• សកម្មជន​សិទ្ធិមនុស្ស​ប្ដេជ្ញា​បន្តការងារ​របស់ខ្លួន​ទោះបីជា​មានការ​គំរាមកំហែង​អាយុជីវិត​

    • ថ្ងៃចេញផ្សាយ ២០-មករា-២០១៥

    សកម្មជន​សិទ្ធិមនុស្ស​របស់​អង្គការ​អាដហុក​ខេត្តរតនគិរី អះអាងថា លោក​នៅតែ​បន្តការងារ​ការពារ​សិទ្ធិមនុស្ស​របស់លោក​នៅ​ក្នុង​ខេត្តរតនគិរី ដដែល ទោះបីជា​មានការ​គំរាមកំហែង​ដល់​អាយុជីវិត​រូបលោក និង​ក្រុមគ្រួសារ​ក្តី នាពេល​ថ្មីៗ​នេះ​ក៏ដោយ ។​​អ្នកសម្របសម្រួល​រប​ស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ខេត្តរតនគិរី លោក ឆាយ ធី បាន​អះអាងថា​កាលពីពេល​ថ្មីៗ​នេះ រូបលោក និង​ក្រុមគ្រួសារ​ត្រូវបាន​គេ​គំរាម​សម្លាប់ តាមរយៈ​ទូរ​ស័ព្ទ និង​បណ្ដាញ​សង្គម ដោយសារតែ​លោក​ធ្វើ​អន្តរាគមន៍​រឿង​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា​ចាប់ពី ខែវិច្ឆិកា​មក ។​​លោក ឆាយ ធី បាន​ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា បន្ទាប់ពី​មានការ​គំរាមកំហែង​ដល់​អាយុជីវិត​លោក និង​ក្រុមគ្រួសារ លោក​បានដាក់​របាយការណ៍​ទៅកាន់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​រាជ​ធានី ភ្នំពេញ និង​ទៅកាន់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​។ លោក​បន្តថា អង្គការសហប្រជាជាតិ និង​សមាគម​អាដហុក បានស្នើ​ឲ្យ​រូបលោក និង​ក្រុមគ្រួសារ​ឡើងមក​ស្នាក់នៅ​បណ្តោះអាសន្ន​នៅក្នុង​រាជធានី​ភ្នំពេញ តែ​លោក​សម្រេចចិត្ត​មិន​មក​ភ្នំពេញ​ទេ គឺ​បន្ត​នៅ​ធ្វើ​ការងារ​របស់លោក​នៅ​ក្នុង​ខេត្តរតនគិរី​ដដែល ។​​កាលពីពេល​ថ្មីៗ​នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែលមាន​ឈ្មោះថា Lum Phatsrok (​ស្រុក​លំផាត់ ក្នុង​ខេត្តរតនគិរី​) បាន​សរសេរ​ពាក្យ​អសុរោះ និង​ជូនពរ​ឆ្នាំ​ថ្មី​ទៅដល់​លោក​ឆាយ ធី ដូចជា​ឲ្យ​កូនលោក ឆាយ ធី គ​ថ្លង់ និង​ក្រុមគ្រួសារ​ស្លាប់​ដោយសារ​រថយន្តបុក​ជាដើម ។​​លោក ឆាយ ធី មិនអាច​បញ្ជាក់បាន​ថា​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​នេះ​ជា​អ្នកណា​នោះទេ តែ​ពាក្យពេចន៍​ដែល​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​នេះ គឺ​មានន័យ​ប្រហាក់ប្រហែលគ្នា​ទៅនឹង​មន្ត្រីជាន់ខ្ពស់​ខេត្ត​មួយរូប​ដែល ធ្លាប់​ឆ្លើយ​ឆ្លងតាម​ទូរ​ស័ព្ទ​ជាមួយ​រូបលោក ។ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ​ត្រូវបាន​លោក ឆាយ ធី ឲ្យ​ដឹងថា បាន​ចងមិត្ត​ជាមួយ​មន្ត្រី​ធំៗ​នៅក្នុង​ខេត្ត ហើយ​បាន​ចងមិត្ត​ជាមួយ​មន្ត្រី​ថ្នាក់ជាតិ​មួយចំនួន​ទៀតផង ។ ​លោក​បន្តថា «​ធ្វើការ​គំរាម​យើង​តាំងពី​ចុងខែ​១១ ដើមខែ​១២ ហើយ​ក្នុង​Account (​គណនេយ្យ​) ហ្វេ​ស​ប៊ុ​ក​ហ្នឹង​មាន​ឈ្មោះថា លំផាត់​ស្រុក (Lum Phatsrok)​សរសេរ​ជា​ភាសា​អង់គ្លេស