ថា តាម​ការស៊ើបអង្កេតរ​បស់​លោក​កន្លង​ទៅរក​ឃើញថា នាយក​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ប្រចាំ​តំបន់​អូរ​ពោធិ៍ នៃ​ឃុំ​រមណី ស្រុក​រវៀង គឺ​ពិតជា​បាន​ប្រើ​អំណាច​បំពាន និង​បំផ្លាញ​ទីស្នាក់ការ​របស់​ប្រជា​សហគមន៍​នោះ​មែន​។​​លោក ឡៅ ចាន់​៖ «​យើង​ឃើញថា នាយ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ រួម​និង​បក្សពួក​មួយចំនួនទៀត​គាត់​បាន​យក​ត្រង់​ស៊ី​ន័​រ ទៅ​អារ​ផ្ដួលរំលំ​ទីស្នាក់ការ​របស់​សហគម​ន៍​ឡើង​ខូច​ខ្ទេចខ្ទី​អស់​។ បើសិនជា​មានការ​សាងសង់​លើដី​សហគមន៍ ទោះបី​ខុសត្រូវ​អី ក៏​អាជ្ញាធរ​មិនគួរ​យក​ត្រង់​ស៊ី​ន័​រ ទៅ​បំផ្លិចបំផ្លាញ​ដូច្នេះ​ទេ​»​។​​មន្ត្រី​តុលាការខេត្ត​ព្រះវិហារ មាន​គម្រោង​នឹង​ចាត់ការ​តាមផ្លូវ​ច្បាប់ ជុំវិញ​បណ្ដឹង​របស់​សហគមន៍​ដែល​ប្រឆាំងនឹង​មន្ត្រី​បរិស្ថាន​ដែន​ជម្រក សត្វព្រៃ​នោះ​។​​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រះវិហារ លោក លី លន់ ឱ្យដឹងថា លោក​បានទទួល​ពាក្យបណ្ដឹង​របស់​សហគម​ន៍​បឹង​ទន្លេ​ម្រេច​នោះ ហើយ​កាលពី​ថ្ងៃទី​៨ ខែមករា​។​​លោក​ព្រះរាជអាជ្ញា​បញ្ជាក់ថា តុលាការ​នឹង​កោះហៅ​ទាំង​ដើមបណ្ដឹង និង​ចុងចោទ​មក​សាកសួរ និង​ធ្វើការ​អង្កេត​ជាបឋម​ដើម្បី​រកឱ្យឃើញ​ថា តើ​ខាង​ណា​ខុស​ខាង​ណា​ត្រូវ​។​​ទោះយ៉ាងណា លោក​ព្រះរាជអាជ្ញា​បញ្ជាក់ថា បញ្ហា​ដែល​សហគមន៍​ប្ដឹង​ទាមទារ​សំណង​ជា​ប្រា​ក់ជាង ៤០​លាន​រៀល ពី​នាយក​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​នោះ ប្រសិន​តុលាការ​រកឃើញ​កំហុស​គឺ​ចៅក្រម​ជំនុំជម្រះ​អាច​នឹង​បង្គាប់​ឱ្យ​សង​៖ «​នេះ​វា​ជា​សិទ្ធិ​អ្នក​ដើមបណ្ដឹង​ទេ គាត់​ប្ដឹង​ទារ​ប៉ុន្មាន​ទារ​ទៅ ប៉ុន្តែ​ការសម្រេច​វា​នៅលើ​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ជំនុំជម្រះ​ស្រេច អ្នក​ឱ្យ​»​។​​ទោះយ៉ាងណា ប្រជា​សហគមន៍​បឹង​ទន្លេ​ម្រេច មិនមាន​សង្ឃឹមថា ពួកគេ​អាច​ទទួលបាន​យុត្តិធម៌​ពី​តុលាការ​ក្នុង​រឿង​ប្ដឹង​ប្រឆាំង នាយ​ដែនជម្រកសត្វព្រៃ​នេះ​ទេ ដោយសារ​គេ​អះអាងថា កន្លងទៅ​គេ​ធ្លាប់​ដាក់ពាក្យ​ប្ដឹង​ប្រឆាំង​ក្រុមហ៊ុន ទ្រី ភាព ក្នុង​រឿង​ទំនាស់​ដីធ្លី​ម្ដងមកហើយ ក៏ប៉ុន្តែ​រហូតមក​បច្ចុប្បន្ន សហគមន៍ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី (RFA) ចេញផ្សាយថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ។