• សាលាឧទ្ធរណ៍​លើក​ពេល​ប្រកាស​សាលដីកា​ប្រឆាំង​សកម្មជន​១១​នាក់ ទៅ​ថ្ងៃទី​២៦​ខែមករា​

    • ថ្ងៃចេញផ្សាយ ២៣-មករា-២០១៥

    សាលាឧទ្ធរណ៍​សម្រេច​លើក ពេល​ប្រកាស​សាលដីកា​ប្រឆាំងនឹង​ស្ត្រី​សកម្មជន​ដីធ្លី និង​ព្រះសង្ឃ​១១​នាក់​/​អង្គ ដែល​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​១​ឆ្នាំ ទៅ​ថ្ងៃទី​២៦​ខែមករា ឆ្នាំ​២០១៥ បន្ទាប់ពី​សវនាការ​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ សាលាឧទ្ធរណ៍​បាន​បើកសវនាការ ដើម្បី​ជំនុំជម្រះ​លើ​ករណី​បណ្ដឹងឧទ្ធរណ៍​របស់​ស្ត្រី​សកម្មជន​ដីធ្លី​១០ នាក់ និង​ព្រះសង្ឃ​១​អង្គ ដែល​បាន​ប្ដឹង​ទាស់​ទៅនឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ឲ្យ​ពួកគេ​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់​១​ឆ្នាំ ដោយ​ចោទថា​តវ៉ា​បិទផ្លូវ​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​សាធារណៈ​។​​មន្ត្រី​អង្គការ​លីកាដូ លោក អំ សំអាត ដែល​បាន​តាមដាន​សវនាការ មានប្រសាសន៍ថា​ចៅក្រម​សាលាឧទ្ធរណ៍​បានលើកឡើង​ថា សាលដីកា​ប្រឆាំងនឹង​ស្ត្រី​សកម្មជន​ដីធ្លី​៧​នាក់ នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​២៦ ខែមករា​។ លោក​បន្តថា​តុលាការ​បាន​បន្ត​បើកសវនាការ​លើ​មនុស្ស​៤​នាក់​ផ្សេងទៀត ដែល​ត្រូវ​ចាប់ខ្លួន​ពេល​តវ៉ា​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​កន្លងទៅ​។ បន្ទាប់ពី​សវនាការ ចៅក្រម​ក៏បាន​សម្រេច​ថា​នឹង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​២៦​ខែមករា ឆ្នាំ​២០១៥​ដូចគ្នា​។​​គួរ​រំឭក​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ត្រី​សកម្មជន​ដីធ្លី​៧​នាក់​នៅ​សហគមន៍​បឹងកក់​ត្រូវបាន​ចាប់ខ្លួន ខណៈដែល​ពួកគេ​តវ៉ា និង​ព្យាយាម​បិទផ្លូវ​នៅមុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​មាន​អន្តរាគមន៍​រំដោះ​ទឹកស្អុយ​ចេញពី​ភូមិ​។ ចំណែកឯ​ស្ត្រី​៣​នាក់ និង​ព្រះសង្ឃ​១​អង្គ​ផ្សេងទៀត ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​បន្ទាប់ ខណៈដែល​ពួកគាត់​តវ៉ា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​មានការ​ដោះលែង​សកម្មជន​ដីធ្លី​៧​នាក់​ខាងលើ​។ ស្ត្រី​ទាំង​១០​នាក់ និង​ព្រះសង្ឃ​១​អង្គ​ខាងលើ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បើកសវនាការ​កាត់ទោស​ភ្លាមៗ​នៅ​ថ្ងៃ បន្ទាប់ពី​ការចាប់ខ្លួន និង​បាន​ផ្តន្ទាទោស​ឲ្យ​ពួកគាត់​ជាប់ពន្ធនាគារ​ម្នាក់​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ម្នាក់​២​លាន​រៀល​។​​នៅ​រសៀល​ថ្ងៃ ព្រហស្បតិ៍​នេះ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ លោក សូ​ប៊ែ​ឌី តំណាង​ទូត តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​អង្គការសិទ្ធិមនុស្ស​មួយចំនួន ក៏បាន​ចូលរួម​សង្កេតមើល​សវនាការ​នេះ​ផងដែរ​។ ចំណែក​សកម្មជន​ដីធ្លី និង​ព្រះសង្ឃ​ប្រមាណ​២០០​អង្គ​/​នាក់ បាន​រង់ចាំ​នៅខាងមុខ​សាលាឧទ្ធរណ៍​។​​គួរ​បញ្ជាក់ថា នៅថ្ងៃនេះ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំរុញ​ម្តងទៀត​ឲ្យ​តុលាការ​ពិចារណា​ដោះលែង សកម្មជន​១៩​នាក់ ដែល​រដ្ឋាភិបាល​ចាប់ឃុំខ្លួន ក្នុង​ពន្ធនាគារ​ព្រៃ​ស​នោះ ដោយ​អះអាងថា វិធានការ​ចាប់ខ្លួន​នោះ​ជា​រឿង​នយោបាយ​។ អ្នក​ទាំង​១៩​នាក់​នោះ មាន​១១​នាក់​ដែល​ត្រូវបាន​តុលាការ​បើកសវនាការ​នៅថ្ងៃនេះ ពាក់ព័ន្ធ​នឹង​បណ្តឹងឧទ្ធរណ៍​របស់​ពួក​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ​ (VOD) ចេញផ្សាយថ្ងៃទី២២​ ខែមករា ឆ្នាំ២០១៥ ។