ដែល​លំផាត់​ស្រុក​ហ្នឹង​យើង​ឃើញ​ការ​គំរាម ការមើល​ងាយ រហូតដល់​ប្រមាថ​ដល់​អាយុជីវិត​ទៀត កន្លងមក ។ ចុង​ក្រោយនេះ​រហូតដល់​ប្រមាថ​ឡាន​បុក​ស្លាប់​អញ្ចឹង​» ។​​ទាក់​ទៅនឹង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​ប្រើ​ឈ្មោះ Lum Phatsrok ត្រូវបាន​អភិបាលស្រុក​លំផាត់ លោក គង់ ស្រ៊ុន យល់ថា​ប្រហែល ជាមាន​ប្រជាពលរដ្ឋ​ណា​នៅក្នុង​ស្រុក​យកឈ្មោះ​នេះ​មក​ប្រើ ។ លោក​ថា ក្នុងស្រុក​លំផាត់​មាន​ប្រជាពលរដ្ឋ​ដែលមាន​ចំណេះដឹង​អាច​ប្រើប្រាស់​ហ្វេ ស​ប៊ុ​ក​ប្រហែល​៥​ទៅ​៧​ពាន់​នាក់ ក្នុងចំណោម​ប្រជាពលរដ្ឋ​សរុប​ជាង​២​ម៉ឺន​នាក់ ។ ​អភិបាលស្រុក​រូបនេះ​ចាត់ទុក​ការគំរាមកំហែង​អាយុ​ជី​វិ​លោក ឆាយ ធី នេះ​ថា​ជា​រឿង​ខុសច្បាប់ ហើយ​លោក​កំពុង​ស្រាវជ្រាវ​អំពី​ករណីនេះ ។ លោក​ថា «​ខ្ញុំ​នឹង​ព្យាយាម​ក្នុងការ​ស្រាវជ្រាវ ខ្ញុំ​ស្អប់ខ្ពើម​ណាស់​ចំពោះ​ជន​ណាមួយ​ដែល​វាយប្រហារ​គេ​...​ចំណុច​ខ្លះ គ្នា​អត់​ដឹង កុំថាឡើយ​លោក ធី ហ្នឹង សូម្បី (​មន្ត្រី​)​មួយចំនួន​ក្នុង​សាលាស្រុក​នេះ ក៏​ត្រូវគេ​ចេះតែ​វាយប្រហារ​អ​ញ្ចេះ អ​ញ្ចុះ ធាតុពិត​ការវាយប្រហារ​នេះ​មិនមែនជា​ការពិត​សោះ​» ។​​ទាក់ទង​ទៅនឹង​ការ​គំរាម​នេះ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ជំនួយ​ផ្នែក​ច្បាប់​របស់​សមាគម​អាដហុក លោក នី ចរិយា មានប្រសាសន៍ថា សមាគម​អាដហុក​បានទទួល​ដំណឹង​នេះហើយ និង​កំពុង​តាមដាន​ទៅលើ​ករណីនេះ តែ​មិនទាន់មាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ណាមួយ​នៅឡើយ​ទេ ។​​លោក​ថា «​ខ្ញុំ​អត់​ទាន់​មាន​វិធានការ​អី​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ទាក់ទង​ទៅ​គាត់ ហើយ​ឲ្យ​គាត់​ធ្វើ​របាយការណ៍​មក​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​មិនទាន់​បានទទួល​អី​ទៀត​ទេ ។ ចាំមើល​បន្តិចទៀត​មើល​ខ្ញុំ​នឹង​ទាក់ទង​ទៅ​គាត់​ទៀត ព្រោះ​គាត់​និយាយ​មកវា​ទាក់ទង​ទៅនឹង​រឿង​ហ្វេ​ស​ប៊ុ​ក​...​រឿង​តាម​ហ្វេ ស​ប៊ុ​កវា​ពិបាក​យកជាការ​» ។​​លោក នី ចរិយា ឲ្យ​ដឹង​ទៀតថា ស​មាគ​អាដហុក​បាន​ត្រៀម​កន្លែង​សម្រាប់​លោក ឆាយ ធី និង​ក្រុមគ្រួសារ​នៅ​ភ្នំពេញ ប៉ុន្តែ​ការសម្រេចចិត្ត​យ៉ាងណា គឺ​លោក ឆាយ ធី ជា​អ្នកសម្រេចចិត្ត​ដោយ​ខ្លូន​លោក​ផ្ទាល់ ។​​តាម​ប្រភពពី​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា ឲ្យ​ដឹងថា ការិយាល័យ​មួយ​នេះ​បានទទួល​របាយការណ៍​របស់លោក​ឆាយ ធី រួចហើយ និង​កំពុងធ្វើការ​ឃ្លាំមើល និង​បន្ត​ទំនាក់ទំនង​ជាមួយ​លោក ឆាយ ធី ដើម្បី​ធ្វើការ​វាយតម្លៃ​អំពី​ការគំរាមកំហែង​នេះ ៕​ដកស្រង់ចេញពី​ វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចេះផ្សាយថ្ងៃទី១៩​ ខែមករា ឆ្នាំ០១៥ ។